សៀមរាប៖ លំនៅដ្ឋានប្រជាពលរដ្ឋ ៧៥ខ្នងនៅស្រុកបន្ទាយស្រី បានទទួលរងការខូចខាត បន្ទាប់ពីមានភ្លៀង លាយឡំនិងខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។
អធិការនគរបាលស្រុកបន្ទាយស្រី លោកវរសេនីយ៍ឯក ឡុង សំណាង បានឱ្យដឹងថា លំនៅដ្ឋានប្រជាពលរដ្ឋទាំង៧៥ខ្នង ដែលខូចខាតនេះ មាននៅឃុំត្បែង របើកសំយាបផ្ទះ(ស័ង្កសី) ចំនួន ០៦ខ្នង និងនៅឃុំរុនតាឯក ខ្យល់កន្ដ្រាក់ ភូមិតានី រលំផ្ទះទាំងស្រុង ចំនួន ០៥ខ្នង,របើកដំបូលផ្ទះ(ស័ង្កសី) ចំនួន ៦៤ខ្នង។ លោកបន្តថា នៅក្នុងគ្រោះថ្នាក់ធម្មជាតិនេះ មិនមានមនុស្ស សត្វរងគ្រោះថ្នាក់នោះទេ។
បើតាមលោកវរសេនីយ៍ឯកឡុង សំណាង បានបញ្ជាក់ថា បន្ទាប់ពីទទួលបានករណីនេះភ្លាមក្រុមការងារថ្នាក់ដឹកនាំ និងកម្លាំងនគរបាលស្រុកបន្ទាយស្រី បានសហការគ្នាចុះទៅដល់ទីតាំងកើតហេតុដើម្បីជួយសង្គ្រោះដល់ពលរដ្ឋផងដែរ៕
In this article:
