នៅប៉ុន្មានម៉ោងមុនកិច្ចប្រជុំ JBC កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ, មេបញ្ជាការយោធភូមិភាគទី២ថៃ លោក Boonsin Padklang បានលើកឡើងនៅព្រឹកថ្ងៃសៅរ៍នេះថា «វាជាដីរបស់ខ្ញុំ។ ប្រសិនបើអ្នកចង់បាន ប្រយុទ្ធគ្នាទៅ»
បន្ថែមពីនេះ បញ្ជាការយោធភូមិភាគទី២ រូបនេះ បាននិយាយថា ថៃនឹងមិនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នោះទេ ដោយសារបើភាគីម្ខាងមិនទទួលស្គាល់យុត្តាធិការរបស់ ICJ ទេ នោះតុលាការនឹងមិនសម្រេចឡើយ។ លោកអះអាងទៀតថា រដ្ឋាភិបាលថៃ នឹងប្រើវិធីសាស្រ្តនេះ។
«ដូច្នេះ កុំបារម្ភពីការទៅ ICJ អី។ ខ្ញុំបានប្រាប់រដ្ឋាភិបាលហើយ ថាមិនចាំបាច់ទៅនោះទេ។ វាមិនពាក់ព័ន្ធគ្នាទេ។ ដីនេះជាដីរបស់យើងយូរមកហើយ។ បើគេចង់បាន ប្រយុទ្ធគ្នាទៅ វាចប់ហើយ។ វាគ្មានអីពិបាកទេ។»។ បញ្ជាការយោធភូមិភាគទី២ លោក Boonsin Padklang ថ្លែងដូច្នេះ។
តាមកាសែតខាវស៊ុតរបស់ថៃ ផ្សាយគឺព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ថា មេបញ្ជាការភូមិភាគ២ថៃ ដែលបង្កើតការដឹកនាំបាញ់ប្រហារលើកងកម្លាំងយោធាកម្ពុជា នៅចំណុចមុំបី ស្លាប់ម្នាក់កាលពីចុងខែឧសភាថ្មីៗនេះ បានប្រកាសថា ភាគីថៃមិនទទួលយកការតវ៉ាក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ជាដាច់ខាត គឺពួកទាហានជ្រលនិយមទាំងនេះ មិនស្តាប់រដ្ឋាភិបាលថៃនោះទេ ដោយមានបំណងចង់ធ្វើសង្រ្គាមឈ្លានពានប្លន់យកទឹកដីកម្ពុជា។
មហិច្ឆតានេះ ពិត ឬមិនពិត អាស្រ័យលើរាជរដ្ឋាភិបាលថៃ ចេញសេចក្ដីប្រកាសព័ត៌មាន បដិសេធ ឬយ៉ាងណា ?! បើមិនបដិសេធ មានន័យថា ជាការពិតហើយ, តែបើបដិសេធវិញ មានន័យថា ជាការនិយាយចេញពីមាត់បុគ្គល មិនមែនជាជំហររបស់រាជរដ្ឋាភិបាលថៃនោះទេ។