Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានជាតិ

លោក គង់ សំអាត ត្រូវបានតែងតាំងជាប្រធានពន្ធនាគារខេត្តស្វាយរៀងថ្មី ជំនួស លោក សួស សាខូ ដែលត្រូវចូលនិវត្តន៍

ស្វាយរៀង៖ លោក គង់ សំអាត ត្រូវបានតែងតាំងជាប្រធានពន្ធនាគារខេត្តស្វាយរៀងថ្មី ជំនួស លោក សួស សាខូ ដែលត្រូវចូលនិវត្តន៍ ដែលពិធីប្រកាសធ្វើឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ ក្រោមវត្តមាន ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និង លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក ប៉េង ពោធិ៍សា បានសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណ ចំពោះ ឧត្ដមអគ្គានុរក្សថ្នាក់លេខ២ សួស សាខូ ដែលក្នុងរយៈពេល១៥ឆ្នាំ បម្រើការងារជាមន្រ្តីនគរបាល ២៣ឆ្នាំជាមន្ត្រីពន្ធនាគារក្នុងមូលដ្ឋានខេត្តស្វាយរៀង និងក្នុងនាមជាប្រធានពន្ធនាគារខេត្តរយៈពេល ១៤ឆ្នាំកន្លងមក បានសហការ និងមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយរដ្ឋបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនជាមួយនិងការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យពន្ធនាគារខេត្ត មានវឌ្ឍនភាពជាវិជ្ជមានគួរឱ្យកត់សម្គាល់ ព្រមទាំងបានកសាងនូវស្នាដៃ និងបន្សល់ទុកនូវសមិទ្ធផលល្អៗជាច្រើន លើការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដុះបណ្ដាលធនធានមនុស្សគាំទ្រដល់ការអភិវឌ្ឍនៅក្នុងអង្គភាព។

លោកអភិបាលរងខេត្ត មានប្រសាសន៍ថា ឧត្ដមអគ្គានុរក្សថ្នាក់លេខ៣ គង់ សំអាត ប្រធានពន្ធនាគារខេត្តថ្មី ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ ជាមន្ត្រីធ្លាប់មានបទពិសោធស្រាប់ក្នុងការងារដឹកនាំគ្រប់គ្រង និងនាំមកនូវបទពិសោធពីអង្គភាពចាស់ មកបញ្ចូលគ្នាជាមួយស្ថានភាព និងបទពិសោធនៅអង្គភាពថ្មី ជាពិសេសលើទឹកដីថ្មីនេះប្រកបដោយការសហការ និងបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមានប្រកបដោយសុឆន្ទៈ បុរេសកម្ម អន្តរសកម្ម និងការទទួលខុសត្រូវខ្ពស់។

ក្នុងឱកាសនោះដែរ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលជាច្រើនដែល លោក សួស សាខូ អតីតពន្ធនាគារសម្រេចបានកន្លងមក។ ជាមួយនោះ សូមណែនាំដល់ប្រធានពន្ធនាគារខេត្តថ្មី ត្រូវមានសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យ និងការដឹកនាំការងារទៅតាមឋានានុក្រម យកចិត្តទុកដាក់កែលម្អរាល់ចំណុចខ្វះខាតដែលកើតមាននៅក្នុងអង្គភាព ត្រូវមានភាពជាម្ចាស់ការក្នុងការដឹកនាំអង្គភាពពន្ធនាគាឱ្យទទួលបានលទ្ធផលល្អ ត្រូវមានទំនាក់ទំនងល្អ រវាងមន្ទីរអង្គភាពស្ថាប័ននានាជុំវិញខេត្ត ដែលចំណុះឱ្យរដ្ឋបាលខេត្ត ជាពិសេសត្រូវគោរព និងអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ៕