Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

អ្នក​ភូមិ​បឹង​១២​គ្រួសារ​ ស្នើ​ឱ្យ​អភិបាល​ខេត្ត​សៀមរាប ​ជួយ​ដោះ​ស្រាយ​ការ​ប៉ះពាល់​ដែល​បណ្ដាល​​មក​ពី​គម្រោង​សាងសង់​ផ្លូវ​ថ្មី​

សៀមរាប៖​ ប្រជាពលរដ្ឋ ​ដែល​រស់​នៅ​ក្នុង​ភូមិ​បឹង​ សង្កាត់​ជ្រាវ ​ក្រុង​សៀមរាប ​ជា​ច្រើន​គ្រួសារ កំពុង​មាន​បញ្ហា​ជាមួយ​​គម្រោង​សាងសង់​ផ្លូវ​វាង​មួយ​ខ្សែ ​របស់​ក្រសួង​សារធារ:ការ​​និង​ដឹក​ជញ្ជូន​ ដោយ​ពួកគាត់​​អះ​អាង​ថា​ គម្រោង​ផ្លូវ​ថ្មី​នេះ​ បាន​​ប៉ះពាល់​ផ្ទះ​សម្បែង ​ដីធ្លី​ជា​កម្មសិទ្ធិ​​របស់​ពលរដ្ឋ​​ជា​ច្រើន​គ្រួសារ​។​​
ក្រុម​អ្នក​ភូមិ ​កំពុង​តែ​ប្រមូល​ផ្ដុំ​គ្នា​កសាង​ជា​ឯកសារ ​ដើម្បី​​តវ៉ា​ចំពោះ​ការ​ប៉ះពាល់ ​ដោយសារ​គម្រោង​​សាង​សង់​ផ្លូវ​ថ្មី​នេះ ទៅ​តាម​ផ្លូវ​ច្បាប់​។ ​
​ប្រតិកម្ម​របស់​អ្នក​ភូមិ ​បាន​កើត​មាន​បន្ទាប់​ពី​​​ក្រុម​ការ​ងារ​សាង​សង់​ផ្លូវ​ បាន​ចុះ​ទៅ​វាស់​វែង​ព្រម​ទាំង​​​បោះ​បង្គោល​ កំណត់​ទីតាំង​ ហើយ​ប៉ះពាល់​ចំ​​ទៅ​​លើដី​របស់​ពួក​​គាត់​ ហើយ​អាជ្ញាធរ​មូលដ្ឋាន​​សង្កាត់​ជ្រាវ​​ សាលា​​​ក្រុង​សៀមរាប ព្រមទាំងមន្ត្រី​ក្រសួងហិរញ្ញវត្ថុ​ផង ​​បាន​​​កោះហៅ​ពួក​គាត់​ ឱ្យ​ទៅ​ប្រជុំ​នៅ​សាលាឆទាន ​ក្នុង​​ភូមិ​បឹង​កាល​ពី​ថ្ងៃ​ទី​​៩ ​ខែ​មីនា ឆ្នាំ​២០២៦​រួច​មក​។
ប្រជាពលរដ្ឋ​នៅ​ភូមិ​បឹង ​បាន​ស្នើសុំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ​ជា​ពិសេស​អភិបាល​​ខេត្ត​សៀមរាប ​ឯក​ឧត្តម​ប្រាក់ សោភ័ណ​ ជួយ​ដោះស្រាយ​ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​គម្រោង​សាងសង់​ផ្លូវ​ថ្មី​នេះ ​ឱ្យ​បាន​សមស្រប​។
​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ​ពួក​គាត់​មិន​ជំទាស់​ទៅ​និង​​គម្រោង​អភិវឌ្ឍន៍​​របស់​រាជរដ្ឋាភិបាល​ទេ​​ក៏​ប៉ុន្តែ​ចំពោះ​គម្រោង​សាងសង់​ផ្លូវថ្មី​មួយ​ខ្សែ​នេះ​ ​គឺ​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​ ខ្លះ​អាច​បាត់​បង់​ដី​និង​ខ្លះ​ទៀត​អាច​ខូចខាត​ដល់​ផ្ទះ​សម្បែង ​ដែល​កំពុង​តែ​រស់​នៅ​ផង​​។​ ​អ្នក​ភូមិ​​បាន​ចោទ​សួរ​​​ថា​​នៅ​ភូមិ​បឹង​ ​មាន​ផ្លូវ​ចាស់​១​ខ្សែ​នៅ​ខាង​ក្រោយ​ភូមិ​ ​ដែល​មាន​ស្រាប់​ មិន​​ប៉ះពាល់​ដល់​ដី​និង​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​ទេ ​ក៏​ប៉ុន្តែ​ហេតុ​អ្វី ​បាន​ជា​ក្រុម​ការងារ​សាង​សង់​ផ្លូវ​មិន​ព្រម​ធ្វើ​ផ្លូវ​ទៅ​តាម​លំនាំ​ផ្លូវ​​ចាស់​​ ហើយ​បែរ​ជា​មក​កំណត់​ទីតាំង​ផ្លូវ​​ថ្មី​​ ដោយ​​កាត់​ចំ​ផ្ទះ​និង​ដី​របស់​ប្រជាពលរដ្ឋ​ទៅ​​វិញ?។​ ពលរដ្ឋ​មិន​ចង់​បាន​សំណង​ពី​ការ​ប៉ះពាល់​ដោយសារ​គម្រោង​សាងសង់​ផ្លូវ​ថ្មី​នោះ​ទេ​ ​គឺ​គ្រាន់​តែ​ចង់​ឱ្យ​គម្រោង​សាងសង់​ផ្លូវ​ថ្មី​នេះ ​កុំ​បង្ក​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់​ដី​ធ្លី​និង​ផ្ទះ​សម្បែង ​ដែល​ពួក​គាត់ ​កំពុង​រស់​នៅ​ជា​កម្មសិទ្ធិ​ជាយូរ​មកហើយ​នោះ គឺ​ជា​ដំណោះ​ស្រាយ​ដ៏​ល្អ​៕