Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

លោក ទីវ តារារិទ្ធិ ចាប់ផ្តើមដំណើរជិះកង់ឆ្លងទ្វីបរៃអង្គាសថវិកាជួយកុមារកម្ពុជា

សៀមរាប៖ កម្មវិធីជិះកង់ដើម្បីកុមារកម្ពុជារបស់លោក ទីវ តារារិទ្ធិ បានចាប់ផ្តើមហើយ ដោយចេញដំណើរពីមន្ទីរពេទ្យកុមារអង្គរ បន្តទៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ។

លោក ទីវ តារារិទ្ធិ បានបង្ហាញអារម្មណ៍រីករាយ និងមានមោទនភាពក្នុងការចាប់ផ្តើមដំណើរជិះកង់ពីប្រទេសកម្ពុជា ទៅកាន់ទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយដល់ដំណើរការការព្យាបាលនៅមន្ទីរពេទ្យ២ នៅខេត្តសៀមរាប គឺមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាទី៣។ ក្នុងនាមជាអ្នកស្រឡាញ់ការជិះកង់តាំងពីឆ្នាំ២០១៧ និងបានធ្វើដំណើរស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា លោក ទីវ តារារិទ្ធិ បានរៀនសូត្រ និងឃើញតថភាពសង្គមជាច្រើននៅតំបន់ដាច់ស្រយាល ដែលមានភាពខ្វះខាតក្នុងជីវភាពរស់នៅ តំបន់ខ្លះខ្វះគ្រូពេទ្យ និងថ្នាំសង្កូវជាដើម។ ការណ៍នេះហើយ ដែលជំរុញទឹកចិត្តរបស់លោកក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ចង់បង្កើតកម្មវិធីមួយដែលអាចជួយដល់សង្គមបាន។

ឆ្នាំទៅមិញ យុវជន ទីវ តារារិទ្ធិ បានសម្រេចក្ដីស្រមៃលើកទី១របស់លោក ដោយបានបង្កើតកម្មវិធីជិះកង់ជុំវិញប្រទេសនៅតំបន់អាស៊ានចំនួន៩ប្រទេស ដោយបានរៃអង្គាសថវិកាប្រមាណ៦ម៉ឺនដុល្លារអាមេរិកជួយដល់មន្ទីរពេទ្យកុមារអង្គរ។ កម្មវិធីនៅពេលនោះ លោកត្រូវជិះកង់លើចម្ងាយផ្លូវប្រមាណ៩ពាន់គីឡូម៉ែត្រ និងប្រើរយៈពេល៣ខែ។ ចំណែកលើកទី២ទៅកាន់តំបន់អឺរ៉ុបនេះវិញ ជាការធ្វើដំណើរវែងឆ្ងាយ និងប្រើរយៈពេលពេញមួយឆ្នាំ ដោយឆ្លងកាត់ប្រទេសចំនួន២៥ លើចម្ងាយផ្លូវលើសពី២ម៉ឺនគីឡូម៉ែត្រ។ ប្រទេសដែលលោក ទីវ តារារិទ្ធិ នឹងឆ្លងកាត់មុនគេ គឺចេញពីកម្ពុជាឆ្លងចូលប្រទេសឡាវ ថៃ បន្តទៅបង់ក្លាដេស ប៉ាគីស្ថាន ឥណ្ឌា ចូលតំបន់អាស៊ីកណ្ដាល មជ្ឈឹមបូព៌ា និងរហូតដល់ទ្វីបអឺរ៉ុប។ ទៅដល់អឺរ៉ុប យុវជនរូបនេះរំពឹងថានឹងអាចជិះបានច្រើនប្រទេស ពិសេសគោលដៅទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងបទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មានមុនកម្មវិធីជិះកង់នៅមន្ទីរពេទ្យកុមារអង្គរ លោក ទីវ តារារិទ្ធី លើកឡើងដូច្នេះថា៖« ខ្ញុំគ្រាន់តែជាយុវជនខ្មែរម្នាក់ដែលស្រឡាញ់ការធ្វើដំណើរ មានក្ដីស្រម៉ៃ ហើយតំណាងឱ្យយុវជនខ្មែរ បានដាក់ទង់ជាតិកម្ពុជាធ្វើដំណើរទៅកន្លែងជាច្រើន ហើយកន្លងទៅមានការគាំទ្រពីសំណាក់ប្រជាជាតិអាស៊ានយើង ហើយឆ្នាំនេះខ្ញុំនៅតែមានមោទនភាពដែលតំណាងឱ្យយុវជនខ្មែរ នាំទង់ជាតិខ្មែរ ឆ្លងកាត់ប្រទេសជាច្រើន ហើយបង្ហាញឱ្យគេឃើញពីភាពខ្លាំងរបស់យើង ឱ្យគេឃើញពីភាពអស្ចារ្យថាយុវជនយើងគឺមានភាពខ្លាំង ហើយយកចិត្តទុកដាក់លើសង្គមទៀត»។ ក្រៅពីនេះ លោក ទីវ តារារិទ្ធិ ក៏រំពឹងថា លោកនឹងអាចធ្វើជាគម្រូភាពដល់យុវជនផ្សេងទៀតក្នុងការបង្កើត កម្មវិធីសប្បុរសធម៌ផ្សេងៗដើម្បីជួយសង្គម។ លោកចង់ឱ្យយុវជនជឿលើឆន្ទះរបស់ខ្លួនឯង ក្នុងការធ្វើអ្វីដើម្បីបុព្វហេតុសង្គមជាតិ។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា ប្រធានមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យ លោកវេជ្ជបណ្ឌិតពិតជារីករាយណាស់ ដែលលោក ទីវ តារារិទ្ធិ ធ្វើសម្រាប់សង្គមជាតិ ក៏ដូចជាបានរួមចំណែករកមូលនិធិជួយព្យាបាលកុមារខ្វះខាតនៅប្រទេសកម្ពុជា។ លោកបន្ថែមថា កិច្ចការងារដែលលោក ទីវ តារារិទ្ធិ កំពុងធ្វើនេះ ក៏កំពុងលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរក្នុងការគាំទ្រកម្មវិធីសប្បុរសធម៌ និងជាការផ្តួចផ្តើមជួយមន្ទីរពេទ្យ២ដែលកំពុងជួយព្យាបាលកុមារ ដោយឥតគិតថ្លៃ នោះគឺមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧។ ក្រៅពីនេះ លោក ងួនច័ន្ទភក្រ្តា យល់ថា គម្រូវីរៈភាពរបស់លោក ទីវ តារារិទ្ធិ ក៏កំពុងផ្សព្វផ្សាយ និងលើកស្ទួយកិត្យានុភាពរបស់ប្រទេសកម្ពុជា ទៅកាន់ឆាកអន្តរជាតិផងដែរ តាមរយៈការជិះកង់កាត់តាមប្រទេសជាច្រើន។

លោក ងួន ច័ន្ទភាក្រ្តា លើកឡើងដូច្នេះ៖« នេះលើកទី២ដែលជាបេសកម្មវែងឆ្ងាយ និងការលះបង់ខ្លាំង និងរំពឹងថា លោក ទីវ តារារិទ្ធិ នឹងរៃអង្គាសបានថវិកាច្រើន ដើម្បីជួយកុមារកម្ពុជា ហើយស្របពេលមន្ទីរពេទ្យកុមារអង្គរប្រារព្ធខួប២៥ឆ្នាំផង ដែលគាត់ចង់ចូលរួមអបអរខួបនេះដែរ ដើម្បីបរិច្ចាគជួយមន្ទីរពេទ្យ ជួយកុមារកម្ពុជា និងសង្ឃឹមថា ថវិកាទាំងនោះនឹងរួមចំណែកជួយកុមារជាច្រើនដែលកំពុងខ្វះខាត។ នេះជាការលះបង់ដ៏អស្ចារ្យមែនទែនសម្រាប់យុជន ក្នុងនាមថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមជូនពរលោក តារារិទ្ធិ ប្រកបដោយជោគជ័យ ហើយសុខភាពល្អ ធ្វើដំណើរទៅប្រកបដោយសុវត្ថិភាព ទាំងកំឡុងពេលបេសកកម្ម និងត្រឡប់មកវិញ»៕