សៀមរាប សាលាអនុគណស្រុក រួមជាមួយមន្ត្រីសង្ឃស្រុក និងរដ្ឋបាលស្រុកសូទ្រនិគម ខេត្តសៀមរាបកាលពីថ្ងៃចុងសប្តាហ៍ ថ្ងៃទី០៥ ខែ កញ្ញា ឆ្នាំ២០២៦ បាននាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកា ទៅចែកជូនដល់វីរៈកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុង
ភូមិសាស្ត្រខេត្តឧត្តរមានជ័យ ចំនួន៣១ទីតាំង ដើម្បីលើកទឹកចិត្តនិងគាំទ្រដល់កងកម្លាំង ដែលកំពុងបំពេញបេសកកម្មជូនជាតិមាតុភូមិ ។
ព្រះតេជគុណ ពៅ ធេង ព្រះគ្រូអនុគណស្រុកសូទ្រនិគម មានសង្ឃដីកាថា ព្រះសង្ឃ មន្ត្រីរាជការ និងពុទ្ធបរិស័ទទាំងអស់ តែងតែយកចិត្តទុកដាក់ និងគាំទ្រដល់វីរៈកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិមុខ ព្រោះកងទ័ព គឺជាកម្លាំងស្នូលក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងរក្សាសុខសន្តិភាពជូនប្រទេសជាតិ។ ព្រះអង្គមានសង្ឃដីកាបន្តថា អំណោយដែលនាំយកមកប្រគល់ជូននាពេលនេះ ជាទឹកចិត្តសទ្ធាជ្រះថ្លា និងជាកម្លាំងចិត្តដ៏មានតម្លៃ សម្រាប់ជំរុញឱ្យកងទ័ពបន្តបំពេញភារកិច្ចការពារជាតិប្រកប ដោយភាពរឹងមាំ។
ព្រះតេជគុណ លន់ សំប៊ី ព្រះសមុហ៍អនុគណស្រុកសូទ្រនិគម ដែលជាអ្នករៀបចំមានសង្ឃដីកាថា សកម្មភាពសប្បុរសធម៌នេះ បានបង្ហាញពីសាមគ្គីភាពដ៏រឹងមាំរវាងព្រះសង្ឃ អាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងការចូលរួមគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ។ ព្រះអង្គបានប្រសិទ្ធពរជ័យ សូមឱ្យវីរកងទ័ពទាំងអស់ជួបតែសេចក្តីសុខ សុវត្ថិភាព មានសុខភាពល្អ កម្លាំងមាំមួន និងទទួលបានជោគជ័យក្នុងបេសកកម្មការពារទឹកដី និងប្រជាជនកម្ពុជា។ ព្រះអង្គបន្តថា សម្ភារដែលបាននាំយកមក រួមមាន ទឹកបរិសុទ្ធចំនួន ៥,៦០០យួរ ទឹកត្រី និងទឹកស៊ីអ៊ីវចំនួន ១១០យួរ មីជាតិចំនួន ១១២កេស ប្រហុកគ្រឿងចំនួន ៣០គីឡូក្រាម ដំណាប់ពុទ្រាចំនួន ១២៥កញ្ចប់ អំបិលចំនួន ៣០គីឡូក្រាម ព្រមទាំងគ្រឿងឧបភោគបរិភោគជាច្រើនមុខទៀត។ ជាមួយគ្នានោះ ថវិកាចំនួន ១៥លានរៀល ត្រូវបានប្រគល់ជូនវីរកងទ័ពចំនួន ៥៥៧នាក់ ដើម្បីជាការលើកទឹកចិត្តក្នុងការបំពេញភារកិច្ច។សរុបការចំណាយទាំងអស់គិតជាថវិកាមានចំនួន ២៩លាន ៤២ម៉ឺន ៦ពាន់រៀល ដែលជាការរួមចំណែកដ៏មានអត្ថន័យរបស់សាលាអនុគណស្រុកសូទ្រនិគម មន្ត្រីសង្ឃស្រុក រដ្ឋបាលស្រុក និងសប្បុរសជននានា ក្នុងការគាំទ្រដល់វីរកងទ័ពដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី និងសន្តិភាពជូនជាតិមាតុភូមិ៕
