ភ្នំពេញ: ការប៉ះទង្គិចប្រយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ តាមបន្ទាត់ព្រំដែន ក្លាយជាមូលហេតុនៃការបាត់បង់ធ្ងន់ធ្ងរទាំងជីវិតមនុស្ស និងទ្រព្យសម្បត្តិ។ ព្រឹត្តិការណ៍សង្គ្រាមដែលកើតឡើងជាបន្តបន្ទាប់នេះ មិនត្រឹមតែ
បង្កឱ្យមានការរងរបួស និងស្លាប់របស់កងទ័ពទេ ប៉ុន្តែបានប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ព្រំដែន។
សង្គ្រាមបានធ្វើឱ្យមានកងទ័ពស្លាប់ និងរងរបួសច្រើននាក់ ខណៈប្រជាពលរដ្ឋមួយចំនួនក៏បានស្លាប់និងរងរបួស ដោយសារការបាញ់អាវុធធុនធ្ងន់ មានទាំងយន្តហោះF16 ទំលាក់គ្រាប់ចូលក្នុងទឹកដីកម្ពុជា។
ក្រៅពីការបាត់បង់ជីវិត សង្គ្រាមក៏បណ្តាលឱ្យមានការបំផ្លាញទ្រព្យសម្បត្តិច្រើនដូចជា ផ្ទះសម្បែង សាលារៀន សេវាសាធារណៈ និងកសិដ្ឋាន។ តាមការបញ្ជាក់របស់អាជ្ញាធរ ផ្ទះប្រជាពលរដ្ឋជាច្រើនត្រូវបានបំផ្លាញដោយគ្រាប់ផ្លោងចូលមកកម្ពុជា បណ្ដាលឱ្យប្រជាពលរដ្ឋរាប់ម៉ឺនក្រុមគ្រួសារត្រូវចាកចេញពីផ្ទះ និងស្វែងរកទីស្នាក់ថ្មីដែលមានសុវត្ថភាព។ 
ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ត្រូវបានជំលៀសខ្លួនទៅតាមជំរុំសន្តិសុខ ដើម្បីគេចផុតពីគ្រោះថ្នាក់នៃសង្គ្រាមនេះ។ ការជំលៀសខ្លួននេះ មានប្រជាពលរដ្ឋរាប់ពាន់គ្រួសារបានមកស្នាក់នៅក្នុងខេត្តសៀមរាប អាជ្ញាធរខេត្ត បានរៀបចំទទួលជនភៀសសឹក មានទីតាំងស្នាក់នៅ អាហារឧបត្ថម និងសេវាសុខាភិបាលផងដែរ។
មានប្រទេសមួយចំនួន បានអំពាវនាវឱ្យប្រទេសទាំងពីរប្រើប្រាស់សន្តិវិធី និងការចរចាការទូត ដើម្បីបញ្ចប់ភាពសង្គ្រាមនេះ។
ប្រទេសថៃបានវ៉ៃប្រហារមកលើប្រទេសកម្ពុជាមុន ទើបសង្គ្រាមនេះផ្ទុះឡើង បណ្តាលអោយកងទ័ពរបស់ប្រទេសទាំងពីរបានស្លាប់ និងរងរបួសច្រើន ក្នុងការប្រយុទ្ធប្រឆាំងតាមព្រំដែន ព្រមទាំងពលរដ្ឋស្លូតត្រង់ និងបានបំផ្លាញទ្រព្យសម្បត្តិច្រើនដូចជា ផ្ទះសម្បែង សាលារៀន និងកសិដ្ឋាន ។ល។
មកដល់ថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២៥នេះ សង្គ្រាមថៃឈ្លៀនពានកម្ពុជា ចូលថ្ងៃទី០៤ហើយ៕ ដោយ កែវ សំណាង