សៀមរាប៖ករណីឡានទំនើបរបស់គ្រួសារអភិជនបុកម៉ូតូនៅក្នុងបុរីសៀងណាំ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ហើយភាគីបង្កចង់បញ្ចប់រឿងត្រឹមសំណង៣លានរៀលនោះ ពេលនេះគ្រួសារជនរងគ្រោះដង្ហោយសុំស្ថាប័នច្បាប់ជួយចាត់វិធានការដើម្បីរកយុត្តិធម៌ ។
ការដង្ហោយសុំស្ថាប័នច្បាប់ជួយចាត់វិធានការ របស់គ្រួសាររងគ្រោះ គឺតាមរយៈដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលធ្វើឡើងនាថ្ងៃទី ៣០ខែឧសភាឆ្នាំ២០២៤ បន្ទាប់ពីធ្វើបុណ្យសពរួច។
កូនប្រុសរបស់ជនរងគ្រោះឈ្មោះអ៊ី សីហា ភេទប្រុសអាយុ២៣ឆ្នាំ បានឱ្យអ្នកព័ត៌មានដឹងថា ឪពុករបស់ខ្លួនមានឈ្មោះគល់ ហ៊ៅ អាយុ៦៤ឆ្នាំ មុខរបរឃ្វាលគោឲ្យមេការក្នុងបុរីសៀងណាំ។ សពឪពុកបានរៀបចំធ្វើបុណ្យនៅភូមិព្រៃក្រូច សង្កាត់ក្របីរៀល ក្រុងសៀមរាប រួចរាល់ហើយ។
សីហា បន្តថា ឪពុករបស់ខ្លួនត្រូវរថយន្តទំនើបដែលបើកចេញពីផ្ទះជំទាវលី អ៊ុំអេង បុកបាក់ចង្កេះ ហើយក៏បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ នៅប្រហែល២ម៉ោងក្រោយ។
កូនជនរងគ្រោះបន្តទៀតថា នៅថ្ងៃបន្ទាប់ ភាគីជនបង្កដែលជាគ្រួសារជំទាវលីអ៊ុំអេង មកសម្រួលដល់កន្លែងបុណ្យសព ដោយជួយបង់សំណងជំងឺចិត្តត្រឹមតែ៣លានរៀលប៉ុណ្ណោះ។ តែការសម្របសម្រួលគ្នានេះមិនអាចបញ្ចប់ទៅបានដោយសារតែគ្រួសារជនរងគ្រោះថាលុយប៉ុណ្ណឹងគ្រាន់ចូលពេទ្យអស់បាត់ទៅហើយ ចុះទម្រាំថ្លៃធ្វើបុណ្យទៀតនោះវាមិនគ្រប់ទេ ហើយពួកគាត់ស្នើសុំ៨លានរៀលតែភាគីបង្កមិនព្រមទើបឈានដល់ដាក់ពាក្យប្តឹង ដើម្បីអោយស្ថាប័នច្បាប់ជួយផ្តលើយុត្តិធម៌បែបនេះ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៧និង៣០នាទីថ្ងៃទី ២៨ខែឧសភាឆ្នាំ២០២៤ មានរថយន្តទំនើបមួយគ្រឿង បានបោះពួយចេញពីវិមានរបស់អភិជនដែលគេស្គាល់ថា ជំទាវលីអ៊ុំអេង អ្នកជំនួញដីធ្លីដ៏ល្បីនៅខេត្តសៀមរាប ទៅបុកម៉ូតូ១គ្រឿងបណ្តាលអោយជនរងគ្រោះបាក់ចង្កេះ ចំណុចផ្លូវលេខ១៥ក្នុងបុរីសៀងណាំ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ។ រថយន្តបង្កដែលបានឆក់យកជីវិតមនុស្សទាំងកណ្តាលព្រឹកនោះពណ៌ខ្មៅ ។
សាក្សីបានឲ្យដឹងថា ដោយសារឃើញគ្រួសារជន រងគ្រោះគាត់ក្រីក្រ ទើបគ្រួសារអ្នកជំនួញដីធ្លីរូបនោះធ្វើទង្វើក្អេងក្អាង ពោលគឺបុកហើយនៅឈរមើលជនរងគ្រោះដែលកំពុងដួលស្តូកស្តឹងដោយមិនបញ្ជូនទៅមន្ទីរពេទ្យ ដែលជាហេតុធ្វើអោយជនរងគ្រោះចុកចាប់រហូតហួសពេលក្នុងការព្យាបាល។
ករណីខាងលើនេះ ក៏មានអ្នកច្បាប់ម្នាក់បានលើកឡើងថា ករណីបុកបណ្តាលឲ្យបាក់ដៃ,បាក់ជើង និងអាចឈានដល់ស្លាប់ ទោះជនបង្កជាត្រកូលអភិជន ឬត្រកូលអ្វីក៏ដោយ ត្រូវតែទទួលទោស។ ចុះករណីនេះហេតុអ្វីក៏គ្មានការឃាត់ខ្លួនជនបង្ករ? ឬមួយថាសំណុំរឿងនេះត្រូវបានលាក់បាំង? ករណីបង្កអោយមនុស្សស្លាប់ ត្រូវតែបញ្ជូនទៅតុលាការ មិនអាចបញ្ចប់ក្រៅប្រពន្ធ័តុលាការបានឡើយ។ អីចឹងទេ អ្នកឃុបឃិតត្រូវទទួលទោសដូចគ្នា៕
