Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា ដាំកូនឈើ ១.០០០ដើម ក្នុងតំបន់រមណីយដ្ឋានអង្គរ អបអរ រុក្ខទិវា ៩ កក្កដា

សៀមរាប៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ បានបើកយុទ្ធនាការដាំដើមឈើចំនួន ១.០០០ដើម អបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២៤ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោមប្រធានបទ «ព្រៃឈើដើម្បីប្រជាជន និងការអភវិឌ្ឍដោយចិរភាព» នៅតាមបណ្តោយវិថីព្រះនរោត្តមសីហមុនី ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

កម្មវិធីនេះក៏មានការចូលរួមពីលោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត, ឯកឧត្តម ឡុង កុសល និង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត រួមនឹងវត្តមានថ្នាក់ដឹកនាំខេត្ត មន្ត្រីសាខាកាកបាទក្រហមខេត្ត អាជ្ញាធរជាតិអប្សរា រួមនឹងយុវជនស្ម័គ្រចិត្តកាកបាទក្រហមមកពីបណ្ដាខេត្តចំនួន៦ រួមមាន៖ ខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ និងព្រះវិហារ។

លោក ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា មានប្រសាសន៍ថា យុទ្ឋនាការនាពេលនេះធ្វើឡើងក្នុងគោលបំណងពង្រឹងតួនាទីស្នូល និងសមត្ថភាពរបស់យុវជនស្ម័គ្រចិត្ត ក្នុងការចែករំលែកចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ និងលើកទឹកចិត្តឲ្យយុវជនមានផ្នត់គំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីៗ និងរកដំណោះស្រាយសម្រាប់បញ្ហាប្រឈមថ្មីជាសកល កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ជាពិសេសដើម្បីជំរុញ និងលើកទឹកចិត្តយុវជនចូលរួមផ្តល់សេវាកម្មមនុស្សធម៌ ស្របតាមវិស័យអាទិភាពទាំង៤ នៃយុទ្ឋសាស្ត្រ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។ ហើយនៅឆ្នាំជាបន្តសាខាកាកបាទក្រហមខេត្តនឹងដាំបន្ថែមទៀតនៅក្នុងតំបន់រមណីដ្ឋានអង្គរ ដែលបច្ចុប្បន្នឧទ្យានសហស្សវត្យន៍កាកបាទក្រហមកម្ពុជា ក្នុងក្រុងសៀមរាប។

អគ្គនាយករង អាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បង្ហាញថា ការដាំកូនឈើនៅពេលនេះ គឺជាការវិនិយោគយ៉ាងសំខាន់ដែលអាជ្ញាធរជាតិអប្សរា រួមនឹងអ្នកពាក់ព័ន្ធតែបានធ្វើកន្លងមក ដើម្បីថ្ងៃអនាគត ដោយផ្សារភ្ជាប់រវាងទីកន្លែងផ្តល់សេវាកម្មផ្នែកទេសចរណ៍ និងកន្លែងផ្តល់សេវាកម្មផ្សេងៗ ជាមួយនឹងបរិស្ថានបៃតង សម្រាប់ទាក់ទាញទេសចរចូលមកកាន់តំបន់រមណីយដ្ឋានអង្គរបន្ថែមទៀត។ តាមរយៈផែនការអភិវឌ្ឍទេសចរណ៍តំបន់អង្គរ អាជ្ញាធរជាតិអប្សរា បានចែកការងារជាអាទិភាពជាច្រើន រួមមាន៖ ការងារហេដ្ឋារចនាសម្ព័ន្ធ ការងាររៀបចំសេវាកម្មផ្សេងៗ និងការងាររៀបចំនូវសោភណ្ឌភាព ក៏ដូចជាបង្កើតនូវទេសភាពបៃតង។ ទាំងនេះជាការធ្វើឱ្យមានការបន្ស៊ីគ្នាទៅនឹងផែនការមេ និងចក្ខុវិស័យទេសចរណ៍វែងឆ្ងាយទាំងក្នុងតំបន់រមណីយដ្ឋានអង្គរ និងតាមសហគមន៍ប្រជាពលរដ្ឋ។

លោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា ការជ្រើសរើសខេត្តសៀមរាប សម្រាប់ដាំកូនឈើនាថ្ងៃនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៃការចាប់ផ្ដើមដំបូងនៃយុទ្ធនាការ ក្នុង១ឆ្នាំ យុវជនកាកបាទក្រហម ត្រូវដាំកូនឈើឲ្យបាន១.០០០ដើម ហើយនៅឆ្នាំបន្ទាប់នឹងជ្រើសរើសខេត្តផ្សេងៗទៀត ដើម្បីបន្តយុទ្ធនាការនេះ។ ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ យុវជន និងសាធាណៈជនទូទៅ សូមមានឆន្ទៈចូលរួមក្នុងបេសកកម្មរួមគ្នាដោះស្រាយបញ្ហាមនុស្សជាតិ និងបញ្ហាប្រឈមជាសកល ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ តាមរយៈសកម្មភាពរួមគ្នាថែរក្សា ការពារ ព្រៃឈើ និងបន្តចូលរួមដាំដើមឈើគ្រប់ប្រភេទនៅលើដីទំនេរ តាមទីអារាម ភូមិដ្ឋាន សាលារៀន រមណីយដ្ឋាន និងទីកន្លែងផ្សេងៗទៀតឲ្យបានកាន់តែច្រើនតាមលទ្ធភាពដែលអាចដាំបាន និងយកអស់កម្លាំងកាយចិត្តរួមគ្នាក្នុងការអនុវត្តសកម្មភាពខាងលើនេះឲ្យសម្រេចជោគជ័យ ដែលនេះក៏ជាផ្នែកមួយនៃការបណ្តុះផ្នត់គំនិតយុវជនជំនាន់ក្រោយឲ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថានបៃតងថែមទៀតផង៕