អ៊ុក ផ្លុង
សៀមរាប÷ ពលរដ្ឋថាតំបន់ដីគម្របព្រៃឈើជាច្រើនកន្លែងក្នុងឃុំពង្រលើស្រុកជីក្រែងខេត្តសៀមរាប ដូចជាចំណុច÷ គេងកងក្រៀម, ទួលយាង, ចារណូក និងចំណុចវាលស្គា —-។ល៕ ត្រូវបានក្រុមវិនិច្ឆ័យតំបន់វាស់វែងចុះបញ្ជីក្បាល់ដីចុចប្លង់ទាំងអស់ទោះបីមានព្រៃឈើនៅក្រាស់ឃ្មឹកហើយប្រជាពលរដ្ឋមិនធ្លាប់អាស្រ័យផលពីមុនមកក៏ដោយ ជាពិសេសចំណុច វាលស្គា!
តើបញ្ហានេះមកពីស្ថាប័នណា? បើយោងតាមសម្ដី រដ្ឋបាលព្រៃឈើអះអាងថាធ្លាប់បានហាមឃាត់មិនឲ្យ ប្រជាពលរដ្ឋធ្វើការរុករានទន្រ្ទានឈូសឆាយដីព្រៃដែលជាប់គម្របព្រៃឈើទោះបីដីនោះគេចុចប្លង់ឲ្យក៏ដោយ។ ប៉ុន្តែកាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០០២៦ ថ្មីៗនេះ អ្នកសារព័ត៌មានបានចុះទៅចំណុចខាងលើនេះ ឃើញថាប្រជាពលរដ្ឋនៅតែបន្តរុករាន ទន្រ្ទានឈូសឆាយមិនបានស្តាប់តាមការហាមឃាត់របស់រដ្ឋបាលព្រៃឈើនោះឡើយព្រោះអាងគេចុចប្លង់អោយហើយ។ ពាក់ព័ន្ធករណីខាងលើនេះ មេភូមិស្វាយចេក លោក អុី អ៊ូរ( ហៅអាចារ្យ អ៊ូរ) ថាលោកមិនបានចូលរួមការវាស់វែងទេ គឺអនុភូមិជាអ្នកចូលរួម។ អនុភូមិ លោក សាន សារុន ប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា លោកពិតជាបានចូលរួមការវាស់វែងពិតប្រាកដមែន! អ្នកចូលរួមមានរូបលោក ប្រជាការពារភូមិ២ នាក់ ក្រុមព្រឹក្សាឃុំម្នាក់ និងលោក យូ តេងបឿង គឺជាសុរិយោដី មកពីស្រុក សូទ្រនិគម លោក បញ្ជាក់ថា ព្រោះកាលនោះមន្ត្រីភូមិបាលស្រុកជីក្រែងរវល់ចុះវាស់វែងដីវាលស្រែប្រាំង ទើបស្នើសុំ ភូមិបាលមកពីស្រុកសូទ្រនិគមឲ្យជួយ។ លោក អនុភូមិថាការចុចប្លង់ដីគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើខុសពីដី ដែលគ្រប់គ្រងដោយ បរិស្ថានៗ បើមានព្រៃឈើមិនចុចឲ្យទេ ប៉ុន្តែខាងដីមេព្រៃវិញ ត្រូវបាន លោក យូ តេងបឿង ចុចឲ្យទាំងអស់ ។ មេ ឃុំពង្រលើ លោក ខៀវ ឈឿន ថាការ វិនិច្ឆ័យ វាស់ដីជាប្រព័ន្ធត្រូវ មានមន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងអស់ចូលរួមម្យ៉ាងវិញទៀតមន្ត្រីជំនាញត្រូវតាមដានពិនិត្យដី តំបន់គ្រប់គ្រងរបស់ខ្លួនរៀងៗខ្លួន តំបន់លឿង គ្រប់គ្រងដោយបរិស្ថាន តំបន់ក្រហម សហគមន៍ ចំណែកឯ តំបន់ ប៊ៃតង គឺគ្រប់គ្រងដោយមន្រ្តីកសិកម្ម។ លោក យូ តេងបឿង សុរិយោដី មកពីស្រុកសូទ្រនិគមដែលបានចុះវាស់ថា ប៉េសកម្ម វាស់វែងចុះបញ្ជីក្បាលដីត្រូវវាស់វែងទាំងអស់ កុំថាឡើយដីព្រៃ សូម្បីតែត្រពាំងបឹង បុរាណដ្ឋាន សាលាឆទាន ឬ ដីជាប់អប្សរាក៏ដោយ ត្រូវវាស់ឃ្លុំ យកទាំងអស់ ឲ្យតែមាន អាជ្ញាធរ ម្ចាស់ដី និងចាស់ព្រឹទ្ធាចារ្យក្នុងភូមិចង្អុរបង្ហាញគឺចុចប្លង់ទាំងអស។ លោក ថា វាស់វែងរួច ហើយគេបិទប្រកាសរយៈពេល១៥ ថ្ងៃ ឲ្យម្ចាស់ដី ពាក់ព័ន្ធប្ដឹងជំទាស់ បើដីមានបញ្ហា។ ម្យ៉ាងវិញទៀត បើដីជាប់គម្រប់ព្រៃឈើ! ហេតុអ្វីរដ្ឋបាលព្រៃឈើមិន បោះបង្គោល ឬប្ដឹងជំទាស់?នាយសង្កាត់រដ្ឋព្រៃឈើខ្វាវ លោក ភោគ វីរៈ ថារាល់ការចុចប្លង់ ទាំងឡាយ ប្រសិនបើប៉ះពាល់ដីគម្របព្រៃឈើមិនអនុញ្ញាតអោយចេញប័ណ្ណកម្មសិទ្ធិនោះទេ។ លោកថាជាក់ស្ដែងដីចំណុច វាលស្គា! កម្លាំងចម្រុះបានចុះទៅពិនិត្យកាលពីថ្ងៃពុធទី០១ ខែ មេសា ឆ្នាំ ២០០២៦ តាមសេចក្តីរាយការណ៍របស់អ្នកសារព័ត៌មាន ពេលនោះក្រុមការងារ បានថតរូបរាងដីបញ្ជូនទៅមន្ទីរដែនដីនគរូបនីយកម្ម និងភូមិបាលស្រុកហើយ ដោយស្នើសុំមិនឲ្យចេញប័ណ្ណកម្មសិទ្ធិព្រោះដីជាប់ដីគម្របព្រៃឈើ ដោយមិនចាំបាច់ប្ដឹងជំទាស់នោះឡើយ ហើយក្រុមការងារបានផ្សព្វផ្សាយមិនឲ្យប្រជាពលរដ្ឋបន្តឈូសឆាយព្រៃដើម្បីអាស្រ័យផលឡើយ។ ប៉ុន្តែរឿងការរុករាន ទន្ទ្រានឈូសឆាយថ្មីៗទៀតគឺជារឿងបទល្មើស។ ទន្ទឹមនឹងនេះដែរ ដោយការបកស្រាយរបស់មន្ត្រីពាក់ព័ន្ធទាំងអស់សុទ្ធតែសមស្របតាមផ្លូវ ច្បាប់ទាំងអស់ ប៉ុន្តែតែដីគម្របព្រៃឈើទាំងនោះ នៅតែបន្តឈូសឆាយរលាយហិនហោចដោយស្របច្បាប់ផងដែរនោះ ធ្វើឲ្យមហាជនដាក់ការសង្ស័យលើមន្ត្រី និងស្ថាប័នពាក់ព័ន្ធថាក្រុម វិនិច្ឆ័យតំបន់វាស់វែងក្បាលដីគម្របព្រៃឈើឃុំ ពង្រលើនេះប្រហែលជា ខ្លះបានចំណែកដី និងខ្លះទៀតទទួល លាភសក្ការៈពីម្ចាស់ដីព្រៃហើយមើលទៅទើបដីគម្របឈើក្នុងភូមិស្វាយចេកឃុំពង្រលើធ្វើការវាស់វែងទាំងព្រៃស្ដុកប៉ែសបានយ៉ាងរលូនដូច្នេះ។ ជាចុងក្រោយ ប្រជាពលរដ្ឋសំណូមពរដល់ ឯកឧត្តម ប្រាក់ សោភ័ណ អភិ នៃគណៈអភិបាល ខេត្ត សៀមរាប និង លោក ទៀ គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ព្រមទាំង លោក ហុី សាយ ប្រធានមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ ខេត្ត សៀមរាប មេត្តា ពិនិត្យឡើងវិញបញ្ហាចុះបញ្ជី ក្បាលដីគម្របព្រៃឈើ ទាំងព្រៃឈើនៅក្រាស់ឃ្មឹកចំណុចខាងលើ ប្រជាពលរដ្ឋ បាននឹងកំពុងធ្វើសកម្មភាពកាប់បំផ្លាញ់ព្រៃឈើដោយស្របច្បាប់ក្រោមហេតុផលដីមានប្លង់។ ពួកគាត់បានព្រមានថា បើគ្មានវិធានការទប់ស្កាត់ឲ្យបានច្បាស់លាស់ទេដីគម្របដែលជាសម្បត្តិរបស់រដ្ឋ ទុកជាជម្រកសត្វព្រៃ នឹងក្លាយជាកម្មសិទ្ធិឯកជន ដោយសារក្រុមប្រព័ន្ធវិនិច្ឆ័យតំបន់គម្របព្រៃនេះម្ដង។
