ស្វាយរៀង៖ លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម អឿន ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង អាងទន្លេ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេនៅក្នុងខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២១ខែសីហាឆ្នាំ២០២៥នេះ។

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកនាយរងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រីមេឃុំ/ចៅសង្កាត់ទាំង៨០ និងមន្ត្រីពាក់ព័ន្ធសរុបប្រមាណ១៤០នាក់។
លោកអភិបាលខេត្តមានប្រសាសន៍ថា ក្នុងរយះពេលពេញមួយព្រឹក កិច្ចប្រជុំបានដំណើរការទៅដោយរលូន និងទទួលបាននូវលទ្ធផលវិជ្ជមានជាច្រើនតាមការគ្រោងទុក ដោយមានការធ្វើបទបង្ហាញពាក់ព័ន្ធនឹងបញ្ញត្តិគន្លឹះសំខាន់ៗ ជាច្រេីន និងសូមធ្វេីការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ស្តាប់របស់ឯកឧត្តម អស់លោក លោកស្រី ដែលបានបង្ហាញឲ្យឃើញពីការទទួលខុសត្រូវ និង ការប្តេជ្ញាចិត្តពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការរួមចំណែកពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើកិច្ចការ គ្រប់គ្រងអាងទន្លេប្រកបដោយចីរភាព ។
លោកបន្តថា ការគ្រប់គ្រងអាងទន្លេប្រកបដោយប្រសិទ្ធភាព និង ចីរភាព នឹងចូលរួមចំណែកយ៉ាងសំខាន់ណាស់ក្នុងការការពារធនធានទឹក ការអភិរក្ស និងការអភិវឌ្ឍ ដែលធានាបាន នូវអត្ថប្រយោជន៍រួមដល់ប្រព័ន្ធអេកូឡូស៊ី បរិស្ថាន និងសង្គម-សេដ្ឋកិច្ច ជាពិសេសជាវិធានការជួយថែរក្សាការពារឲ្យ បានគង់វង្សនូវទ្រព្យសម្បត្តិរដ្ឋ ទប់ស្កាត់បាននូវការរំលោភបំពាននានា ។ ជាមួយគ្នានេះ គិតត្រឹមខែសីហា ឆ្នាំ ២០២៥នេះ ក្នុងចំណោមអាងទឹកតូច ធំក្នុងខេត្ត ចំនួន ៣២កន្លែង យើងបានប្រជុំសម្រេច ចំនួន ៨កន្លែង ក្នុងនោះ អាងទឹកវ៉ៃគោ និងអាងទឹកត្រដែត បានដាក់សំណើសុំចុះបញ្ជីរួចហើយ និង៦កន្លែងផ្សេងទៀតក៏កំពុងពន្លឿននីតិវិធី រួមមានអាងទឹកព្រែកនៀល អាងទឹកអូរស្មាច់ អាងទឹកដូនទយ អាងទឹកធ្លកកំបុត អាងទឹកស្វាយយា និងអាងទឹក បាធូ ជាដេីម គឺកើតចេញពីកិច្ចសហការ និងការរួមចំណែកមិនអាចខ្វះបានពីសំណាក់ឯកឧត្តម លោក លោកស្រីទាំងអស់គ្នា។
លោកបានបញ្ជក់ថា ការងារគ្រប់អាងទន្លេ គឺជាការងារទាមទារឲ្យមានការចូលរួមពីគ្រប់ផ្នែក គ្រប់វិស័យ និងគ្រប់អង្គភាពពាក់ព័ន្ធ ជាអន្តរវិស័យ និងអន្តរស្ថាប័ន ដើម្បីពិភាក្សា ធ្វើផែនការ ស្វែងរកដំណោះស្រាយ និងពង្រឹងយន្តការ សម្របសម្រួលធានាដល់ការអនុវត្តការងារឲ្យបានគ្រប់ជ្រុងជ្រោយ ហើយរឹតតែពិសេសថែមទៀត ដើម្បីគាំទ្រការងារ ទាំងនេះឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងនាមជាអ្នកអនុវត្តផ្ទាល់ចាំបាច់ណាស់ យើងត្រូវមានការយល់ដឹងឲ្យបាន ច្បាស់លាស់ពីក្របខ័ណ្ឌគតិយុត្ត សមត្ថកិច្ច និងតួនាទីភារកិច្ចរបស់ខ្លួន៕
