ភ្នំពេញ ៖មន្ទីរសុខាភិបាលសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបិទ និងរុះរើផ្លាកយីហោទម្លាក់ចេញមន្ទីរសម្រាកព្យាបាលជំងឺមេត្តាសំណង់១២ កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ដោយសាររកឃើញជាទីតាំង«គ្មានច្បាប់» បន្ទាប់ពីព្យាបាលបណ្ដាលឲ្យក្មេងប្រុសអាយុ ៨ខែម្នាក់បណ្តាលឲ្យស្លាប់ ។
ការចុះបិទមន្ទីរសម្រាកព្យាបាលជំងឺមេត្តាសំណង់១២ នេះ បានធ្វើឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ដោយធ្វើឡើងទៅតាមសេចក្តីសម្រេច ស្តីពីការបិទមន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់ ១២ លេខ៦០៤/២៥ រប ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមលោកវេជ្ជបណ្ឌិត កែវ វិបុល អនុប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ,លោក កែវ សុភា អភិបាលរងខណ្ឌទួលគោក និងអាជ្ញាធសង្កាត់ ។

មន្ទីរសម្រាកព្យាបាលជំងឺមេត្តាសំណង់១២ ស្ថិតនៅផ្ទះលេខ២៥ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញដែលមានលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ដែលជាម្ចាស់មន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ ផងដែរ ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅមន្ទីរសម្រាកព្យាបាលជំងឺមេត្តាសំណង់១២ បន្ទាប់ពីស្ត្រីម្នាក់ រួមទាំងក្រុមគ្រួសារ បានបីសពកូនប្រុស មកទ្រហោយំ នៅមន្ទីរសម្រាកព្យាបាលជំងឺមេត្តាសំណង់១២ ដោយចោទប្រកាន់ថា បានព្យាបាលក្មេងអាយុ៨ខែ មានការធ្វេសប្រហែស បណ្ដាលឲ្យស្លា.ប់ ព្រមទាំង កើតទុកមិនសុខចិត្ត ប្ដឹងសមត្ថកិច្ចឱ្យចុះត្រួតពិនិត្យ និងស្រាវជ្រាវ ដើម្បីរកយុត្តិធម៌ ។

ក្មេងប្រុស ដែលបានស្លាប់ឈ្មោះ វង់ ចន្ទវឌ្ឍនៈវិភូ អាយុ៨ខែ មានឪពុក ឈ្មោះ វង់ រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅ៥៥ ផ្លូវលេខ៩ បុរីឡាយគង់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បានស្លាប់បាត់បង់នៅវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យគន្ធបុប្ផា បន្ទាប់ពីបញ្ជូនចេញពីមន្ទីរសម្រាកព្យាបាលជំងឺមេត្តាសំណង់ ១២ ។

លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ភេទប្រុស អាយុ៣២ឆ្នាំ ម្ចាស់មន្ទីរសម្រាកព្យាបាលមេត្តាសំណង់១២ បានបំភ្លឺប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោងប្រហែល១៦ និង០០នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ឪពុកម្ដាយទារករងគ្រោះ បាននាំមកកាន់មន្ទីរសម្រាកព្យាបាលមេត្តាសំណង់១២ ដោយពិនិត្យឃើញ មានកំដៅ៣៧,៥០អង្សារ ហើយបានឲ្យទារករងគ្រោះសម្រាកព្យាបាលតាមដានអាការៈសុខភាពបន្ត។ នៅវេលាម៉ោងប្រហែល៦ និង៣០នាទី ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ទារករងគ្រោះ ស្រាប់តែមានអាការៈមិនស្រួលធ្វើទុកខ្លាំង ទើបខាងគ្រូពេទ្យយើងបានធ្វើការសង្គ្រោះតាមបច្ចេកទេសពេទ្យ តែដោយអាការៈមិនស្រួលខ្លាំងទើប ដឹកទារកតាមរថយន្តផ្ទាល់ខ្លួន ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា, ពេលទៅដល់គ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផា បានធ្វើការសង្គ្រោះប្រហែលជាកន្លះម៉ោង ទើបប្រាប់ថា ទារកបានស្លាប់បាត់ទៅហើយ រួចខាងមន្ទីរពេទ្យគន្ធបុប្ផា បានចេញលិខិតមរណភាពឲ្យ ហើយក្រុមគ្រួសារ ដឹកសាកសពទារកត្រឡប់មកកាន់មន្ទីរសម្រាកព្យាបាលមេត្តាសំណង់១២វិញ ។

បន្ទាប់ពីកូនប្រុសជាទីស្រឡាញ់ បានដាច់ខ្យល់ស្លាប់ ក្រុមគ្រួសារមានប្រតិកម្មយ៉ាងខ្លាំង ហើយទ្រហោយំ ហើយបានចោទប្រកាន់មកលើគ្រូពេទ្យនៅមន្ទីរសម្រាកព្យាបាលជំងឺមេត្តាសំណង់១២ ថាមានការធ្វេសប្រហែស មិនយកចិត្តទុកដាក់ទុកបណ្ដោយឲ្យកូនរបស់គាត់រហូតដល់ធ្ងន់ធ្ងរបាត់បង់ជីវិត ហើយប្តឹងសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធឲ្យជួយអន្តរាគមន៍ ដើម្បីឲ្យជួយរកយុត្តិធម៌ព្រមទាំងបីកូនជាទីស្រឡាញ់របស់គាត់ ទៅដល់មន្ទីរពេទ្យតែម្ដង។ នៅព្រឹកនោះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏ដូចជានគរបាលមូលដ្ឋាន និងនគរបាលជំនាញ ក៏ចុះទៅត្រួតពិនិត្យ និងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅមន្ទីរសម្រាកព្យាបាលជំងឺមេត្តាសំណង់ ១២ ។
បន្ទាប់ពីធ្វើការត្រួតពិនិត្យ និងប្រមូលព័ត៌មាន បានលិខិតពិនិត្យឈាមរបស់មន្ទីរសម្រាកព្យាបាលជំងឺមេត្តាសំណង់១២ លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា ក្មេងប្រុសស្លាប់ដោយជំងឺគ្រុនឈាម។
ទោះបីជាយ៉ាងណា រំលងបានមួយថ្ងៃ មន្ទីរសម្រាកព្យាបាលជំងឺមេតាដំណង់១២ ត្រូវបានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចេញសេចក្តី សម្រេចចុះបិទអាជីវកម្ម និងឲ្យរុះរើ ស្លាកចេញ ដោយមូលហេតុ ពុំទាន់មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល។ គេមានការឆ្ងល់ ថា មន្ទីរសុខាភិបាល ហេតុអ្វីបានជាទុកអោយគ្លីនិកមួយ ធ្វើអាជីវកម្មដោយពុំមានច្បាប់ ជាយូរមកហើយ ហើយទាល់តែមានរឿង ទើបចុះបិទ ហើយថា អត់ច្បាប់ ? ៕
