កំពង់ចាមៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានស្នេីដល់ខណ្ឌរដ្ឋបាលជលផល ត្រូវបំផុសចលនា និងលើកទឹកចិត្តដល់វិស័យឯកជន ឱ្យវិនិយោគលើការចិញ្ចឹមត្រី ជាពិសេសចិញ្ចឹមប្រភេទត្រីក្នុងស្រុក ដែលមានតម្លៃ សេដ្ឋកិច្ចខ្ពស់ ដើម្បីបម្រើទីផ្សារ បង្កើនប្រាក់ចំណូល និងអាចកាត់បន្ថយការធ្វើនេសាទ
ក្នុងដែនទឹកធម្មជាតិផងដែរ។ ថ្លែងបែបនេះក្នុងពិធីលែងកូនត្រី និងត្រីមេពូជប្រមាណ ២០ម៉ឺនក្បាល នៅតំបន់ទំនប់ជ្រោយចេក ស្ថិតក្នុងឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ កញ្ញា ២០២៦ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានបញ្ជាក់ថា កូនត្រី និងត្រីមេពូជ ប្រមាណ ២០ម៉ឺនក្បាល ដែលយើងរួមគ្នាប្រលែងនាពេលនេះ គឺមានអត្ថន័យ និង សារៈសំខាន់បំផុត សម្រាប់បំផុសស្មារតី ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន ឱ្យចូលរួម យ៉ាងសកម្ម ក្នុងសកម្មភាព ថែរក្សា ការពារ អភិរក្ស និងបង្កើនផល ស្តុកធនធានជលផល ក្នុងបឹងធម្មជាតិ ឱ្យកាន់តែសំបូរឡើងថែមទៀត សម្រាប់ប្រជាពលរដ្ឋយើងប្រើប្រាស់កាត់បន្ថយភាពក្រីក្រ និងបង្កើនជីវភាពរស់នៅផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខណ្ឌរដ្ឋបាលជលផល ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត ចំពោះជនល្មើស បំផ្លាញព្រៃលិចទឹកនៅគ្រប់ទីកន្លែង និងកិច្ចការពារកន្លែងអភិរក្សជលផល ដោយបន្តការងារ បង្ក្រាបបទល្មើសជលផលជាប្រចាំ ពោលគឺត្រូវចាត់វិធានការគ្រប់បែបយ៉ាង ដោយផ្តោតសំខាន់ ទៅលើបទល្មើសដែលបំផ្លិចបំផ្លាញខ្លាំង ដូចជាឧបករណ៍ឆក់ ឧបករណ៍ស្បៃមុង និងការប្រើ សារធាតុពុល ដើម្បីចាប់ត្រីជាដើម ៕
