មេដឹកនាំនៃប្រទេសកម្ពុជា និងថៃបានធ្វើទស្សនកិច្ចនៅផ្នែកផ្សេងៗគ្នានៃព្រំដែនដីមានជម្លោះរបស់ពួកគេ នៅថ្ងៃព្រហស្បតិ៍ (២៦ មិថុនា) ខណៈដែលភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរបានផ្ទុះឡើងជុំវិញជម្លោះទឹកដី និងរដ្ឋាភិបាលថៃកាន់តែខិតជិតដល់ការដួលរលំ។
កាលពីព្រឹកមិញនេះ សម្តេច ហ៊ុន សែន បានទៅសួរសុខទុក្ខកងទ័ព និងមន្ត្រីក្នុងខេត្តឧត្តរមានជ័យ ទល់មុខនឹងខេត្តសុរិន្ទរបស់ថៃ ។

ខណៈនោះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់កងទ័ពឱ្យត្រៀមវាយប្រហារកងកម្លាំងឈ្លានពានដោយមិនខ្លាចញញើត ឲ្យសោះ។

នៅព្រឹកថ្ងៃព្រហស្បតិ៍នៅដែរ លោកស្រី នាយករដ្ឋមន្ត្រីថៃ Paetongtarn បានមកក្រុងអារញ្ញប្រាថេជាប់ព្រំដែនថៃ ក្នុងខេត្តស្រះកែវ ទល់មុខក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ។

នាយករដ្ឋមន្ត្រី Paetongtarn ថ្លែងថាស្ថានភាពព្រំដែនជាមួយកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសឆ្លងព្រំដែន និងធានាការផ្តល់ជំនួយដល់ប្រជាពលរដ្ឋ និងអាជីវកម្មដែលរងផលប៉ះពាល់។

នាយករដ្ឋមន្ត្រី Paetongtarn Shinawatra នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំមួយ ដើម្បីពិភាក្សាអំពីភាពតានតឹងនៅតាមព្រំដែនដែលកំពុងបន្តជាមួយប្រទេសកម្ពុជា និងផលប៉ះពាល់នៃការបិទព្រំដែននៅក្នុងខេត្តស្រះកែវ។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលាអារញ្ញប្រាថេត ក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ មានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ៍ Natthapon Nakpanich អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ និងមន្ត្រីរាជការមូលដ្ឋាន។
លោក Jirayu Houngsub អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីបានបង្ហើបថា នាយករដ្ឋមន្ត្រីបានសម្តែងការព្រួយបារម្ភចំពោះផលប៉ះពាល់សេដ្ឋកិច្ចសម្រាប់ទាំងប្រទេសថៃ និងកម្ពុជា ដោយសារតែការបិទប៉ុស្តិ៍ត្រួតពិនិត្យអចិន្ត្រៃយ៍ចំនួនប្រាំមួយ និងប៉ុស្តិ៍ត្រួតពិនិត្យបណ្តោះអាសន្នចំនួនដប់នៅក្នុងខេត្តស្រះកែវ សូរិន អ៊ូប៊ុនរ៉ាត់ថានី ឈុនបុរី ត្រាត និងចាន់ថាបុរី។

ពលរដ្ឋថៃនិយាយពីការលំបាកដោយសារទហានថៃបិទព្រំដែនជាមួយកម្ពុជា
ជាមួយគ្នានេះដែរ អាជីវករថៃ នៅផ្សាររុងក្លឿ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បាននាំគ្នាប្រមូលតវ៉ាហើយ ដើម្បីទាមទារឲ្យរដ្ឋាភិបាល និងក្រុមយោធារបស់ពួកគេ បើកច្រកទ្វារព្រំដែនជាមួយកម្ពុជាឡើងវិញ។
ការតវ៉ានេះ បានធ្វើឡើងចំពេលដែលនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថង ថាន បានចុះមកពិនិត្យមើលជាក់ស្តែងនៅច្រកទ្វារអន្តរជាតិខ្លងលឹក ទល់មុខនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ពលរដ្ឋ និងអាជីវករថៃ បាននិយាយថា ការបើកទ្វារច្រកបែបនេះ គឺគេមិនហៅថា បើកច្រកទេ។ បើកច្រកព្រំដែន គឺត្រូវធ្វើដូចមុន មនុស្សចេញចូលបាន នាំទំនិញចេញចូលជាមួយកម្ពុជាបាន។
ពលរដ្ឋថៃ បានបង្ហាញពីការលំបាកនៅក្នុងជីវភាពរស់នៅ និងរកស៊ីយ៉ាងខ្លាំង ចាប់តាំងពីទាហានថៃ បានបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជាមក៕
