សៀមរាប៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្សល់កន្ដ្រាក់ និងរន្ទះបាញ់ចំនួន ៦៤គ្រួសារ មកពីឃុំចំនួន៤ គឺឃុំរើល ឃុំពួក ឃុំដូនកែវ និងឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។
លោក គុជ លីណា អនុប្រធានអចិន្ត្រៃគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បើទោះបីជាថ្នាក់ដឹកនាំលោកមិនបានចុះជួបបងប្អូនផ្ទាល់ ប៉ុន្ដែជានិច្ចកាលលោកបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូបគ្រប់ពេលវេលា និងទីកន្លែង ជាពិសេសកាេបានចាត់ក្រុមការងារ ដើម្បីចុះពិនិត្យជាបន្តបន្ទាប់ និងរៀបចំអំណោយមនុស្សធម៌ជូនបងប្អូននាពេលនេះ។
លោកក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាបានមកដល់ហើយ។ ម្យ៉ាងវិញទៀត បើឃើសភាពមិនស្រួលត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេលដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា។
សូមបញ្ជាក់ថា អំណោយដែលបាននាំយកមកប្រគល់ជូនបងប្អូនទាំង ៦៤គ្រួសារដែលក្នុងនោះមាន៖ រលំផ្ទះ ១២ខ្នង របើកដំបូល ៥០ខ្នង និងរន្ទះបាញ់បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ រួមមាន៖ អង្ករ មុង ភួយ សារុង ក្រមា កន្ទេល ស័ង្កសី ថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕
