Connect with us

Hi, what are you looking for?

បរិស្ថាន

អាជ្ញាធរមន្ត្រីជំនាញខេត្តសៀមរាបបានចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីរដូវបិទនេសាទឆ្នាំ២០២៦និងឧបសម្ព័ន្ធនេសាទឧបករណ៍នេសាទខ្នាតតូចជូនដល់ប្រជានេសាទ

អាជ្ញាធរស្រុកសូទ្រនិគមនិងស្រុកជីក្រែងព្រមទាំងមន្ត្រីពាក់ព័ន្ធបានចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីរដូវបិទនេសាទឆ្នាំ២០២៦និងឧបសម្ព័ន្ធនេសាទឧបករណ៍នេសាទខ្នាតតូចជូនដល់ប្រជានេសាទរួចហើយ

ដោយ៖ អ៊ុក ផ្លុង

សៀមរាប ÷ ក្រោយពីរដ្ឋបាលខេត្តសៀមរាប បានប្រជុំ ណែនាំអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ អោយមានវិធានការទប់ស្កាត់និងបង្ក្រាបឲ្យបានរាល់បទល្មើសធនធានធម្មជាតិក្នុងមូលដ្ឋានខ្លួន ក្រោមអធិបតីភាព លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប កាលពី ថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ ២០២៦ នេះ ហើយក៏ជា រដូវបិទនេសាទផងដែរនោះ។នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ ផ្នែករដ្ឋបាលជលផលដំដែក សង្កាត់ រដ្ឋបាលជលផលអន្លង់សំណរ បាន ប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីរដូវបិទនេសាទឆ្នាំ២០២៦ និងឧបសម្ព័ន្ធនេសាទឧបករណ៍ខ្នាតតូច ជូនដល់ប្រជាអ្នកនេសាទ ក្នុង ឃុំ អន្លង់ សំណរ ស្រុក ជីក្រែង ក្រោមអធិបតីភាពលោក ម៉ូវ ជា អភិបាលរងស្រុកជីក្រែង និងមានការអញ្ជើញចូលរួមមាន÷កងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត កងពលតូច ង៧០ លោក មេភូមិ អនុភូមិមាត់ខ្លា លោក មេភូមិ អនុភូមិ ស្ទឹងជ្រៅ សហគមន៍នេសាទមាត់ខ្លា សហគមន៍នេសាទ ស្ទឹងជ្រៅ ប្រជាការពារភូមិ និងប្រជាអ្នកនេសាទ។ មានអ្នកចូលរួមចំនួន៩០នាក់ ស្រ្តី១៦នាក់ នៅទីធ្លាបរិវេនវត្តមាត់ខ្លា ។
ចំណែកឯ ស្រុក សូទ្រនិគម វិញ កាលពីថ្ងៃទី០១ ខែ មិថុនាឆ្នាំ២០២៦ ផ្នែករដ្ឋបាលជលផល ដំដែក សង្កាត់រដ្ឋបាលជលផល សូនទ្រនិគម បានរៀបចំប្រជុំ ផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីរដូវបិទនេសាទឆ្នាំ ២០២៦ និងឧប្បសម្ព័ន្ធនេសាទ ឧបករណ៍នេសាទ ខ្នាតតូច ជូនដល់ ប្រជានេសាទ ក្នុង ឃុំ កំពង់ឃ្លាំង ក្រោមអធិបតីភាព លោក ជុំ ចាន់ថេង អភិបាលរង ស្រុក សូនទ្រនិគម ដោយមានការចូលរួមពី លោក ពត វណ្ណដេត នាយរង ខណ្ឌរដ្ឋបាលជលផល លោកនាយរង រដ្ឋបាល សាលាស្រុក លោក ប៉ា ប៉ូរ មេឃុំ កំពង់ឃ្លាំង ក្រុមប្រឹក្សាឃុំ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក កងកម្លាំងប្រតិបត្តិការសឹករងខេត្ត កងពលតូច ង៧០ យោធភូមិភាគ៥ មូលដ្ឋានកងរាជអាវុធហត្ថស្រុក ឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាង សហគមន៍នេសាទ កំពង់ឃ្លាំង លោក មេភូមិ និងប្រជានេសាទ។ មានអ្នកចូលរួមសរុបចំនួន ៣៥៩ នាក់ ស្រ្តី ១៨១ នាក់ នៅទីធ្លាវត្ត កំពង់ឃ្លាំង។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ ស្រុក សូទ្រនិគម លោក ពត វណ្ណដេត នាយរងខណ្ឌរដ្ឋបាលជលផលសៀមរាប និងស្រុកជីក្រែង លោក សរ ម៉ាប់ នាយរងផ្នែករដ្ឋបាលជលផលដំដែក បានផ្សព្វផ្សាយច្បាប់ស្តីពីជលផលក្នុងរដូវបិទនេសាទ។ ពួកគាត់មានប្រសាសន៍ទៅកាន់ប្រជានេសាទថា បងប្អូន ដែលជា ឧប្បសម្ព័ន្ធនេសាទ ត្រូវប្រើឧបករណ៍នេសាទខ្នាតតូច ក្នុងរដូវបិទនេសាទព្រោះវាជារដូវ ត្រីពងកូន។ ទន្ទឹមនឹងនោះដែរ លោក ម៉ូវ ជា អភិបាលរងស្រុកជីក្រែង និងលោក ជុំ ចាន់ថេន អភិបាលរងស្រុក សូទ្រនិគម ក៏បាន សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមប្រើប្រាស់ឧបករណ៍នេសាទអោយបានត្រឹមត្រូវតាមច្បាប់ស្តីពីជលផលក្នុងរដូវបិទនេសាទ ហើយក៏បានណែនាំឲ្យមន្ត្រីជំនាញជលផល កម្លាំងយោធា ព្រមទាំង ស្ថាប័នពាក់ព័ន្ធ ដែល មានតួនាទីការពារ ធនធានជលផល ត្រូវតែសហការគ្នាទប់ស្កាត់និងបង្ក្រាបបទ ល្មើសនេសាទក្នុងរដូវត្រីពងកូននេះឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត ក្នុងគោលបំណងការពារលំនឹងអេកូឡូស៊ីជីវៈចម្រុះមច្ឆាជាតិក្នុងរដូវបិទនេសាទ៕