ប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី នឹងត្រឡប់ទៅជួបប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅសេតវិមានក្នុងសប្ដាហ៍នេះ បន្ទាប់ពីមន្ត្រីការទូតសហរដ្ឋអាមេរិក និងអ៊ុយក្រែន រួមនឹងមន្ត្រីការទូតអឺរ៉ុប ជួបគ្នានៅប្រទេសស្វីស កាលពីថ្ងៃអាទិត្យ ទី២៣ វិច្ឆិកា។
ជំនួបនេះ សិក្សាអំពីផែនការសន្តិភាព ២៨ចំណុច ដែលរៀបរៀងដោយក្រុមប្រេសិតលោក ត្រាំ ហើយក្នុងនោះ យ៉ាងតិច ៥ចំណុចធ្វើឱ្យអ៊ុយក្រែន និងអឺរ៉ុប ប្រតិកម្មយ៉ាងខ្លាំង។ មេដឹកនាំអឺរ៉ុប ប្រកាសទាត់ចោលផែនការសន្តិភាពដ៏ចម្រូងចម្រាសនេះ។
ចំពោះ ៥ចំណុចដែលអឺរ៉ុប ប្រកាសទាត់ចោលស្របពេលដែលអ៊ុយក្រែន បង្ហាញជំហរមិនទទួលយកបាននោះ រួមមាន៖
> ចំណុចទី៧ បង្ខំឱ្យអ៊ុយក្រែន ត្រូវតែបង្កើតមាត្រាមួយនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយចែងថា អ៊ុយក្រែនមិនត្រូវស្វែងរកការសុំចូលជាសមាជិកណាតូ (NATO) ឡើយ។ ចំណែក NATO ត្រូវបង្កើតមាត្រាមួយក្នុងឯកសារសន្ធិសញ្ញារបស់ខ្លួនដែលចែងថា មិនអនុញ្ញាតឱ្យអ៊ុយក្រែន ក្លាយជាសមាជិករបស់ខ្លួនដាច់ខាត។
> ចំណុចទី៨ NATO អត់មានកងទ័ពរបស់ខ្លួននៅលើទឹកដីអ៊ុយក្រែន ឡើយ។
> ចំណុចទី១៤ រុស្ស៊ីទូទាត់ជួយស្ថាបនាប្រទេសអ៊ុយក្រែន ឡើងវិញ ក្នុងទំហំសាច់ប្រាក់ ១០០ពាន់លានដុល្លារដកចេញពីក្នុងទ្រព្យសម្បត្តិរបស់រុស្ស៊ី នៅក្រៅប្រទេស ដែលប្រទេសលោកសេរីបិទខ្ទប់ជាង ៣០០ពាន់លានដុល្លារសហរដ្ឋអាមេរិក។
> ចំណុចទី១៩ រោងចក្រថាមពលនុយក្លេអ៊ែរនៅតំបន់ Zaporizhzhia ត្រូវដាក់ចូលភាគហ៊ុនស្មើគ្នារវាងអ៊ុយក្រែន និងរុស្ស៊ី។
> ចំណុចទី២១ ដែលអ៊ុយក្រែន និងអឺរ៉ុប ជំទាស់យ៉ាងខ្លាំង បានបញ្ជាក់ថា៖ តំបន់ Crimea, Luhansk និង Donetsk អ៊ុយក្រែនត្រូវទទួលស្គាល់ថាជាទឹកដីរុស្ស៊ី តាមស្ថានភាពជាក់ស្ដែងដោយមានការទទួលស្គាល់ពីសហរដ្ឋអាមេរិក។
នៅមុនការវាយប្រហារខ្លាំងៗពីមេដឹកនាំអឺរ៉ុប និងមេដឹកនាំប្រទេសសម្ពន្ធអ៊ុយក្រែន រួមនឹងសមាជិកសភាអាមេរិក លោក ត្រាំ ខ្លួនលោកផ្ទាល់បានឯកភាពលើ ២៨ចំណុចនោះ ទោះជាមានការបង្ខំឱ្យអ៊ុយក្រែន កាត់ទឹកដីឱ្យរុស្ស៊ី និងបោះបង់មហិច្ឆតាចូលណាតូក៏ដោយ។ មិនតែប៉ុណ្ណោះ លោក ត្រាំ ព្រមានអ៊ុយក្រែន ថា នៅថ្ងៃទី២៧ វិច្ឆិកា អ៊ុយក្រែនត្រូវតែឯកភាព បើពុំនោះទេ អ៊ុយក្រែនត្រូវបន្តសង្គ្រាមដោយគ្មានសម្ពន្ធភាពជួយទៀតឡើយ។
ក្រោយរងការរិះគន់យ៉ាងធ្ងន់ធ្ងរពីសំណាក់សមាជិកសភា និងព្រឹទ្ធសភាសហរដ្ឋអាមេរិក និងពីមេដឹកនាំអឺរ៉ុប លោក ត្រាំ បានក្រឡាស់សម្ដីលោកវិញថា ផែនការសន្តិភាព ២៨ចំណុចនេះ មិនមែនជាដំណាក់កាលចុងក្រោយសម្រាប់អ៊ុយក្រែន នោះទេ។ លោក ត្រាំ ថាអ៊ុយក្រែន មានសិទ្ធិកែប្រែរុះរើ បើចំណុចណាមិនយល់ស្រប។ ក្រោយពីដូរជំហរដូចនេះ នៅថ្ងៃអាទិត្យ ទី២៣ វិច្ឆិកា លោក ត្រាំ បានបញ្ជូនគណៈប្រតិភូសេតវិមាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីជួបពិភាក្សាជាមួយភាគីអ៊ុយក្រែន និងអឺរ៉ុប ជុំវិញផែនការសន្តិភាពដ៏ចម្រូងចម្រាសនេះ។
ជំនួបនៅទីក្រុងហ្សឺណែវ មានវត្តមានរបស់គណៈប្រតិភូអ៊ុយក្រែន ដឹកនាំដោយនាយកខុទ្ទកាល័យប្រធានាធិបតី លោក Andriï Lermak ប្រមុខការទូតសហរដ្ឋអាមេរិក លោក Marco Rubio លោក Steve Witkoff ប្រេសិតពិសេសរបស់លោក ត្រាំ និងលោក Daniel Driscol លេខាធិការកងទ័ពសហរដ្ឋអាមេរិក។ ចំណែកភាគីអឺរ៉ុប មានវត្តមានក្រុមប្រឹក្សាសន្តិសុខជាតិពីប្រទេសបារាំង អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី។
ប្រមុខការទូតសហរដ្ឋអាមេរិក Marco Rubio បានសង្កត់ធ្ងន់ថា ការចរចាលើផែនការសន្តិភាព ២៨ចំណុចមានការរុះរើខ្លះ និងប្រកបដោយការយោគយល់គ្នា។
លោក Marco Rubio បានបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោន សង្ឃឹមថាកិច្ចព្រមព្រៀងសន្តិភាពនៅពេលសម្រេចបាន នឹងគោរពយ៉ាងពេញលេញចំពោះអធិបតេយ្យរបស់អ៊ុយក្រែន។

ក្រោយជំនួប គេសង្កេតឃើញមានសេចក្តីថ្លែងការណ៍រួមរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ុយក្រែន។ ក្នុងសេចក្ដីថ្លែងការណ៍រួមនេះ ក្រុងវ៉ាស៊ីនតោន លើកឡើងថា ជាលទ្ធផលនៃការពិភាក្សាគ្នានោះ ភាគីទាំងអស់បានឯកភាពគ្នាអំពីគម្រោងផែនការសន្តិភាពមួយ ដែលត្រូវបានកែសម្រួលបន្ថែមឱ្យកាន់តែល្អ។
បើតាមខ្លឹមសារសេចក្តីថ្លែងការណ៍នេះ ជំនួបត្រីភាគីសហរដ្ឋអាមេរិក អ៊ុយក្រែន និងអឺរ៉ុប ដែលគ្មានភាគីរុស្ស៊ី ទទួលបានវឌ្ឍនភាពជាវិជ្ជមាន ឆ្ពោះទៅរកការតម្រឹមគោលជំហរឱ្យរួមគ្នា។ មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក និងអ៊ុយក្រែន បានយល់ស្របដូចគ្នាថា កិច្ចព្រមព្រៀងសន្តិភាពណាមួយដែលសម្រេចបាននាពេលអនាគត នឹងគោរពយ៉ាងពេញលេញចំពោះអធិបតេយ្យអ៊ុយក្រែន ហើយនាំមកនូវសន្តិភាពដែលមានយុត្តិធម៌ និងឋិតថេរយូរអង្វែង។

មានការកត់សម្គាល់ថា ការដោះដូរជំហររបស់លោក ដូណាល់ ត្រាំ ក៏ជួនពេលលោកប្រធានាធិបតីអ៊ុយក្រែន បង្គាប់ទៅអ្នកការទូតរបស់លោកប្រចាំអង្គការសហប្រជាជាតិ ឱ្យចូលខ្លួនទៅប្រកាសប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ការកាត់ទឹកដីអ៊ុយក្រែន ទៅឱ្យអ្នកឈ្លានពាន គឺជាការជាន់បន្ទាត់ក្រហមរបស់អ៊ុយក្រែន នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
អ្នកស្រី Khrystyna Hayovyshyn អនុប្រធានបេសកកម្មអចិន្ត្រៃយ៍អ៊ុយក្រែន ប្រចាំអង្គការសហប្រជាជាតិ បានថ្លែងប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខថា អ៊ុយក្រែនបានត្រៀមចរចាគ្រប់ពេលទាំងអស់ តែសុំតែមួយប៉ុណ្ណោះ គឺកុំបង្ខំឱ្យអ៊ុយក្រែន កាត់ទឹកដីថែមទៀតទៅអ្នកឈ្លានពាន ជាថ្នូរនឹងសន្តិភាពដែលអ៊ុយក្រែន មិនអាចទទួលយកបានដាច់ខាត។
តាមតំណាងបេសកជនការទូតអ៊ុយក្រែន រូបនេះ អ៊ុយក្រែនបានគូសបន្ទាត់ក្រហមរួចហើយនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីប្រឆាំងការបង្ខំការគាបសង្កត់អ៊ុយក្រែន ឱ្យកាត់ទឹកដីអ៊ុយក្រែន បំពេញមហិច្ឆតាអ្នកឈ្លានពាន។
