Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានជាតិ

ទូកង “សន្ទុះរាជសីបារមីចង្ហាន់ហុយ” កំពុងជួសជុលដោយក្រុមកីឡាករដោយស្ម័គ្រចិត្តមិនចំណាយថវិកា អំពាវនាវសប្បុរសជនជួយ

កំពង់ឆ្នាំង៖ ទូកង “សន្ទុះរាជសីបារមីចង្ហាន់ហុយ” គឺជាទូកវត្តទួលព្រះវិហារក្នុង ឃុំកោះថ្កូវ ស្រុកជល់គិរី ដែលបានកសាងឡើងនៅឆ្នាំ២០០៣ និងធ្លាប់បានចូលរួមប្រកួតយកជ័យជម្នះលេខ១ ចំនួន៤លើក និងលេខ២ ចំនួន២លើក។

លោក ស៊ុំ ស៊ត ជាមេជាងដែលកំពុងជួសជុលទូកខាងលើ បានឱ្យដឹងថា ទូកនេះបានកសាងនៅអំឡុងឆ្នាំ២០០៣ ហើយបានចូលរួមប្រកួតនៅរាជធានីភ្នំពេញ បានទទួលចំណាត់ថ្នាក់ផែនលេខ១ ចំនួន ៤លើក។ ក្រោយមកដោយសារទូកមានសភាពទ្រុឌទ្រោមខ្លាំងនៅឆ្នាំ២០២០ ព្រះគ្រូចៅអធិការវត្ត ព្រះនាម ពៅ ចាន់ណារិទ្ឋិ ក៏បានផ្ដួចផ្ដើមកសាងទូកថ្មីមួយទៀត ដែលមានឈ្មោះដូចគ្នា គឺសន្ទុះរាជសីហ៍បារមីចង្ហាន់ហុយ ហើយបានចូលរួមប្រកួតចំនួន ២លើក ទទួលបានចំណាត់ថ្នាក់លេខ២ ទាំង២លើក។ បញ្ហាធ្លាក់មកចំណាត់ថ្នាក់លេខ២ គឺមិនមែនមកពីបញ្ហាទូកកសាងថ្មីទេ គឺដោយសារទូកគេមានល្បឿនលឿនជាង។ ទូកថ្មីនេះមានប្រវែង ២៩ម៉ែត្រកន្លះ មានចំណុះជើងចៅ៤៦នាក់ សរុបទាំងកីឡាករបម្រុង ទាំងអ្នកដាំបាយ និងអ្នកបាចទឹកមានចំនួន ៧០នាក់ ដែលចំណាយមួយលើកៗ អស់ថវិកា ១២លានរៀល។

ព្រះភិក្ខុ កែវ សារុន គ្រូសូត្រស្ដាំ ទូកង ដែលកំពុងជួសជុល ដើម្បីត្រៀមចូលរួមប្រកួតនាពេលខាងមុខ គឺមានការបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនរបស់ក្រុមកីឡាករ និងគណៈកម្មាធិការទូក រួមនិងពុទ្ធបរិស័ទចំណុះជើងវត្ត ទើបបានចេញរូបរាង ហើយបានចូលរួមប្រកួត២ឆ្នាំជាប់គ្នាកន្លងទៅ។ ថ្ងៃនេះក្នុងនាមព្រះសង្ឃគង្គក្នុងវត្ត ទួលព្រះវិហារក្នុង ក៏ដូចជាគណៈកម្មាធិការទូក ង សូមអំពាវនាវដល់ពុទ្ធបរិស័ទ សប្បុរសជនមេត្តាជួយឧបត្ថម្ភដល់ក្រុមកីឡាករ ទូកង “សន្ទុះរាជសីបារមីចង្ហាន់ហុយ” នេះផង។

នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះដែរ លោក ដូវ គឹមស៊ីង អភិបាលស្រុកជល់គីរី បានដឹកនាំក្រុមការងារពិនិត្យ ទូកង “សន្ទុះរាជសីបារមីចង្ហាន់ហុយ” ដល់ក្នុងវត្ត។ ហើយលោកបានចុះត្រួតពិនិត្យទូកងទាំង៩ ដែលត្រៀមចូលរួមប្រកួតក្នុងពិធីព្រះរាជពិធីបុណ្យអុំទូកអំបុកសំពះប្រាក់ខែ ក្នុងពេលខាងមុខ ថាតើពួកគាត់ខ្វះខាតអីខ្លះ លោកនឹងបំពេញបន្ថែម៕