Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ប្រធានាធិបតី​បារាំង​​នឹង​ពិចារណា​លើ​ការ​សម្របសម្រួលស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ 

បាងកក៖  នាយករដ្ឋមន្ត្រីថៃ បានជួបពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង តាមទូរស័ព្ទ ដោយនិយាយបញ្ហាមួយចំនួន ក្នុងនោះក៏បានលើកឡើងពីបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាផងដែរ។ នេះបើតាមចុះផ្សាយដោយកាសែត The Nation។

អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី លោកស្រី Jirayu Huangsab បានបាននិយាយនៅរសៀលថ្ងៃសុក្រ ទី២៧ ខែមិថុនា ថា នាយករដ្ឋមន្ត្រី Paetongtarn Shinawatra បានពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង Emmanuel Macron ។

ក្នុងការសន្ទនានោះ នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn រំលឹកឡើងវិញថា ប្រទេសថៃប្រកាន់ខ្ជាប់នូវគោលការណ៍នៃដំណោះស្រាយដោយសន្តិវិធី ដោយមានចេតនាស្មោះត្រង់ ដោយឈរលើទំនាក់ទំនងមិត្តភាពដ៏រឹងមាំរវាងប្រទេសជិតខាង ឯកភាពអាស៊ាន និងច្បាប់អន្តរជាតិ។

លោកស្រីជឿជាក់ថា ការចរចាទ្វេភាគីគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការស្វែងរកដំណោះស្រាយប្រកបដោយស្ថាបនា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

 នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា ប្រទេសថៃនៅតែបន្តគាំទ្រការងាររបស់គណៈកម្មការព្រំដែនចម្រុះថៃ-កម្ពុជា (JBC) ដែលទើបនឹងបើកកិច្ចប្រជុំនៅភ្នំពេញ ហើយសង្ឃឹមថា ប្រទេសបារាំង ក្នុងនាមជាដៃគូអន្តរជាតិដ៏ជិតស្និទ្ធនឹងដើរតួក្នុងការគាំទ្របរិយាកាសអំណោយផលដល់ការបន្តកិច្ចចរចាទ្វេភាគីរវាងថៃ និងកម្ពុជា។

 ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុងបាន​ទទួល​ស្គាល់​បំណង​របស់​ប្រទេស​ថៃ ហើយ​នឹង​ពិចារណា​លើ​ការ​សម្របសម្រួល​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា។

លើសពីនេះទៀត ភាគីទាំងពីរបានពិភាក្សាគ្នាអំពីស្ថានភាពនៅមជ្ឈិមបូព៌ា និងមីយ៉ាន់ម៉ា។  លោកស្រី Paetongtarn បានបញ្ជាក់ជាថ្មីអំពីជំហររបស់ប្រទេសថៃក្នុងការគាំទ្របទឈប់បាញ់ និងការបញ្ឈប់អំពើហិង្សាពីគ្រប់ភាគីពាក់ព័ន្ធ។  ទាក់ទងនឹងមីយ៉ាន់ម៉ា ប្រទេសថៃបានត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីស្ថាបនាក្នុងការគាំទ្រដល់ដំណើរការសន្តិភាព និងនយោបាយ គាំទ្រតួនាទីរបស់ម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាន និងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងក្រោមក្របខណ្ឌអាស៊ាន។

ខាងក្រោមនេះ ជាខ្លឹមសារសំខាន់ពាក់ព័ន្ធជម្លោះព្រំដែនជាមួយកម្ពុជា ដែលភាគីទាំង២ បាននិយាយ ហើយចុះផ្សាយដោយកាសែត The Nation។

លោកស្រីបានសង្កត់ធ្ងន់បន្ថែមថា ប្រទេសថៃបន្តគាំទ្រការងាររបស់គណៈកម្មការព្រំដែនរួមថៃ-កម្ពុជា (JBC) ដែលថ្មីៗនេះបានរៀបចំកិច្ចប្រជុំមួយនៅទីក្រុងភ្នំពេញ។ លោកស្រីបានបង្ហាញក្តីសង្ឃឹមថា ប្រទេសបារាំង ក្នុងនាមជាដៃគូអន្តរជាតិដ៏ជិតស្និទ្ធមួយ នឹងដើរតួនាទីក្នុងការគាំទ្របរិយាកាសការសម្របសម្រួល ដល់ការបន្តកិច្ចពិភាក្សាទ្វេភាគីរវាងថៃ និងកម្ពុជា។

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានទទួលស្គាល់ពីចេតនារបស់ថៃ ហើយនឹងពិចារណាសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។

សូមបញ្ជាក់ថា កាលពីចុងខែឧសភា កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានជួបជជែកដោយផ្ទាល់ជាមួយលោកប្រធានាធិបតីបារាំងលើជម្លោះព្រំដែនរវាងកម្ពុជា និងថៃផងដែរ។

សម្តេចបានរំលេចពីការឈ្លានពានរបស់ថៃ និងការបាញ់សម្លាបទាហានខ្មែរពីសំណាក់ទាហានថៃ។ សម្តេចបានបង្ហាញជំហរកម្ពុជា ប្រកាន់យកសន្តិភាព សន្តិវិធី ចរចាទាំងទ្វេភាគី និងច្បាប់អន្តរជាតិ ជាពិសេសការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនាទីក្រុងឡាអេ ប្រទេសហូឡង់។

ប្រធានាធិបតីបារាំង ដែលបារាំងជាប្រទេសសាក្សីនៃសន្ធិសញ្ញាព្រំដែនបារាំង-សៀម ១៩០៤-១៩០៧នោះ បានប្រកាសផ្តល់ឯកសារទាំងឡាយតាមសេចក្តីត្រូវការរបស់កម្ពុជា។

សន្ធិសញ្ញាឆ្នាំ១៩០៤-១៩០៧ នេះហើយ ដែលបារាំងបានទាមទារដីខេត្តបាត់ដំបង និងសៀមរាប ពីការគ្រប់គ្រងរបស់សៀម មកឱ្យខ្មែរវិញ។ តាមរយៈសន្ធិសញ្ញានេះហើយ ធ្វើឱ្យជនជាតិថៃ មានភាពជ្រុលនិយមមិនសប្បាយចិត្តនឹងបារាំង៕