Connect with us

Hi, what are you looking for?

ជម្លោះព្រំដែនកម្ពុជាថៃ

ថៃមិនទទួលយកការសម្របសម្រួលពីភាគីទី៣, ទាហានថៃទទួលស្គាល់បានប្រើគ្រាប់បែកចង្កោម, បាញ់កាំភ្លើងធំកម្ទេចទីអារាមវត្តតាមាន់សែនជ័យសម្លាប់តាជីម្នាក់ 

ថៃមិនទទួលយកការសម្របសម្រួលពីភាគីទី៣

ទាហានថៃបញ្ជាក់ទទួលស្គាល់ថា ខ្លួនប្រើប្រាស់គ្រាប់បែកចង្កោម

យោធាថៃបាញ់កាំភ្លើងធំកម្ទេចទីអារាម ព្រះពុទ្ធបដិមារ និងទីសក្ការៈបូជា នៅវត្តតាមាន់សែនជ័យ សម្លាប់ តាជីម្នាក់ 

អ្នកនាំពាក្យក្រសួងការបរទេសថៃលោក Nikorndej Balankura បានប្រាប់រ៉យទ័រកាលពីថ្ងៃសុក្រថា ប្រទេសថៃបានច្រានចោលការសម្រុះសម្រួលភាគីទីបីនៅក្នុងជម្លោះដែលកំពុងបន្តជាមួយកម្ពុជា ដោយរក្សាថាស្ថានភាពគួរតែត្រូវបានដោះស្រាយតាមរយៈការសន្ទនាទ្វេភាគី។

សហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្នបានផ្តល់ជូនដើម្បីជួយសម្រួលដល់កិច្ចពិភាក្សារវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសថៃបានអះអាងជាថ្មីនូវគោលជំហររបស់ខ្លួនថា ទីក្រុងភ្នំពេញត្រូវតែបញ្ឈប់ការវាយប្រហាររបស់ខ្លួន ហើយថាជម្លោះនឹងត្រូវដោះស្រាយដោយផ្ទាល់រវាងភាគីទាំងពីរ។

ទាហានថៃបញ្ជាក់ទទួលស្គាល់ថា ខ្លួនប្រើប្រាស់គ្រាប់បែកចង្កោមសម្រាប់តែគោលដៅយោធាប៉ុណ្ណោះ ដោយសង្កត់ធ្ងន់ថាមិនមានផលប៉ះពាល់រយៈពេលវែងដល់ជនស៊ីវិល ដោយសារប្រទេសថៃមិនមែនជាប្រទេសហត្ថលេខីរបស់ CCM ។

ឧត្តម​សេនីយ៍ Winthai Suwaree អ្នក​នាំ​ពាក្យ​កង​ទ័ព​ថៃ​កាល​ពី​ថ្ងៃ​សុក្រ​បាន​ថ្លែង​ទៅ​កាន់​ការ​ចោទ​ប្រកាន់​របស់​កម្ពុជា​ដែល​ថា​ថៃ​បាន​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា គ្រាប់បែកចង្កោមត្រូវបានប្រើតែនៅពេលដែលចាំបាច់ ដើម្បីកំណត់គោលដៅយោធា ពង្រឹងសមត្ថភាពកម្ទេចគោលដៅទាំងនោះ។

លោកបានពន្យល់ថា នៅពេលដែលគ្រាប់ផ្លោងធំទៅដល់គោលដៅ គ្រាប់រំសេវនៅខាងក្នុងនឹងបំផ្ទុះជាបន្តបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ គ្រាប់បែកទាំងនេះមិនមែនជាគ្រាប់មីនប្រឆាំងមនុស្សទេ ហើយមិនមានផលប៉ះពាល់រយៈពេលវែងដល់ជនស៊ីវិលបន្ទាប់ពីការប្រើប្រាស់។

ទាក់ទងនឹងអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM) ដែលហាមប្រាមការប្រើប្រាស់ ការផលិត និងការស្តុកទុកអាវុធចង្កោម លោក Winthai បានបញ្ជាក់ថា សន្ធិសញ្ញានេះមិនចងប្រទេសថៃទេ ដោយសារប្រទេសនេះមិនមែនជាប្រទេសហត្ថលេខី ដូចប្រទេសមួយចំនួនទៀត រួមទាំងសហរដ្ឋអាមេរិក និងរុស្ស៊ីផងដែរ។

កងទ័ពភូមិន្ទថៃបានបញ្ជាក់សារជាថ្មីថា សកម្មភាពយោធារបស់ខ្លួនអនុវត្តតាមគោលការណ៍ “សមាមាត្រ” ហើយថា គ្រាប់បែកចង្កោមត្រូវបានប្រើប្រាស់ទាំងស្រុងដើម្បីកំណត់គោលដៅយោធា។

យោធាថៃបាញ់កាំភ្លើងធំកម្ទេចទីអារាម ព្រះពុទ្ធបដិមារ និងទីសក្ការៈបូជា នៅវត្តតាមាន់សែនជ័យ សម្លាប់ តាជីម្នាក់ 

ការបាញ់កម្ទេចទីអារាម និងសម្លាប់តាអាចារ្យប្រកបដោយភាពព្រៃផ្សៃពីសំណាក់យោធាថៃ បានធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ម្សិលមិញ ជាថ្ងៃ​ដែលយោធាឈ្លានពានថៃ បើកការបាញ់ប្រហារ និងបញ្ឆេះសង្គ្រាមជាមួយកម្ពុជា។

វត្តតាមាន់សែនជ័យ ស្ថិតនៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ពោលគឺនៅជាប់នឹងជើងភ្នំដងរែកជាទីកន្លែងគោរពបូជា និងប្រណិប័តន៍ធម៌យ៉ាងខ្ជាប់ខ្ជួនរបស់​ប្រជាពុទ្ធបរិស័ទនៅក្នុងតំបន់នោះ។

ក្រោមទម្ងន់គ្រាប់កាំភ្លើងធំរបស់ទាហានចិត្តឃោរឃៅថៃ បានបំផ្លាញសាលាបុណ្យ និងទីសក្ការៈនានាក្នុងវត្តខ្ទេចខ្ទីគ្មានសល់។ កាន់សោកសៅថែមទៀតនោះ លោកតា​អាចារ្យ ដែលជាអ្នកប្រតិបត្តិធម៌ និងថែទាំទីអារាម ក៏ត្រូវបានស្លាប់ក្រោមទម្ងន់គ្រាប់កាំភ្លើងធំរបស់យោធាឈ្លានពានថៃ យ៉ាងអាណោចអាធ័មជាទីបំផុត។

លោកតាអាចារ្យ ដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ជី ឃាង ហៅលោក​តា​សក់ស​អាយុជាង៧០ឆ្នាំ។ សពលោកតាបានស្លាប់ក្រោមគំនរអាស្រមបាក់បែក ហើយទើប​ល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ យោធាបានចូលទៅដឹកសពរបស់លោកតា មកធ្វើបុណ្យតាមប្រពៃណី។

លោកតាបានស្លាប់តាំងពីថ្ងៃម្សិលមិញ តែគេមិនអាចចូលទៅដឹកបាន ដោយសារតំបន់នោះជាសមរភូមិក្តៅ ហើយមានការបាញ់ផ្លោងកាំភ្លើងធំពីសំណាក់យោធាថៃយ៉ាងខ្លាំង។ ទើបនៅរសៀលថ្ងៃនេះ ស្ងាត់ការបាញ់​ផ្លោងកាំភ្លើងធំពីយោធាថៃ ទើប​យោធារបស់កម្ពុជា ចូលទៅយកសពរបស់លោកតា។

សូមបញ្ជាក់ថា នៅភូមិសាស្ត្រស្រុកបន្ទាយអំពិលនៅតាមជើងភ្នំដងរែក ជាសមរភូមិយ៉ាងក្តៅគគុក ដោយយោធាថៃបានបាញ់កាំភ្លើងធំយ៉ាងខ្លាំងបំផុត។ ផ្ទះសម្បែងប្រជាពលរដ្ឋ ផ្លូវថ្នល់ និងដើមឈើជាច្រើន បានបន្សល់ស្នាមជាច្រើនបន្សល់ពីទម្ងន់គ្រាប់កាំភ្លើងធំរបស់យោធាថៃ៕