ភ្នំពេញ៖ រោងចក្រផលិតកាតុងមួយកន្លែង ស្ថិតក្នុងភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ ត្រូវបានអគ្គីភ័យឆាបឆេះអស់ស្ទើរតែទាំងស្រុង ដែលការឆាបឆេះនេះ កើតឡើងកាលពីវេលាម៉ោង១២ និង២០នាទីយប់ ឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។
បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា ដំបូងគេបានឃើញផ្សែងហ៊ុយខ្លាំងចេញពីបរិវេណខាងក្នុងរោងចក្រ។ លុះមួយសន្ទុះក្រោយមក ក៏ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះយ៉ាងខ្លាំង ទើបបង្កការភ្ញាក់ផ្អើលដល់សន្តិសុខដែលនៅទីនោះ នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ និងយកទឹកបាញ់ពន្លត់ជាបណ្តោះអាសន្ន រួចនាំគ្នាបើករថយន្តដែលនៅខាងក្នុងចេញមកក្រៅ និងរាយការណ៍ទៅសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍តែម្ដង។
ក្រោយរាយការណ៍ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងរថយន្តពន្លត់អគ្គិភ័យរបស់កងពលតូចលេខ៧០ បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកកាន់ទីតាំងកើតហេតុ ដើម្បីធ្វើការបាញ់ពន្លត់។ រហូតមកដល់ទៀបភ្លឺថ្ងៃដដែលនេះ មិនទាន់រលត់នៅឡើយទេ ដោយមន្រ្តីជំនាញខាងពន្លត់អគ្គិភ័យបានបន្តចូលទៅកាយគំនរខាងក្នុងដែលឆាបឆេះ និងធ្វើការបាញ់ទឹកពន្លត់ជាបន្តទៀត។ ចំពោះមូលហេតុនៃការឆាបឆេះនេះ មន្ត្រីជំនាញអគ្គិភ័យកំពុងធ្វើការស្រាវជ្រាវបន្ត៕
