
សេចក្ដីបំភ្លឺព័ត៌មាន ៖ អ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័ស នៃស្ការដ្ឋាននគរបាលខេត្តក្រចេះ សូមជម្រាបជូនអ្នកនិយមតាមដានព័ត៌មាននៅលើបណ្ដាញសង្គម និងសាធារណជនឲ្យបានជ្រាប អំពីកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ក្នុងការបង្ក្រាប «មុខសញ្ញាក្រុមជួញដូរគ្រឿងញៀនដ៏សកម្ម និងមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសផ្សេងៗចំនួន ១០ដីកា»។
ខាងក្រោមនេះជាសេចក្តីបំភ្លឺទាំងស្រុង ខាងលើ។
ដំណើររឿងតាមការផ្សាយរបស់ CNC ៖ កម្លាំងនគរបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនមួយករណីនៅស្រុកសំបូរ រហូតដល់មានការផ្ទុះអាវុធជាច្រើនគ្រាប់ បណ្ដាលឱ្យជនរងគ្រោះឈ្មោះ ថា មករា អាយុ២៦ ឆ្នាំ បានស្លាប់បាត់បង់ជីវិត ក្រោយបញ្ជូនទៅមន្ទីរពេទ្យ។ នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ហន ប៉ូច អ្នកនាំពាក្យស្នងការនគរបាលខេត្តក្រចេះ។
សមត្ថកិច្ច បានបញ្ជាក់ថា ប្រតិបត្តិការនេះ បានធ្វើឡើងនៅភូមិថ្មី ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ហើយក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមេក្លោងម្នាក់មានឈ្មោះ ពុំ ស៊ីដន ដែលមានដីកាឃាត់ខ្លួនចំនួន ១០ដីកា។បើតាមក្រុមគ្រួសារជនរងគ្រោះ និងអ្នកភូមិ បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុឈ្មោះ ថា មករា បានមកផ្ទះតាយាយ ដើម្បីមុជទឹកឱ្យតាដែលមានពិការភាពជារៀងរាល់ល្ងាច ក្រោយពីមកឃ្វាលក្របីវិញ។ ដោយនៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ជនរងគ្រោះ បានមកដល់មួយសន្ទុះ ក៏មានសមត្ថកិច្ច ចុះមកប្រដាប់ដោយអាវុធគ្រប់ដៃ រួចក៏បានផ្ទុះអាវុធដេញតាមមេឃក្លោងគ្រឿងញៀន ក៏ត្រូវចំជនរងគ្រោះចំទ្រូង ធ្វើឱ្យដួលទៅលើដី រួចក៏ត្រូវបានអ្នកភូមិ នាំគ្នាឱ្យសមត្ថកិច្ចដឹកជនរងគ្រោះទៅមន្ទីរពេទ្យតាមរថយន្តរបស់សមត្ថកិច្ចតែម្ដង។អ្នកស្រី ថា រក្សា ជាប្អូនស្រីរបស់ជនរងគ្រោះ បានរៀបរាប់បន្ថែមថា មុនពេលយកជនរងគ្រោះឡើងទៅលើរថយន្តសមត្ថកិច្ច ដើម្បីដឹកទៅមន្ទីរពេទ្យ អ្នកស្រី បានប្រមូលយកសម្ភារមានតម្លៃពីហោប៉ៅខោជនរងគ្រោះ ដែលមានតែទូរស័ព្ទ និងលុយ រួមទាំងកាសស្តាប់ តែពុំបានឃើញអ្វីផ្សេងទៀតនោះទេ។ ពេលដល់មន្ទីរពេទ្យ អ្នកស្រី បានចូលទៅបំពេញឯកសារ ហើយសមត្ថកិច្ច និងបុគ្គលិកពេទ្យ ក៏បានបញ្ជូនជនរងគ្រោះទៅបន្ទប់សង្គ្រោះបន្ទាន់ ពេលដែលអ្នកស្រី ត្រលប់មកវិញ ក៏ប៉ះហោប៉ៅជនរងគ្រោះ ឮសំឡេងមានថង់ ហើយអ្នកស្រី ក៏បានទាញមកឃើញមានគ្រឿងញៀនតែម្ដង ហើយភ្លាមៗ សមត្ថកិច្ចបញ្ជាឱ្យអ្នកស្រីទុកនៅនឹងជនរងគ្រោះ ដោយពុំឱ្យយកចេញនោះទេ។ពាក់ព័ន្ធបញ្ហានេះ ក្រុមគ្រួសារជនរងគ្រោះ និងអ្នកភូមិ បានស្នើសុំដល់ស្ថាប័នពាក់ព័ន្ធ ជួយបើកការស៊ើបអង្កេត និងរកយុត្តិធម៌ដល់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត៕


