កំពង់ឆ្នាំង៖ សមត្ថកិច្ចខេត្តកំពង់ឆ្នាំង សហការជាមួយមន្ទីររ៉ែ និងថាមពលខេត្ត បានចុះបង្ក្រាបសកម្មភាពបូមខ្សាច់មួយកន្លែង សង្ស័យគ្មានច្បាប់អនុញ្ញត កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រស្ទឹងបរិបូណ៌ ភូមិដំបូងក្រហម ឃុំផ្សារ ស្រុកបរិបូណ៌។

លោក អេង ខេងប្រធានការិយាល័យធនធានរ៉ែ បានឱ្យដឹងថា សាឡង់ទី១ របស់លោក ម៉ុន ប៉េង រស់នៅភូមិថ្នល់អន្លង់ក្រចុះ ឃុំបន្លាយមាស ស្រុកកំពង់លែង និងសាឡង់ទី២ ដឹកខ្សាច់ចំណុះ ១៥ម៉ែត្រគីប របស់លោក ឈាម សុខ រស់នៅភូមិថ្នល់តាសែង ឃុំក្រាំងដីមាស ក្រុងកំពង់ឆ្នាំង។
លោក ពៅ ស៊ីម ប្រធានមន្ទីររ៉ែថាមពលខេត្តកំពង់ឆ្នាំង ឱ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីសារព័ត៌មានថា មានការបូមខ្សាច់នៅតំបន់ចុងស្ទឹងបរិបូរណ៍ ក្នុងឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង រួចមកមន្ទីរបានចាត់ឱ្យមន្ត្រីចុះទៅដល់ទីតាំងដែលកំពុងធ្វើការបូមយកខ្សាច់តែម្ដង។ ជាលទ្ធផលរួមមាន៖ មានសាឡាង ២គ្រឿង និងទូកម៉ាស៊ីន៦ទូក ក្នុង១សាឡាង ចំណុះ ១៥ម៉ែត្រគីប មានមនុស្ស២នាក់ និង១ទូកទៀត ចំណុះ ៣ម៉ែត្រគីប មានមនុស្ស២នាក់។
ប្រភពនៅទីនោះគាត់ប្រាប់ថា ពួកគាត់យកទៅប្រើប្រាស់ក្នុងការបណ្ដុះកូនម្ទេស ដោយយល់ឃើញថា ជាលើកទី១ ក្រុមការងារធ្វើការបញ្ឈប់សកម្មភាព អប់រំ ណែនាំ ដោះលែង បើមានលើកទី២ ចាប់ឃាត់ ដកហូត អនុវត្តវិធានការច្បាប់។ ការបូមនេះ មិនមែនជាបែបពាណិជ្ជកម្ម ប្រើប្រាស់ផ្ទាល់ក្រុមគ្រួសារ អាចលើកលែងបាន។ ករណីចង់បូមចែកចាយលក់បន្ត ធ្វើអាជីវកម្មត្រូវតែច្បាប់ជាដាច់ខាត៕
