Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

គ្រឿងញៀនជាង ៤០មុឺនគ្រាប់ ត្រូវបានតម្រួតថៃចាប់បាន ខណៈបម្រុងឆ្លងដែនចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ប្រមាណជាង ៤០មុឺនគ្រាប់ ត្រូវបានតម្រួតថៃចាប់បាននៅវេលាម៉ោង៦និង៣០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅច្រកទ្វារព្រំដែនអន្តរជាតិខ្លងឡឹក ខេត្តស្រះកែវ ប្រទេសថៃ ឈមនិងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខណៈបម្រុងដឹកឆ្លងចូលមកខាងកម្ពុជា។

ពលរដ្ឋខ្មែរស៊ីឈ្នួលអូសរទេះដឹកអីវ៉ាន់ភ្ញៀវទេសចរណ៍ ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក បានប្រាប់ឲ្យដឹងថា៖ មុនពេលតម្រួតថៃឃាត់ចាប់បានគ្រឿងញៀន មានបុរសជនជាតិថៃម្នាក់ បានបើកឡានមកចតនៅចំណតក្បែរច្រកអន្តរជាតិខ្លងឡឹកខាងភាគីថៃ បានទំលាក់វ៉ាលីចំនួន៣ រួចជនជាតិថៃម្នាក់នោះ បានប្រាប់ឲ្យជនជាតិខ្មែរដែលជាកម្មករអូសរទេះ ឲ្យដឹកអីវ៉ាន់ វ៉ាលីរបស់ខ្លួនយកឆ្លងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បំណងចូលមកក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា។

ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា នៅពេលលើកវ៉ាលីធ្ងន់ពេកលើកដាក់រទេះមិនរួច ក៏ហៅគ្នាមកជួយលើក ហើយឆ្ងល់ហេតុអ្វីវ៉ាលីខោអាវធ្ងន់ខុសពីធម្មតា ក៏បើកមើលឃើញកញ្ចប់សង្ស័យគ្រឿងញៀន ទើបរាយការណ៍ប្រាប់តម្រួតថៃចាប់តែម្តង ហើយក៏បានហៅកម្មករអូសរទេះទៅសួរនាំ និងរកឃើញគ្រឿងញៀនប្រភេទ មេតំហ្វេតាមីនចំនួន៣វ៉ាលី។ ចំណែកជនជាតិថៃដែលជួលឲ្យកម្មករខ្មែរអូសរទេះនោះ បន្ទប់ពីនិយាយជាមួយកម្មករអូសរទេះហើយក៏ដើរឆ្លងចូលមកខាងទឹកដីកម្ពុជាមុនបាត់ស្រមោលតែម្តង។

ប្រភពពីសមត្ថកិច្ចថៃបានឲ្យដឹងថា យ៉ាបា ឬមេតំហ្វេតាមីន ដែលឃាត់នៅច្រកទ្វារព្រំដែនអន្តរជាតិខ្លងឡឹក បម្រុងនាំចូលមកកម្ពុជានោះ មានទំងន់២០០គីឡូក្រាម មានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ៤០០.០០០គ្រាប់ ខណៈនេះកំពុងសួរនាំកម្មករអូសរទេះ និងឆែកមើលកាមេរ៉ាសុវត្ថភាព ស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យដើម្បីតាមចាប់ខ្លួនមកអនុវត្តច្បាប់៕