សៀមរាប៖ វេទិកាផ្សព្វផ្សាយ និងចាក់បញ្ចាំងខ្សែភាពយន្តអប់រំអំពីអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញ របស់អង្គការA21ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានអញ្ជើញចូលរួម វេទិកាផ្សព្វផ្សាយស្ដីពី ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញ របស់អង្គការA21 ដែលមានការការចូលរួមពីសិស្សានុសិស្ស និងក្រុមការងារសរុបចំនួន ២០០នាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងខ្លួនខ្ញុំផ្ទាល់ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត ពិតជាមានសេចក្តីសោមនស្សរីករាយណាស់ដែលបានចូលរួមជាគណៈអធិបតី ក្នុងកម្មវិធី “ការចាក់បញ្ចាំងខ្សែភាពយន្តអប់រំអំពីអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញ” ដែលរៀបចំឡើងដោយអង្គការមូលនិធិអេ២១ ក្រោមកិច្ចសហការជាគណៈកម្មាធិការប្រយុទ្ធប្រឆំាងការជួញដូរមនុស្សថ្នាក់ខេត្តនៅតាមសាកលវិទ្យាល័យនិងវិទ្យាស្ថាននានាក្នុងខេត្តសៀមរាបនាពេនេះ។

លោកស្រី បានបន្ថែមថាបច្ចុប្បន្ននេះ សង្គមកម្ពុជា ក៏ដូចជាពិភពលោក កំពុងប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរមួយគឺអំពើជួញដូរមនុស្ស ដែលជាបទល្មើសផ្នែកសិទ្ធិមនុស្ស ជាពិសេសការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញ ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់សុភមង្គលរបស់មនុស្សគ្រប់រូបនៅទូទាំងពិភពលោក។ អ្វីដែលគួរឱ្យព្រួយបារម្ភជាពិសេសនោះគឺ ការប្រែប្រួលបច្ចេកវិទ្យា និងការរីកចម្រើនលឿននៃបណ្ដាញទំនាក់ទំនងអនឡាញ ដែលកំពុងក្លាយជាមធ្យោបាយសំខាន់សម្រាប់អ្នកប្រព្រឹត្តបទល្មើស ដោយប្រើប្រាស់វិធីសាស្ដ្រលួងលោម កេងប្រវ័ញ្ច បោកបញ្ឆោត ក្នុងគោល-បំណងដើម្បីកេងប្រវ័ញ្ចកាន់ជនរងគ្រោះដើម្បីទទួលបានផលប្រយោជន៍។

លោកស្រីបន្តថា ចំពោះយុវជននិងសិស្សនិស្សិតដែលកំពុងប្រើប្រាស់បច្ចេកវិទ្យា នាពេលបច្ចុប្បន្ននេះ គួរតែមានការប្រុងប្រយ័ត្នខ្ពស់មុននឹងជឿងទុកចិត្តនណាម្នាក់ ពិសេសក្នុងការទំនាក់ទំនងជាមួយជនអនាមិកដែលយើងមិនស្គាល់តាមបណ្តាញសង្គម កុំឱ្យក្លាយជាជនរងគ្រោះនៃជួញដូរមនុស្ស ឬការកេងប្រវ័ញ្ចផ្សេងៗ។ ការបង្កើតការយល់ដឹងនេះគឺជាជំហានដំបូងដ៏សំខាន់បំផុត ដើម្បីជួយពង្រឹងការពារនិងសុវត្ថិភាពទាំងអស់គ្នា។ ដោយឡែកការរួមចំណែករបស់ប្អូនសិស្សានុសិស្ស សាលារៀន សហគមន៍ អង្គការក្រៅរដ្ឋាភិបាល និងរដ្ឋាភិបាល គឺជាយន្តចម្បងក្នុងការបង្កើតបរិយាកាសចូលរួម និងការពារដែលរឹងមាំព្រមទាំងឈានទៅរកការលុបបំបាត់អំពើជួញដូរមនុស្សទាំងអស់គ្នានាពេលអនាគត។
