ខេត្តមណ្ឌលគិរី៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ដែលទើបឡើងកាន់តំណែងថ្មី ត្រូវរួមគ្នាពង្រឹងកិច្ចប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យខាងតែបាន ដោយចាត់ទុកការងារនេះជាអាទិភាពដ៏ខ្ពស់បំផុតរបស់រាជ
រដ្ឋាភិបាល ប្រៀបដូចជាការការពារបូរណភាពទឹកដីយ៉ាងដូច្នេះដែរ។
ការថ្លែងដាស់តឿន និងដាក់ទិសដៅការងារម៉ឺងម៉ាត់បែបនេះ បានធ្វើឡើងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់ ឯកឧត្តម គង់ គឹមនី ជាអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និង លោកវរសេនីយ៍ឯក ជា ចិត្រា ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ។
នៅក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ការបង្ក្រាបបទល្មើស Online Scams គឺជាបេសកកម្មចម្បង។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យអភិបាលខេត្ត និងស្នងការថ្មី រួមទាំងថ្នាក់ដឹកនាំ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាបន្តអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវអនុក្រឹត្យលេខ០៣ បទបញ្ជាលេខ០១ ច្បាប់ស្តីពីការប្រឆាំបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ឯកឧត្តមអភិសន្តិបណ្ឌិត បានបញ្ជាក់ថា “ការផ្លាស់ប្តូរមុខតំណែង គឺជារឿងធម្មតាក្នុងជីវភាពមន្ត្រីរាជការ ក្នុងគោលដៅធានានិរន្តរភាព និងបង្កើនប្រសិទ្ធភាពដឹកនាំ
ដើម្បីការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ”។
ដើម្បីផ្ដល់ភាពកក់ក្ដៅពិតប្រាកដជូនប្រជាពលរដ្ឋ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកដល់មន្ត្រីមូលដ្ឋានទាំងអស់ ត្រូវចាត់ទុកគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាត្រីវិស័យខកខានមិនបាន ដោយត្រូវផ្តល់សេវាប្រកបដោយតម្លាភាព និងទទួលបានជំនឿទុកចិត្ត គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មានសណ្តាប់ធ្នាប់សាធារណៈល្អ ពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស (ពិសេសស្ត្រីនិងកុមារ) គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង ត្រូវដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ត្រូវមានអនាម័យ សោភ័ណភាព និងបរិស្ថានល្អ ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតកាចសាហាវ ត្រូវពង្រឹងផ្ទៃក្នុង និងអភិវឌ្ឍន៍ព្រំដែនសន្តិភាព។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់អនុសាសន៍គន្លឹះដល់ថ្នាក់ដឹកនាំថ្មីទាំងពីររូប ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាប្រក្រតីជាមួយបណ្តាខេត្តជាប់ព្រំដែន។ សកម្មភាពនេះ គឺដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងប្រែក្លាយតំបន់ព្រំដែន ឱ្យទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចិរភាព៕
