ខេត្តត្បូងឃ្មុំ៖លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបាន ជំរុញការអភិវឌ្ឍផលិតកម្មថ្នាំជក់កម្ពុជា ដល់បងប្អូនប្រជាកសិករ អាជីវករ និងម្ចាស់ឡសម្ងួតទាំងអស់ ត្រូវរួមគ្នាផលិត និងអនុវត្តស្របតាមស្តង់ដារបច្ចេកទេសដែលបានកំណត់ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផលិតផលថ្នាំជក់កម្ពុជាសម្រាប់នាំចេញទៅទីផ្សារអន្តជាតិ។
លោកស្រីរដ្ឋមន្រ្តី បានជំរុញបែបនេះ ក្នុងពិធីសំណេះសំណាល ក្នុងឱកាសនៃទស្សនកិច្ចសិក្សាស្តីពីការផលិត និងកែច្នៃផលិតផលថ្នាំជក់កម្ពុជា សម្រាប់ការនាំចេញ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ។
លោកស្រីរដ្ឋមន្ត្រី លើកឡើងថា ក្រសួងពាណិជ្ជកម្ម បានគាំទ្រក្នុងការរៀបចំនិងចុះបញ្ជី ថ្នាំជក់កម្ពុជា ជាម៉ាកសមូហភាព ក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ដែលម៉ាកសមូហភាព (ថ្នាំជក់កម្ពុជា) បានផ្តល់ឱ្យកសិករនូវការបណ្តុះបណ្តាលផ្នែកគ្រប់គ្រង បច្ចេកទេសវេចខ្ចប់ នវានុវត្តផលិតផល និងប្រព័ន្ធត្រួតពិនិត្យ ដែលធ្វើឱ្យផលិតផលថ្នាំជក់ ទទួលបានតម្លៃបន្ថែម និងមានតម្រូវការទីផ្សារខ្ពស់ ដែលបានចូលរួមចំណែកក្នុងការជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់កសិករខ្នាតតូច និងមធ្យមជាច្រើន។
ក្នុងឱកាសនោះ លោកជំទាវបានលើកឡើងបន្ថែមថា ផលិតផលម៉ាកសមូហភាព ពិតជាផ្តល់នូវគុណតម្លៃខ្ពស់ទាំងក្នុងទិដ្ឋភាព សេដ្ឋកិច្ច សង្គម បរិស្ថាន វប្បធម៌ និងទេសចរណ៍សម្រាប់កម្ពុជា ប៉ុន្តែចាំបាច់ត្រូវមានការអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងម៉ាកសមូហភាព (ថ្នាំជក់កម្ពុជា) ឱ្យបានរឹងមាំ ដែលត្រូវមានការចូលរួមមិនអាចខ្វះបានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ជាពិសេសកិច្ចគាំទ្ររបស់ក្រុមហ៊ុន JTI ក្នុងការពង្រឹងគុណភាព និងជំរុញការនាំចេញផលិតផលថ្នាំជក់កម្ពុជានេះ ទៅទីផ្សារអន្តរជាតិ និងទីផ្សារក្នុងប្រទេសជប៉ុន៕
