Connect with us

Hi, what are you looking for?

ជម្លោះព្រំដែនកម្ពុជាថៃ

ពលរដ្ឋភៀសសឹកជិត៨០០នាក់ ចូលមកកាន់ខេត្តសៀមរាប ដោយទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធ

ពលរដ្ឋភៀសសឹកជិត៨០០នាក់ ចូលមកកាន់ខេត្តសៀមរាប ដោយទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធ

ខេត្តសៀមរាប៖គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋជិត៨០០ហើយ បានជម្លៀសចូលកាន់ខេត្តសៀមរាប ក្រោយពេលអាជ្ញាធរខេត្តប្រកាសអំពីការត្រៀមទទួលបងប្អូនប្រជាពលរដ្ឋដែលជម្លៀសចេញពីតំបន់ព្រំដែនដែលមានការឈ្លានពានពីប្រទេសថៃ ចូលមកកាន់ខេត្តសៀមរាប ដោយទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធ។

នាយករដ្ឋបាលសាលាខេត្តសៀមរាប និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត លោក លី វណ្ណៈ បានឱ្យដឹងថា អនុវត្តតាមការណែនាំ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ខេត្តបានរៀបចំនៅតាមបណ្តាស្រុកចំនួន៣មាន៖ ស្រុកក្រឡាញ់ ស្រីស្នំ និងស្រុកស្វាយលើ ដោយកំណត់យកទីតាំងវត្តអារាម ឬទីកន្លែងមានសុវត្ថិភាពផ្សេងៗ សម្រាប់ត្រៀមទទួលបងប្អូនប្រជាពលរដ្ឋជម្លៀសខ្លួនពីទីតាំងសឹកសង្គ្រាមមកស្នាក់នៅបណ្ដោះអាសន្ន។

លោក លី វណ្ណៈ បញ្ជាក់ថា គិតមកដល់ពេលនេះ បងប្អូនប្រជាពលរដ្ឋប្រមាណជិត៨០០នាក់ហើយ បានចូលមកកាន់ខេត្តសៀមរាប។ ជាមួយគ្នានេះ អាជ្ញាធរខេត្តគ្រោងពង្រីកទីតាំង នៅតាមបណ្តាស្រុកមួយចំនួនបន្ថែមទៀត ដូចជា៖ ស្រុកវ៉ារិន ជីក្រែង និងស្រុកបន្ទាយស្រី ដើម្បីត្រៀមទទួលបងប្អូនប្រជាពលរដ្ឋ។ ជាដំណោះស្រាយបន្ទាន់ នៅថ្ងៃនេះដែរ ឯកឧត្តមអភិបាលខេត្តសៀមរាប បានអញ្ជើញចុះសួរសុខទុក្ខ ព្រមជាមួយអំណោយសង្រ្គោះបន្ទាន់ សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ។

លោកបន្ថែមថា រដ្ឋបាលខេត្តសៀមរាប បានត្រៀមលក្ខណៈរួចរាល់ហើយ មិនត្រឹមតែការស្នាក់នៅរបស់ពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែបានរៀបចំក្រុមគ្រូពេទ្យជួរមុខ នៅបណ្តាស្រុកគោលដៅមួយចំនួន សម្រាប់ពលរដ្ឋ ឬយុទ្ធមិត្តរងគ្រោះថ្នាក់អាចមករកសេវាព្យាបាលបាន។ ជាមួយគ្នានេះ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប ដឹកនាំក្រុមការងារវះកាត់សង្រ្គោះបន្ទាន់ នៃមន្ទីរពេទ្យខេត្តសៀមរាប ត្រៀមចាំជាជំនួយមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យផងដែរ។

#មន្ទីរព័ត៌មានខេត្តសៀមរាប