កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់ ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ឬតាមរយៈកម្មវិធី “Kapea App” ប្រសិនបើមានការសង្ស័យ ឬរងគ្រោះដោយសារការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
ឯកឧត្តមថ្លែងបែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រយៈពេល ៩ខែ ដើមឆ្នាំ២០២៦ នារសៀលថ្ងៃទី១១ ខែកញ្ញានេះ ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា បច្ចុប្បន្នល្បិចកលរបស់ក្រុមជនខិលខូចតាមប្រព័ន្ធអនឡាញមានភាពស្មុគស្មាញ និងផ្លាស់ប្តូររូបភាពជាច្រើន ដូច្នេះការចូលរួមរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋតាមរយៈកម្មវិធី Kapea App គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព និងទាន់ហេតុការណ៍បំផុត ដែលជួយឱ្យសមត្ថកិច្ចជំនាញអាចអន្តរាគមន៍ បង្ការ និងស្រាវជ្រាវបង្ក្រាបបទល្មើសឆបោកនេះបានទាន់ពេលវេលា ។
ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងអស់ ត្រូវចេះការពារខ្លួន និងត្រូវចាត់ទុកបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដូចជាមេរោគដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលអាចសម្លាប់យើង ឬបំផ្លាញយើងបានគ្រប់ពេល ប្រសិនបើយើងមានការឆ្វេសប្រហែសនោះ ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ត្រូវបន្តជំរុញការផ្សព្វផ្សាយពីរបៀបប្រើប្រាស់កម្មវិធី Kapea App នេះដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានទូលំទូលាយ សំដៅរួមគ្នារក្សាសន្តិសុខ សុវត្ថិភាព និងការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕
