ទាហានថៃនៅតែវាយប្រហារសន្ធាប់ប្រើគ្រប់សព្វាវុធ ទោះទទួលពាក្យបទឈប់បាញ់ពី លោកប្រធានាធិបតី Donald Trump ក៏ដយោយ។
ទោះទទួលពាក្យបទឈប់បាញ់ពីលោកប្រធានាធិបតី Donald Trump ទាហានថៃនៅតែបន្ដវាយប្រហារដោយគឃ្លើន និងសន្ធាប់មកកាន់ដែនអធិប្បតេយ្យភាពកម្ពុជា ដោយប្រើប្រាស់សព្វាវុធធុនធំ យន្ដហោះទម្លាក់គ្រាប់ និងគ្រាប់បែកចង្កោម កាន់តែច្រើនជាងមុន។
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅម៉ោង៧ព្រឹកថ្ងៃទី២៧ ខែកក្កដានេះថា ចាប់ផ្ដើមពីម៉ោង៥ព្រឹកថ្ងៃទី២៦ ខែកក្កដា ទាហានថៃបាញ់ផ្លោងចូលជាំតែ បុស្បូវ ហើយនៅវេលាម៉ោង ១០:៤០ យន្ដហោះថៃបានទម្លាក់គ្រាប់បែកចំនួន ២គ្រាប់នៅលើផ្លូវឡើងទៅកាន់ប្រាសាទព្រះវិហារ។
នៅម៉ោង ១១:៥៦ យន្ដហោះថៃ បានទម្លាក់គ្រាប់បែកចង្កោមនៅភ្នំខ្មោច រហូតដល់ម៉ោង ២:៣០ ថៃចាប់ផ្ដើមវាយចូលដោយរថក្រោះក្នុងតំបន់វាលឥន្ទ្រី។
ចាប់ពីម៉ោង ២:៣០ សភាពការណ៍មានការថយចុះរហូតដល់ម៉ោង ១០យប់។
លោកស្រីបន្ដថា៖ «នៅម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧នេះ ទាហានថៃចាប់ផ្ដើមផ្លោងគ្រាប់ចូលតំបន់វាលឥន្ទ្រី ហើយម៉ោង ២:៣០ទៀបភ្លឺ ថៃបានវាយផ្លោងដាក់តំបន់តាថាវ និងភ្នំខ្មោច ដោយ drone ហោះសំកាំងជាប្រចាំ»។
ចាប់ពីម៉ោង ៤:៥០ នាទីព្រឹកមិញនេះ ថៃបន្ដវាយប្រហារបាញ់ផ្លោងកាំភ្លើងធំចូលទឹកដីប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។ នៅម៉ោង ៦ ថ្ងៃទី២៧ដដែល ថៃចាប់ផ្ដើមវាយថ្មើរជើងបន្ថែមទៀតចូលតំបន់ភ្នំខ្មោច។
អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងទៀតថា៖ «គ្រប់ទីតាំងប្រយុទ្ធទាំងអស់ចាប់ពីប្រាសាទតាក្របីរបស់ដល់តំបន់មុំបី ថៃប្រើកាំភ្លើងធំ Drone ទម្លាក់គ្រាប់ គ្រាប់បែកចង្កោម និងយន្ដហោះទម្លាក់គ្រាប់យ៉ាងខ្លាំងក្លាមកលើទឹកដីកម្ពុជា ជាពិសេសតំបន់ភ្នំខ្មោច អានសេះ ប្រាសាទព្រះវិហារ រងការទម្លាក់គ្រាប់កម្ទេចផ្លូវពីសំណាក់ភាគីថៃ»។
លោកស្រី សុជាតា បានបញ្ជាក់ថា៖ «កម្លាំងរបស់យើងនៅតែបន្ដវាយបកវិញយ៉ាងសកកម្ម និងមិនញញើត តស៊ូការពារដែនអធិប្បតេយ្យភាពរបស់យើងឱ្យខានតែបាន»។