Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានជាតិ

សម្ដេចតេជោ៖ លី សាម៉េត តែងប្រើឈ្មោះខ្ញុំដើរបោកប្រាស់គេ រហូតថាយកលុយដែលបោកប្រាស់បានយកមកជូនខ្ញុំ

សម្ដេចតេជោ៖ ដោយរឿងច្រើនពេកថ្ងៃនេះខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់ លោកលី សាម៉េត(ហៅគ្រូមា)។ លី សាម៉េត តែងប្រើឈ្មោះខ្ញុំ ដើរបោកប្រាស់គេរហូតថាយកលុយដែលបោកប្រាស់បានយកមកជូនខ្ញុំទៀតផងដោយប្រាប់គេថាខ្លួនចេញចូលផ្ទះខ្ញុំក្នុងពេលណាក៏បានក្នុងពេលដែលលី សាម៉េតមិនដឹងថាផ្ទះខ្ញុំបែមុខទៅខាងណាផង។

 

ឆ្នាំ២០២២ លី សាម៉េត បោកលុយឈ្មោះ សុខ ឡេង ១០លានដុល្លារថាយកមកឲ្យខ្ញុំតែពេលសុខ ឡេងផ្តាំឲ្យសួរខ្ញុំតាមកូនចិញ្ចឹមខ្ញុំទ្រី សុខាទើបខ្ញុំដឹងក៏ទាមទារពីលី សាម៉េតប្រគល់ឲ្យ សុខ ឡេងវិញទាំងអស់ដោយពេលនោះយកលី សាម៉េតទៅសួរចម្លើយ និងប្រគល់ទទួលប្រាក់នៅស្នងការនគរបាលក្រុងភ្នំពេញ។

មុននេះប៉ុន្មានថ្ងៃខ្ញុំបានប្រាប់ទៅ លី សាម៉េត ឲ្យសងលុយទៅ មួង ឃីម ចំនួន២៣មុឺនដុល្លារក្រោយមួង ឃីមបញ្ជូនសារជាវីដេអូមកខ្ញុំអមដោយសារសម្លេងឆ្លងឆ្លើយគ្នា(បានសងរួចហើយ)។

ថ្ងៃនេះខ្ញុំទទួលវីដេអូពីលោក កន សុខកាយ អភិបាលក្រុងអរីយក្សត្រ ថា លី សាម៉េត បានយកប្រាក់ពីគាត់ចំនួន៣០មុឺនដុល្លារ ដើម្បីរត់ការបានតំណែងជាអភិបាលក្រុងអរីយក្សត្រ។

ក្នុងមុខតំណែងជារដ្ឋមន្ត្រី៦ឆ្នាំ ជានាយករដ្ឋមន្ត្រី៣៨ឆ្នាំ និងពេលនេះជាប្រធានព្រឹទ្ធសភា អមដោយអំណាចជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមានព្រះមហាក្សត្រខ្ញុំធ្លាប់ចុះហត្ថលេខាតែងតាំង និងតំឡើងស័កមន្ត្រីរាប់មុឺននាក់ទាំងសុីវឹលនិងកងកម្លាំងប្រដាប់អាវុធខ្ញុំមិនដែលទទួលយកអន្តរាគមន៍ពីអ្នកណានោះឡើយមិនថាតាមការស្នើសុំឬតាមសំណូកណាមួយនោះឡើយ។ ផ្ទុយទៅវិញមន្ត្រីមួយចំនួនទទួលបានការតែងតាំងហើយទទួលបានការជួយពីខ្ញុំថែមទៀតដើម្បីឲ្យពួកគាត់មានមធ្យោបាយធ្វើការ។

ករណី លី សាម៉េត អាចនៅមានមនុស្សច្រើនទៀតដែលចាញ់បោកគាត់ក្រោមរូបភាពយកឈ្មោះខ្ញុំទៅប្រើ។
ដើម្បីជំរះបញ្ជីមួយនេះតាមរបៀបពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែងខ្ញុំសូមស្នើ៖
១.រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ធ្វើការជាមួយតុលាការដើម្បីចេញដីការការពារទ្រព្យសម្បត្តិលី សាម៉េតដើម្បីទុកសងដល់អ្នកចាញ់បោកលី សាម៉េត។
២.អ្នកចាញ់បោកលី សាម៉េតទាំងអស់ដាក់ពាក្យប្តឹងឬទាមទារសំណងទៅកាន់មេធាវីសម្តេចតេជោ។
៣.ឯកឧត្តមគី តិចរៀបចំមេធាវីសម្តេចតេជោចាំទទួលពាក្យបណ្តឹងនិងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន។ ចំពោះរឿងមិនអាចសម្រឋសម្រួលបានត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់។
៤.ស្នើសុំសមត្ថកិច្ចតាមឃ្លាំមើល លី សាម៉េត កុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់៕