សៀមរាប៖ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ជាច្រើនគ្រួសារ កំពុងមានបញ្ហាជាមួយគម្រោងសាងសង់ផ្លូវវាងមួយខ្សែ របស់ក្រសួងសារធារ:ការនិងដឹកជញ្ជូន ដោយពួកគាត់អះអាងថា គម្រោងផ្លូវថ្មីនេះ បានប៉ះពាល់ផ្ទះសម្បែង ដីធ្លីជាកម្មសិទ្ធិរបស់ពលរដ្ឋជាច្រើនគ្រួសារ។
ក្រុមអ្នកភូមិ កំពុងតែប្រមូលផ្ដុំគ្នាកសាងជាឯកសារ ដើម្បីតវ៉ាចំពោះការប៉ះពាល់ ដោយសារគម្រោងសាងសង់ផ្លូវថ្មីនេះ ទៅតាមផ្លូវច្បាប់។
ប្រតិកម្មរបស់អ្នកភូមិ បានកើតមានបន្ទាប់ពីក្រុមការងារសាងសង់ផ្លូវ បានចុះទៅវាស់វែងព្រមទាំងបោះបង្គោល កំណត់ទីតាំង ហើយប៉ះពាល់ចំទៅលើដីរបស់ពួកគាត់ ហើយអាជ្ញាធរមូលដ្ឋានសង្កាត់ជ្រាវ សាលាក្រុងសៀមរាប ព្រមទាំងមន្ត្រីក្រសួងហិរញ្ញវត្ថុផង បានកោះហៅពួកគាត់ ឱ្យទៅប្រជុំនៅសាលាឆទាន ក្នុងភូមិបឹងកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦រួចមក។
ប្រជាពលរដ្ឋនៅភូមិបឹង បានស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន ជាពិសេសអភិបាលខេត្តសៀមរាប ឯកឧត្តមប្រាក់ សោភ័ណ ជួយដោះស្រាយផលប៉ះពាល់ដែលបណ្ដាលមកពីគម្រោងសាងសង់ផ្លូវថ្មីនេះ ឱ្យបានសមស្រប។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកគាត់មិនជំទាស់ទៅនិងគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលទេក៏ប៉ុន្តែចំពោះគម្រោងសាងសង់ផ្លូវថ្មីមួយខ្សែនេះ គឺកំពុងធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ខ្លះអាចបាត់បង់ដីនិងខ្លះទៀតអាចខូចខាតដល់ផ្ទះសម្បែង ដែលកំពុងតែរស់នៅផង។ អ្នកភូមិបានចោទសួរថានៅភូមិបឹង មានផ្លូវចាស់១ខ្សែនៅខាងក្រោយភូមិ ដែលមានស្រាប់ មិនប៉ះពាល់ដល់ដីនិងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋទេ ក៏ប៉ុន្តែហេតុអ្វី បានជាក្រុមការងារសាងសង់ផ្លូវមិនព្រមធ្វើផ្លូវទៅតាមលំនាំផ្លូវចាស់ ហើយបែរជាមកកំណត់ទីតាំងផ្លូវថ្មី ដោយកាត់ចំផ្ទះនិងដីរបស់ប្រជាពលរដ្ឋទៅវិញ?។ ពលរដ្ឋមិនចង់បានសំណងពីការប៉ះពាល់ដោយសារគម្រោងសាងសង់ផ្លូវថ្មីនោះទេ គឺគ្រាន់តែចង់ឱ្យគម្រោងសាងសង់ផ្លូវថ្មីនេះ កុំបង្កឱ្យមានការប៉ះពាល់ដល់ដីធ្លីនិងផ្ទះសម្បែង ដែលពួកគាត់ កំពុងរស់នៅជាកម្មសិទ្ធិជាយូរមកហើយនោះ គឺជាដំណោះស្រាយដ៏ល្អ៕


