នាយកដ្ឋានពាណិជ្ជកម្មបរទេស (DFT) បានព្រមានកាលពីថ្ងៃសុក្រថា ការបិទព្រំដែនកម្ពុជា-ថៃ អាចនាំឱ្យការនាំចេញតាមព្រំដែនធ្លាក់ចុះ 60 ពាន់លានបាត ប្រសិនបើស្ថានភាពនៅតែបន្តរហូតដល់ដំណាច់ឆ្នាំនេះ។
លោកស្រី Arada Fuengthong អគ្គនាយកនៃនាយកដ្ឋានបានបង្ហើបថា ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ 2025 (ខែមករា ដល់ខែឧសភា) តម្លៃនៃពាណិជ្ជកម្មព្រំដែនកម្ពុជា-ថៃបានបន្តកើនឡើង ឈានដល់ 80.72 ពាន់លានបាត កើនឡើង 11.20% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តាមការផ្សាយរបស់ កាសែតThe Nation។
ការនាំចេញរបស់ថៃមានចំនួន 63.07 ពាន់លានបាត កើនឡើង 9% ខណៈពេលដែលការនាំចូលឈានដល់ 17.64 ពាន់លានបាត កើនឡើង 20% ។ ប្រទេសថៃសម្រេចបានអតិរេកពាណិជ្ជកម្មចំនួន 45.43 ពាន់លានបាត។
ក្នុងខែឧសភាតែមួយ តម្លៃពាណិជ្ជកម្មបានកើនឡើងដល់ 16.11 ពាន់លានបាត កើនឡើង 7% ពីខែឧសភា ឆ្នាំ 2024 ជាមួយនឹងការនាំចេញសរុប 12.85 ពាន់លានបាត (កើនឡើង 6.20%) និងការនាំចូលមានចំនួន 3.25 ពាន់លានបាត។ អតិរេកពាណិជ្ជកម្មរបស់ប្រទេសថៃក្នុងខែឧសភាមានចំនួន ៩,៥៩ ពាន់លានបាត។
ទោះជាយ៉ាងនេះក្តី លោកស្រី អារ៉ាដា បានកត់សម្គាល់ថា ពាណិជ្ជកម្មរំពឹងថានឹងធ្លាក់ចុះក្នុងខែមិថុនា ដោយសារការបិទព្រំដែនដែលបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែមិថុនា ដែលធ្វើឲ្យមានការផ្អាកទាំងប្រជាជន និងទំនិញឆ្លងកាត់ ក៏ដូចជាទេសចរណ៍ ទាំងក្នុងស្រុក និងអន្តរជាតិ។
លោក ស្រី អារ៉ាដា បានពន្យល់ថា ការពិគ្រោះយោបល់ជាមួយការិយាល័យពាណិជ្ជកម្មខេត្តនៅតាមព្រំដែនបង្ហាញថា សកម្មភាពអាជីវកម្មមានការថយចុះ ដោយហាងជាច្រើននៅសងខាងព្រំដែនត្រូវបិទ។
ជាការឆ្លើយតប ក្រសួងពាណិជ្ជកម្មបាននឹងកំពុងរិះរកមធ្យោបាយជំនួស ដើម្បីគាំទ្រដល់អាជីវកម្ម ដូចជាការផ្តល់កន្លែងពាណិជ្ជកម្មថ្មីនៅក្នុងអគាររដ្ឋាភិបាល តំបន់ឯកជន និងផ្សារទំនើបជាដើម។
លោកស្រីបានគូសបញ្ជាក់ថា វិស័យនាំចេញដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការបិទព្រំដែនគឺបន្លែ និងផ្លែឈើ។ ទោះជាយ៉ាងណាក៏ដោយ ផលប៉ះពាល់មានកម្រិត ដោយសារវាស្របពេលជាមួយនឹងចុងបញ្ចប់នៃរដូវកាលនេះ។
ក្រសួងបានសម្របសម្រួលជាមួយភ្នាក់ងារសាធារណៈ និងឯកជន ដើម្បីទិញ និងចែកចាយទំនិញទាំងនេះក្នុងស្រុក។ ចំពោះទំនិញប្រើប្រាស់ និងផលិតផលឧស្សាហកម្ម ក្រសួងកំពុងជួយអ្នកនាំចេញដោយកំណត់ផ្លូវដឹកជញ្ជូនជំនួស ស្វែងរកទីផ្សារថ្មី និងលើកទឹកចិត្តការលក់តាមអ៊ីនធឺណិត។
ទាក់ទងនឹងការនាំចូល ជាពិសេសដំឡូងមីដែលប្រើសម្រាប់កែច្នៃ និងនាំចេញ លោក ស្រីអារ៉ាដា បានកត់សម្គាល់ថា មានជម្រើសសម្រាប់ប្រភពវាពីប្រទេសផ្សេងៗ ជាពិសេសប្រទេសឡាវ ដែលផ្គត់ផ្គង់ជាង 60% នៃការនាំចូលដំឡូងមីរបស់ប្រទេសថៃ។