ក្នុងវេទិកាធុរកិច្ចកម្ពុជានិងកូរ៉េដែលមានតំណាងក្រុមហ៊ុន១៩៨ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានថ្លែងប្រាប់អ្នកវិនិយោគកូរ៉េថា កម្ពុជាមានកម្លាំងពលកម្មជំនាញដែលមានភាពបត់បែនខ្ពស់ក្នុងទីផ្សារដើម្បីបម្រើឱ្យសង្វាក់ផលិតកម្មជូនអ្នកវិនិយោគ។
សម្តេចបានគូសបញ្ជាក់ថា៖ “កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃសម្រាប់យុវជន ១.៥លាននាក់ នឹងបង្កើតឱ្យមានកម្លាំងពលកម្ម ដែលមានជំនាញប្រកបដោយភាពបត់បែន នៅក្នុងទីផ្សារការងារ។ ប្រទេសកម្ពុជាកំពុងក្លាយជាគោលដៅដ៏ចម្បង ដែលជំរុញការអភិវឌ្ឍថាមពលប្រកបដោយចីរភាព និងបរិវត្តកម្មឌីជីថល ដើម្បីបើកឱកាសដ៏គួរឱ្យទាក់ទាញដែលមានស្រាប់ ជាពិសេសសម្រាប់ធុរកិច្ចផ្នែកបច្ចេកវិទ្យារបស់កូរ៉េ”។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ដែលដឹកនាំដោយសម្តេចធិបតី បានដាក់ចេញនូវការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ដើម្បីផ្តល់ជំនាញមួយយ៉ាងពិតប្រាកដដើម្បីប្រែក្លាយកម្ពុជាពីប្រទេសអតិពលកម្មទៅជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកបវេសនកាលបណ្តុះបណ្តាលជំនាញកម្រិតបច្ចេកទេស វិជ្ជាជីវៈ ១ (C1)កាលពីថ្ងៃទី១៥ ខែមករាឆ្នាំ២០២៤លើវិស័យចំនួន១០ និងជំនាញចំនួន៣៨មុខដែលជាជំនាញកំពុងមានតម្រូវការខ្ពស់ក្នុងទីផ្សារសម្រាប់បម្រើឱ្យការប្រកួតប្រជែងសម្រាប់ទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត។
ការបញ្ជាក់របស់សម្តេចប្រមុខរាជរដ្ឋាភិបាលស្តីពីការបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋកម្ពុជានាពេលនេះ គឺនៅចំពេលដែលកម្ពុជា និងសាធារណរដ្ឋកូរ៉េជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយដែលមានទំហំពាណិជ្ជកម្មទ្វេភាគីសរុបប្រមាណ ៧៥១លានដុល្លារ ឈរលើលេខរៀងទី១១កាលពីឆ្នាំ២០២៣កន្លងមកនេះ ហើយការវិនិយោគដោយផ្ទាល់ពីវិនិយោគិនកូរ៉េ (FDI) មានចំនួនសរុបរហូតដល់ជាង ៥ពាន់លានដុល្លារ ខណៈដែលប្រទេសទាំងពីរ ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា–កូរ៉េ(CKFTA) ជាមួយគ្នាផងដែរកាលពីខែធ្នូ ឆ្នាំ២០២២។ ទាំងនេះ គឺជាកត្តាចាំបាច់ដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់ពលរដ្ឋកម្ពុជាដើម្បីត្រៀមក្នុងការផ្គត់ផ្គង់ទីផ្សារការងារ៕
