អូស្ត្រាលីមានមោទនភាពក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹងការគ្រប់គ្រងធនធានទឹក និងលទ្ធភាពទទួលបានទឹកស្អាត។ កាលពីពេលថ្មីៗនេះ យើងបានអញ្ជើញប្រតិភូកម្ពុជាចំនួន ១៤ នាក់ ចូលរួមវេទិកាទឹកពិភពលោកលើកទី ១០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។
គណៈប្រតិភូដែលអញ្ជើញចូលរួម តំណាងឱ្យស្ថាប័នរាជរដ្ឋាភិបាលសំខាន់ៗ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) និងប្រតិបត្តិករទឹក ហើយបានជួបផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ជាមួយអ្នកជំនាញក្នុងវិស័យទឹកក្នុងតំបន់ ដូចជា មន្ត្រីជំនាញមកពីឥណ្ឌូនេស៊ី ព្រមទាំងជួបជាមួយមន្ត្រីជំនាញពីប្រទេសកេនយ៉ា ពិភាក្សាពីភាពជោគជ័យលើគម្រោង Water Sector Trust Fund របស់ពួកគេ។
ការចូលរួមក្នុងវេទិកានេះ នឹងជួយដល់ការអភិវឌ្ឍមូលនិធិអភិវឌ្ឍន៍ទឹកស្អាតកម្ពុជាដែលអូស្ត្រាលីកំពុងគាំទ្រ។ មូលនិធិនេះ មានគោលបំណងបង្កើនការផ្គត់ផ្គង់ទឹកស្អាតនៅតាមទីជនបទ ជាពិសេសសម្រាប់ស្ត្រី និងជនមានពិការភាព។ (CAPRED)
