កំពង់ចាម÷ក្រុមការងារចម្រុះចុះត្រួតពិនិត្យលើទីតាំងអាជីវកម្មផ្ទាល់ របស់កសិដ្ឋានជ្រូកសាច់ដែលមានស្ថិតនៅភូមិទី៣ ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាមនៅថ្ងៃទី២៦ ខែវិច្ឆិកា នេះ។

លោក ចាន់ រ៉ាន់ អភិបាលរងខេត្ត បានលើកឡើងថា កសិដ្ឋានខាងលើនេះ សាងសង់តាមលក្ខណៈបច្ចេកទេសស្តង់ដា ជាកសិដ្ឋានសម្រាប់ផ្គត់ផ្គង់ចិញ្ចឹមសត្វជ្រូកសាច់ និងបានសាងសង់មានចម្ងាយជាង ៧០០ ម៉ែត្រពីភូមិដែលប្រជាពលរដ្ឋកំពុងរស់នៅ និងប្រកបមុខរបរអាជីវកម្ម។ ទោះបីយ៉ាងណា កសិដ្ឋាននេះ ពិតជាបានបង្កឱ្យមានក្លិនបន្តិចបន្តួចចេញពីទីតាំងកសិដ្ឋានរបស់ខ្លួនពិតប្រាកដមែន ដែលក្លិននេះបានបង្កប៉ះពាល់ទៅលើប្រជាពលរដ្ឋមួយចំនួនដែលធ្វើដំណើរឆ្លងកាត់ និងប្រកបរបរកសិកម្មនៅក្បែរនោះ។

លោកបានបន្ថែមថា ជាដំណោះស្រាយ ពាក់ព័ន្ធ នឹងបញ្ហាការបង្កក្លិនចេញពីកសិដ្ឋាននេះដែរ ក្រោមការដឹកនាំរបស់អភិបាលរងខេត្តកំពង់ចាម ជាប្រធានក្រុមការងារចុះត្រួតពិនិត្យនិងមានការចូលរួមមតិយោបល់ពីក្រុមការងារ ជាពិសេសមន្ត្រីជំនាញតាមមន្ទីរ-អង្គភាពទៀតនោះ បានឯកភាពដាក់ចេញនូវវិធានការមួយចំនួនសម្រាប់កសិដ្ឋានដូចខាងក្រោម៖
១.តម្រូវឱ្យម្ចាស់កសិដ្ឋានលាងសម្អាតរោងជាប្រចាំ និងសិក្សាបច្ចេកទេសបន្ថែមទៀត យកមកអនុវត្តក្នុងការទប់ស្កាត់ការបង្កក្លិននេះ ដោយមានជំនួយពីមន្ត្រីជំនាញពីមន្ទីរ-អង្គភាពពាក់ព័ន្ធ។

២.ធ្វើការកែតម្រូវប្រព័ន្ធបន្សុតខ្យល់ និងប្រព័ន្ធប្រព្រឹត្តកម្មឡជីវឧស្ម័នលាមកសត្វ ឱ្យកាន់ល្អប្រសើរជាងនេះ ដើម្បីឈានទៅលុបបំបាត់ការបង្កក្លិន។
៣.ដាំដើមឈើបន្ថែម ជាពិសេសដើមក្រសោប ដើម្បីជួយទប់ស្កាត់ក្លិនចេញពីកសិដ្ឋាន និងជួយបន្សុតខ្យល់តាមបែបធម្មជាតិ។
លើសពីនេះទៅទៀត រដ្ឋបាលខេត្តកំពង់ចាម នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ ជាពិសេសសុខសុវត្ថិភាព សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ឱ្យបានម៉ឺងម៉ាត់ ដើម្បីប្រជាពលរដ្ឋទទួលបានសេចក្តីសុខ និងមានសុខភាពល្អគ្រប់ៗគ្នា។
