ស៊ីម៉ាក់រកឃើញ គ្រាប់បែក MK-82 ពីយន្តហោះ F-16 របស់ថៃផលិតនៅឆ្នាំ ២០២៣ និងមានប្រព័ន្ធនាំផ្លូវ The GBU-12 Payway II ផលិតនៅអ៊ីស្រាអែល

កម្លាំងអង្គភាពស៊ីម៉ាក់ រកឃើញភស្តុតាងថ្មីដែលអាចបញ្ជាក់ច្បាស់ថា ទីតាំងអារាមនេះត្រូវបានពួកទ័ពអាកាសសៀមប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-82។

នៅក្នុងការស្រាវជ្រាវនៅថ្ងៃទី២ សីហានេះ ស៊ីម៉ាក់រកឃើញគ្រាប់បែកពីរគ្រាប់ នៅវត្តមាន់សែនជ័យ ភូមិតាហាំ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
គ្រាប់បែក MK-82 នេះ មានទម្ងន់ប្រមាណ២៥០គីឡូក្រាម ហើយជាការបំពាក់បន្ថែមនូវឧបករណ៍នាំផ្លូវជំនាន់ថ្មីផលិតមកពីប្រទេសអ៊ីស្រាអ៊ែលដែលមានឈ្មោះថា The GBU-12 Payway II។
ស៊ីម៉ាក់បញ្ជាក់ថា គ្រាប់បែកទម្លាក់មានចំនួន ២គ្រាប់ ផលិតនៅខែមករា ឆ្នាំ២០២៣ ដែលមានលេខស៊េរី Serial No. 22002788 និង Serial No. 22002794។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ថ្លែងថា៖ «រង់ចាំមើលការភូតភូរកុហុកបោកប្រាស់មតិសាធារណៈជាតិសៀម និងអន្តរជាតិ របស់ភាគីសៀម ថាគ្រាប់បែកទម្លាក់លើទីវត្តអារាមនេះ ជាគ្រាប់បែកសំណល់ពីសង្គ្រាម១៩៧០-១៩៧៣ ទៀតឬយ៉ាងម៉េច?»។
លោកថា ចំពោះគ្រាប់បែក MK-84 ដែលបានរកឃើញក៏គ្មានអ្វីចំឡែកដែរ វាអាចបន្សល់ភស្តុតាងច្បាស់លាស់ពិតជាមិនខានឡើយ៕
