កំពង់ឆ្នាំង៖ ស្ត្រីជាម្ដាយបានស្លាប់នៅនឹងកន្លែង ចំណែកកូនស្រីបានរងរបួសស្រាល ក្នុងហេតុការរថយន្តដឹកទឹកកកថយក្រោយមិនប្រយ័ត្ន បានកិនលើជនរងគ្រោះទាំងពីរនាក់ កាលពីវេលាម៉ោង៧ៈ១០នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅលើផ្លូវក្រាលកៅស៊ូក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
ស្ត្រីដែលបានស្លាប់មានឈ្មោះ វ័ន ស្រីដាស់ អាយុ៣១ឆ្នាំ ចំណែកកូនស្រីឈ្មោះ ធី ចាន់ឌឿន អាយុ១៦ឆ្នាំ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះ និងកូន បានដើរលើចិញ្ចើមផ្លូវពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ឆ្នាំង ២Aៈ០៤១៨ ជារថយន្តដឹកទឹកកក បើកបរដោយជនមិនស្គាល់ឈ្មោះ បានបើកថយក្រោយមិនប្រយ័ត្នក៏បានកិនស្ត្រីជាម្ដាយ និងកូនស្រីបណ្ដាលឱ្យម្ដាយរងរបួសធ្ងន់ ហើយបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែដោយសាររបួសធ្ងន់ពេកក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យ។ចំណែកកូនស្រីរងរបួសស្រាល។
ក្រោយកើតហេតុសពស្ត្រីរងគ្រោះបានដឹកទៅបូជានៅវត្តត្រពាំងបី ប៉ុន្តែដោយសារគ្រួសារស្រ្តីរងគ្រោះ មានជីវភាពខ្វះខាត់ ដូចនេះអាជ្ញាធរកំពុងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជួយឧបត្ថម្ភក្នុងពិធីបុណ្យសពរបស់ស្ត្រីខាងលើនេះផង៕
