Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

ក្រុមអាជីវករថា មេគយចល័តតំបន់២ ស្រុកព្រះស្ដេច កំពុងប្រេីជនសុីវិល និងពង្រាយមន្ត្រីគយគ្រប់ច្រក អង្គុយចាំរាប់ឡានឈ្មួញយកលុយ

ព្រៃវែង៖ លោក ទន់ ចាន់ធី មេគយចល័តតំបន់២ ចំណុចឃុំរំចេក ស្រុកព្រះស្ដេច ត្រូវបានគេរាយការណ៍ថា កំពុងប្រេីជនសុីចិល និងពង្រាយមន្ត្រីគយគ្រប់ច្រក ហើយអង្គុយចាំរាប់ក្បាលឡានក្រុមឈ្មួញដឹកទំនិញពីព្រំដែន ចូលបង់លុយតាមការកំណត់ ក្រុមអាជីវករសូមឱ្យស្ថាប័នពាក់ព័ន្ធជួយពិនិត្យ។

បើតាមប្រភពពីក្រុមអាជីវករ ក៏ដូចជាអ្នករកស៊ីដឹកទំនិញឆ្លងដែនចេញចូលពីប្រទេសវៀតណាម មកកម្ពុជា បានបង្ហើបថា ចាប់តាំងពី លោក ទន់ ចាន់ធី ចូលកាន់តំណែងមក គឺលោកបានប្ដូរប្រព័ន្ធបង់លុយខុសពីមុន ក្នុងបំណងរក្សាការសម្ងាត់កុំឱ្យបែកធ្លាយដល់អ្នកព័ត៌មាន ដោយបានកំណត់ឱ្យអាជីវករទៅបង់លុយដាក់ខែផ្ទាល់ខ្លួន ឬទំនាក់ទំនងតាមទូរសព្ទផ្ទាល់ខ្លួន។

ប្រភពដដែលបានឱ្យដឹងថា កាលពីជំនាន់លោក ខៀវ សារឿន នៅកាន់តំណែង គឺមានការកំណត់យកលុយពីអាជីវករ ដាក់ហោប៉ាវដែរ និងបង់តាមផ្ទះផ្ទាល់ ប៉ុន្តែមិនច្រើន ហើយក៏មិនតឹងតែងដូចលោក ទន់ ចាន់ធី ហើយលោកក៏បានរៀបចំប្រព័ន្ធគ្រប់គ្រងថ្មី ដោយគាបយកលុយពីអាជីវករ អ្នកដឹកទំនិញពីវៀតណាមចូលខ្មែរច្រើនជាងមុន ជាហេតុនាំឱ្យពួកគាត់រកប្រាក់ចំណេញលែងបាន។

ប្រភពបន្តថា សម្រាប់រថយន្តធុនតូចក្នុង១ជើងត្រូវបង់ ២០ម៉ឺនរៀលជាកំហិត, រថយន្តធុនមធ្យមចាប់ពី៣០ ទៅ៥០ម៉ឺនរៀលក្នុង១ជើង, រថយន្តធុនធំចាប់ពី៥០ ទៅ៨០ម៉ឺនរៀលក្នុង១ជើង។ ជាមួយគ្នានោះ បើសម្រាប់រថយន្តដឹកទំនិញសំខាន់ៗដូចជាគ្រឿងដែក គ្រឿងម៉ាស៊ីន ចេញពីវៀតណាម ចូលមកខ្មែរឆ្លងកាត់ផ្លូវជាតិលេខ១ គឺកំណត់យករហូតដល់រាប់រយដុល្លារឯណោះក្នុង១ជើងៗ ហើយការបង់លុយទាំងនោះ មិនដែលមានក្រដាសស្នាម ឬចុងសន្លឹក បង្កាន់ដៃបង់ពន្ធចូលរដ្ឋអ្វីទេ។

ដោយឡែកពលរដ្ឋនៅតំបន់នោះ បានបង្ហើបថា ជារៀងរាល់ថ្ងៃ គេសង្កេតឃើញក្រុមឈ្មួញជាច្រើន មានទាំងខ្នាតតូច និងខ្នាតធំ បាននាំគ្នាសម្រុកដឹកជញ្ជូនទំនិញផ្សេងៗដូចជាគ្រឿងដែក គ្រឿងជ័រ អីវ៉ាន់ចាប់ហួយ បន្លែផ្លែឈើចេញពីវៀតណាម ចូលមកកម្ពុជា ដោយគេចពន្ធ និងបង់ពន្ធមិនគ្រប់តាមច្រកទ្វារព្រំដែននានាទាំងថ្ងៃទាំងយប់ ដឹកគ្មានឈប់ឈរ ជាហេតុធ្វើឱ្យសមត្ថកិច្ចជំនាញដេកចាំទទួលផលស្រាប់ៗ ជាថ្នូរមិនបង្ក្រាបទំនិញគេចពន្ធ ឬផាកពិន័យចូលរដ្ឋជាដើម៕