Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

រយៈពេលជាង ៥ឆ្នាំ ក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង  អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅត្រួតពិនិត្យការអភិវឌ្ឍថ្មីៗបន្ថែមទៀត និងសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន ចំយ​១៤១​ គ្រួសារ​ វគ្គទី​១​ ដែលកំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំនៅព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៦។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អតីតយុទ្ធជនចំនួន ១៤១ គ្រួសារ នៅ​វគ្គ​ទី​១​ បានមករស់នៅលើផ្ទះថ្មី ក្នុងទឹកដីមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង នៅឃុំក្រយា ស្រុកសន្ទុកនេះ មានរយៈពេលជាង ៥ ឆ្នាំកន្លងមកហើយ​ ដោយបានធ្វើការចាប់ឆ្នោតទទួលយកដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារមួយហិកតាកន្លះ និងផ្ទះថ្មីមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២១ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា បងប្អូនអតីតយុទ្ធជនទាំង ១៤១គ្រួសារនេះ សម្ដេចតេជោ ហ៊ុន​ សែន​ អតីត​នាយករដ្ឋមន្ត្រី​ បានស្ថាបនាផ្លូវលំក្រាលគ្រួសក្រហមជូនគាត់ ប្រវែងជាង១០ គីឡូម៉ែត្រ បុកអណ្ដូងទឹកស្អាតសម្រាប់ប្រើប្រាស់បានចំនួន ៦៣អណ្ដូង និងបានជីកស្រះមួយកន្លែងមានទំហំ ៣០ម៉ែត្រ គុណនិង ៤០ម៉ែត្រ ជម្រៅ ៣ម៉ែត្រ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ជូនបងប្អន​អតីត​យុទ្ធ​ជន​បាន​ប្រើប្រាស់ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។ ជាមួយនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៍បានតបបណ្ដាញអគ្គិសនីតាមផ្លូវមេរួចរាល់ សម្រាប់បងប្អូនទាំង ១៤១គ្រួសារ​ ហេីយមួយ​ចំនួន​បាន​តភ្ជាប់​បណ្ដាញ​ចូល​ក្នុង​ផ្ទះ​ សម្រាប់​ប្រើ​ប្រាស់​រួច​ហើយ​ ។ ដោយឡែកឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានឧបត្ថម្ភបន្ទះសូឡាដាក់បំភ្លឺតាមដងផ្លូវចំនួន ៧៥បង្គោល ។ ហើយថ្មីៗនេះឯកឧត្តម បានផ្ដល់ថវិកាចំនួន ១០,០០០ ដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត សម្រាប់សាងសង់សាលប្រជុំមួយខ្នងដែលមានទំហំ ៣៦០ម៉ែត្រការ៉េ  សម្រាប់​បងប្អូន​បាន​ជួប​ជុំ​ក្នុង​ពិធី​ផ្សេងៗ​ផងដែរ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ផងដែរថា បច្ចុប្បន្នបងប្អូនអតីតយុទ្ធជនចំនួន ១៤១ គ្រួសារ ដែលកំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង បានកសាងជីវភាពរស់នៅថ្មី ដោយបាន​ដាំ​បន្លែ​បង្ការ​ចិញ្ចឹម​សត្វ​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ​ ដោយ​ឡែក​បងប្អូន​បានរៀបចំជាសហគមន៍ ដាំដើមស្វាយចន្ទី ប្រមាណជាង ១៨៦ហិកតា ហើយដំណាំស្វាយចន្ទីនេះ មួយចំនួនបានទទួលផលរួចហើយ។ ហើយមួយចំនួនទៀត កំពុងតែដុះលូតលាស់ត្រៀមទទួលផលនៅឆ្នាំក្រោយៗទៀតជាបន្តបន្ទាប់។

បងប្អូនអតីតយុទ្ធជន ពិតជាមានក្តីរំភើបរីករាយរកអ្វីមកប្រៀបផ្ទឹមពុំបាន និងបានដឹងគុណជានិច្ចចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់ក្តីសង្ឃឹម ក្នុងការកសាងជីវភាពរស់នៅថ្មី លើទឹកដីអភិវឌ្ឍន៍ មរតកជោធិបតីថ្លុកព្រីង នៅថ្ងៃនេះ  និងទៅអនាគត ។