Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

មន្ត្រីជំនាញមកពីខេត្តចំនួន៦នៅប៉ែកនិរតីប្រទេសកម្ពុជាទទួលបានការពង្រឹងសមត្ថភាពពីការងារព័ត៌មាន និងសាធារណមតិ

ខេត្តព្រះសីហនុ៖ មន្ត្រីជំនាញមកពីខេត្តចំនួន៦នៅប៉ែកនិរតីប្រទេសកម្ពុជាទទួលបានការពង្រឹងសមត្ថភាពពីការងារព័ត៌មាន និងសាធារណមតិ
ព្រះសីហនុ៖ ក្រសួងព័ត៌មាន សហការជាមួយមន្ទីរព័ត៌មានខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាក្រុងព្រះសីហនុ បានបើកវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិដល់មន្ត្រីជំនាញមកពីមន្ទីរព័ត៌មានខេត្តព្រះសីហនុ  កែប កោះកុង កំពត តាកែវ និងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺសរុបប្រមាណ៩០នាក់ ។
វគ្គបំពាក់បំប៉ននេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក ឆាយ សុផល តំណាងឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន  និងលោកឡុងឌី ម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពី លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន  និង  អ៊ុក គឹម សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ។
ឯកឧត្តមឆាយ សុផល មានប្រសាសន៍ថា ការងារព័ត៌មាន និងសាធារណមតិគឺជាការងារសំខាន់ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មានកំពុងយកចិត្តទុកដាក់ខ្ពស់ ដោយក្រសួងព័ត៌មានបានដាក់ចេញនូវចក្ខុវិស័យ ធ្វើយ៉ាងណាប្រែក្លាយក្រសួងព័ត៌មានឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ» ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ។
ឯកឧត្តមបញ្ជាក់ថា មន្ត្រីព័ត៌មានត្រូវស្វែងយល់រៀនសូត្រឱ្យទាន់នូវបច្ចេកវិទ្យា និងចេះសម្របសម្រួលជាមួយមន្ទីរផ្សេងៗ ក្នុងនាមអ្នកគាំទ្រ និងអ្នកសម្របសម្រួលដើម្បីបានដំណឹងផ្សព្វផ្សាយដល់សាធារណជនផង ថ្នាក់ដឹកនាំខេត្ត និងបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងព័ត៌មានផង។   មន្ទីរព័ត៌មានរាជធានី-ខេត្ត ជាអ្នកសម្របសម្រួល និងជាអ្នកនាំពាក្យក្នុងខេត្ត គឺជាអ្នកពាំនាំព័ត៌មាន សំណូមពរពីមហាជនសម្រាប់ខេត្តបានដឹង និងផ្សព្វផ្សាយព័ត៌មានពីសមិទ្ធផល និងដំណោះស្រាយរបស់ខេត្តជូនដល់ប្រជាពលរដ្ឋតាមបណ្តាសហគមន៍មូលដ្ឋានបានដឹងផងដែរ។

លោកខៀវ សាវ៉ុន អនុប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្រុមការងារសម្របសម្រួលព័ត៌មាន និងសាធារណមតិនៃមន្ទីរព័ត៌មានខេត្ត  បានអនុវត្តតាមផែនការស កម្មភាព និងក្តាប់សភាពការណ៍ថ្មីៗ   ដោយប្រកាន់ខ្ជាប់នូវ ភាពបុរេសកម្ម សកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល។ ក្រៅពីនេះក្រុមការងារសម្របសម្រួលព័ត៌មាន និងសាធារណមតិ បានបង្កើនកិច្ចសហការល្អជាមួយ ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋានក្រុងស្រុក ដើម្បីបកស្រាយ បំភ្លឺព័ត៌មាន ដើម្បីបន្សាប និងទប់ស្កាត់ព័ត៌មានក្លែងក្លាយឱ្យទាន់ពេលវេលា។
លោកឡុងឌី ម៉ង់អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា វគ្គបំពាក់បំប៉ននៅខេត្តព្រះសីហនុនាពេលនេះ ពិតជាមានសារៈសំខាន់ក្នុងការផ្ដល់ចំណេះដឹងអំពីការគ្រប់គ្រង ការចងក្រងបណ្តាញព័ត៌មាន សាធារណមតិក្នុងបរិបទថ្មី ការផលិតមាតិកា សម្រាប់ការផ្សព្វផ្សាយបែបឌីជីថល ជាពិសេសលើបណ្តាញសង្គម ការតាមដាន ការវិភាគ និងការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាដើម។ ក៏ប៉ុន្តែក្នុងនេះ ក៏មានបញ្ហាមួយចំនួនក្នុងខេត្ត ក៏ដូចជាព័ត៌មានទូទៅ ជាអាទិ៍៖ ព័ត៌មានក្លែងក្លាយ ព័ត៌មាន ប្រឌិត អ្នកផលិតមាតិកា និងព័ត៌មានអសកម្មមួយចំនួន ដែលទាមទារឱ្យមន្ត្រីជំនាញរបស់ខេត្តត្រូវខិតខំធ្វើការងារនេះឱ្យបានសកម្ម។
សូមបញ្ជាក់ថា វគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ មានបទអន្តរាគមន៍ស្តីប្រធានបទការងារជំនាញដូចខាងក្រោម ៖  ១- បច្ចេកទេសរៀបចំ និងខ្លឹមសារបែបសាធារណមតិ ២- ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងរបត់ថ្មី  ៣- ការចងក្រងបណ្តាញ ការគ្រប់គ្រងព័ត៌មាន ការផលិតមាតិកា សម្រាប់ផ្សាយបែបឌីជីថល ជាពិសេសបណ្តាញសង្គម  ៤-ការតាមដាន វិភាគចងក្រងព័ត៌មាន និងការឆ្លើយតបព័ត៌មានក្លែងក្លាយ ៥- របៀបរបបការងាររបស់មន្ទីរព័ត៌មាន និងក្រុមការងារពាក់ព័ន្ធ និងទី៦- ការគ្រប់គ្រង និងវាយតម្លៃសមិទ្ធកម្មការងារ  និង៧ ពិធីសាស្រ្តប្រើប្រាស់AI នៅក្នុងវិស័យសាព័ត៌មានជាដើម៕