Connect with us

Hi, what are you looking for?

ជម្លោះព្រំដែនកម្ពុជាថៃ

វេទិកាឱកាសការងារ សម្រាប់បងប្អូនប្រជាពលរដ្ឋ និងពលករទើបត្រលប់មកពីប្រទេសថៃ នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ក្រុងស្វាយរៀង

ស្វាយរៀង៖ មន្រ្តីជាន់ខ្ពស់ខេត្តស្វាយរៀងបានប្រាប់ពលករខ្មែរដែលទើបត្រឡប់ពីប្រទេសថៃថាបច្ចុប្បន្នការងារនៅកម្ពុជា ក៏ដូចជានៅខេត្តស្វាយរៀង មិនខ្វះទេឱកាសធ្វើការងារព្រោះតំបន់សេដ្ឋកិច្ចឧស្សាហកម្មជាច្រើនកំពុងត្រូវការកម្លាំងពលកម្ម និងទទួលបានអត្ថប្រយោជន៍ច្រើនជាងធ្វើការនៅប្រទេសថៃ។

នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ម៉ែន អេង អភិបាលរងខេត្ត ខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងកម្មវិធីវេទិកាការងារ និងការចុះឈ្មោះស្វែងរកការងារធ្វើរបស់ប្រជាពលរដ្ឋ និងពលករខ្មែរទើបវិលត្រឡប់មកពីប្រទេសថៃ ដែលកំពុងស្វែងរកការងារធ្វើ ក្នុងនោះមានការសម្ភាសការងារជ្រើសរើសដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុន/សហគ្រាស ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង រៀបចំដោយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមជ្ឈមណ្ឌលការងារខេត្តស្វាយរៀង។

លោកម៉ែន អេង អភិបាលរងខេត្ត បានលើកឡើងថា ការទៅធ្វើការងារនៅប្រទេសថៃនាពេលនេះ គឺទទួលរងនូវការម៉ាក់ងាយពីថៅកែថៃ និងក្រុមជ្រុលនិយមមួយចំនួនរបស់គេផងដែរ។

កម្មវិធីនេះបានប្រព្រឹត្តទៅមានការចូលរួមពីសំណាក់ លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកប្រធានមន្ទីរស្តីទីនៃមន្ទីរព័ត៌មានខេត្ត អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត អាជ្ញាធរពាក់ព័ន្ធ តំណាងក្រុមហ៊ុនក្នុងខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងពលករដែលទើបវិលមកពីប្រទេសថៃ ចូល រួមសរុបប្រមាណចំនួន ៤០០នាក់ ស្រី១៨១នាក់។

ក្នុងឱកាសនេះ

លោកបានបន្តថា វេទិការនេះមានគោលបំណងសំខាន់ៗ ជាច្រើន ទៅលើការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រពលករដែលវិលត្រលប់ពីប្រទេសថៃក្នុងការទទួលបានឱកាសការងារសំដៅបង្កើនអត្រាអ្នកមានការងារធ្វើនៅតាមមូលដ្ឋាន និងការចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង និងគាំពារសហគ្រាសគ្រឹះស្ថាន ក្នុងស្រុក និងបរទេសតាមរយៈការផ្គត់ផ្គង់កម្លាំងពលកម្មនិងជំនាញបង្ខិតសេវាជួយស្វែងរកការងារធ្វើឱ្យកាន់តែខិតជិតដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងនោះ ផ្សព្វផ្សាយព័ត៌មានឱកាសការងារ និងសម្ភាសការងារ នៅនឹងកន្លែងភ្លាមៗពីសំណាក់សហគ្រាស គ្រឹះស្ថានដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងផ្តល់ឱកាសដល់និយោជកដែលមានតម្រូវការកម្លាំងពលកម្ម។ ជាមួយគ្នានេះ លោកអភិបាលរងខេត្ត បានផ្សព្វផ្សាយព័ត៌មានសិក្សារបស់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផ្សព្វផ្សាយពីឱកាសអាហារូបករណ៍ វគ្គអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនពលករដែលទើបវិលត្រលប់មកពីប្រទេសថៃ និងយុវជនដែលចង់សិក្សាជំនាញបច្ចេទេសអាចមកចុះឈ្មោះនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។

លោកបន្ថែមទៀតថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលនេះ បានផ្សព្វផ្សាយឱកាសការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនក្នុងខេត្តស្វាយរៀងនៅទីនេះ។ សូមបញ្ជាក់ជូនផងដែរថាខេត្តស្វាយរៀង កំពុងមានតម្រូវការកម្លាំងពលកម្មចំនួន៥,៥៤៧កន្លែង ទន្ទឹមនេះចំពោះប្រាក់ចំណូលដែលទទួលបានបើប្រៀបធៀបនឹងការទៅធ្វើការនៅប្រទេសថៃ គឺប្រហាក់ប្រហែលគ្នា ប៉ុន្តែការធ្វើការងារនៅប្រទេសថៃគ្មានសុវត្ថិភាព ហើយនៅឆ្ងាយពីស្រុកកំណើត ឆ្ងាយពីឪពុកម្ដាយទៀតផង។

ប្រសិនបើប្រជាពលរដ្ឋដែលស្វែងរកការងារធ្វើ ឬចង់រៀនជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ពិសេសបងប្អូនដែលទើបវិលត្រឡប់ពីប្រទេសថៃ អាចទាក់ទងប្រព័ន្ធទូរស័ព្ទ Hotline: 1297 ឬអាចទាក់ទងមកកាន់មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬមន្ទីរការងារការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីសាកសួរព័ត៌មានស្ដីពីការងារ ការរៀនជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ក៏ដូចជាអត្ថប្រយោជន៍ ប.ស.ស. និងអត្ថប្រយោជន៍ផ្សេងៗទៀត។