កំពង់ឆ្នាំង៖ សពក្មេងប្រុសស្រី២នាក់ ដែលបានបាត់ខ្លួនក្នុងករណីលិចទូកកណ្តាលទន្លេនៅចំណុចភូមិសំរិទ្ធជ័យ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ត្រូវបានរកឃើញហើយ នៅវេលាម៉ោង ៨ និង ៣០នាទីព្រឹក នៅឆ្ងាយពីទីតាំងលិចប្រហែល ៣០ម៉េត្រ។
គួរឱ្យដឹងថា ទូដែលលិច ជាទូកឈើ ដែលបានលិចកាលពីវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ខណៈដែលក្មេងរងគ្រោះទាំង២នាក់ជិះទូកឆ្លងទន្លេជាមួយឪពុកត្រឡប់មកពីលេងក្រុមក្រុមគ្រួសារវិញ ហើយដោយសារភ្លៀង និងខ្យល់ខ្លាំងទើបបណ្តាលឱ្យក្រឡាប់ទូក។
ក្រោយកើតហេតុគេឃើញវត្តមាន លោក ស៊ុន សុវណ្ណារិទ្ឋិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះដល់កន្លែងកើតហេតុផ្ទាល់ ដើម្បីដឹកនាំចុះអន្តរាគមន៍សង្រ្គោះ។
អធិការនគរបាលស្រុកកំពង់ត្រឡាច បានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ ទី១.ឈ្មោះ ម៉ូសា ណូតហាយ៉ាទី ភេទស្រី អាយុ១៤ឆ្នាំ និងទី២.ឈ្មោះ សុគ្រី យ៉ាម៉ាល់ ភេទប្រុស អាយុ ១៤ឆ្នាំ អ្នកទាំងអស់មានទីលំនៅក្នុងសង្កាត់ច្រាំងចម្រេះ២ ខ័ណ្ឌឫស្សីកែវ ៕
