ខេត្តព្រះសីហនុ៖ អយ្យការសាលាដំបូងខេត្តព្រះសីហនុ កោះហៅលោកវរសេនីយ៍ត្រី អ៊ុក ផាន់ណារ៉េត នាយប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ៣ ក្រុងព្រះសីហនុ ឲ្យចូលបំភ្លឺបណ្តឹងករណីប្រើប្រាស់អំពើហិង្សា ជនរងគ្រោះ ឈ្មោះ រ័ត្ន គន្ធី ចូលបំភ្លឺនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។
លោកធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តព្រះសីហនុ បានប្រាប់អ្នកសារព័ត៌មានតាមសារតេឡេក្រាមថាសូមជម្រាបលោកដែរថា ៖ ” ក្រោយពីទទួលពាក្យបណ្តឹងផ្ទាល់របស់ជនរងគ្រោះនៅថ្ងៃទី១៥ ខែកក្កដាភ្លាម អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចាត់ការតាមនីតិវិធី អ្វីដែលលោកបានដឹងគឺមិនខុសទេ។ សូមអរគុណ!”។
បើតាមប្រភពដោយឡែកមួយទៀត ពីមន្រ្តីតុលាការខេត្តព្រះសីហនុ បានឲ្យដឹងថា អយ្យការនឹងកោះហៅលោកវរសេនីយ៍ត្រី អ៊ុក ផាន់ណារ៉េត នាយប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ៣ ក្រុងព្រះសីហនុ ឲ្យចូលបំភ្លឺនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ស្អែកនេះ។
សូមបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ រ័ត្ន គន្ធី ភេទប្រុស បានប្តឹងលោកវរសេនីយ៍ត្រី អ៊ុក ផាន់ណារ៉េត នាយប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ៣ ថាបានប្រើប្រាស់អំពើហិង្សា ដោយមានស្ថានភាពរបួសឈឺចុកចាប់ខ្លាំង ក្អកធ្លាក់ឈម ដោយពិនិត្យឃើញរបួសធ្ងន់ រហូតឈានដល់ធ្វើការវះកាត់ និងសម្រាកព្យាបាល តាមដានអស់រយៈពេលចូល១០ថ្ងៃ។
នេះបើយោងតាមពាក្យបណ្តឹងលេខ៩៣០ និងពាក្យបណ្តឹងលេខ៤៥១សល ព្រមទាំងលិខិតបញ្ជាក់របស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែល ទទួលបានកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះ។
ក្រោយទទួលបានដំណឹង បណ្តាញព័ត៌មាន យើងបានទំនាក់ទំនងទៅលោកមេប៉ុស្តិ៍ ប៉ុន្តែលោកថារវល់ ដោយរងចាំពេលក្រោយ។
គូសបញ្ជាក់ថា ករណីហិង្សានេះកើតឡើងកាលពីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២កន្លងទៅ នៅចំណុចក្រោយអនុវិទ្យាល័យ សម្តេចឪ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
