Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

ក្មេងទំនើងដើរលេងមានបក្ខមានពួក កាន់កាំបិតដាវ ពេលសមត្ថកិច្ចចាប់សួរ ឆ្លើយថាដាក់ការពារខ្លួន

បន្ទាយមានជ័យ៖ ក្មេងទំនើងដើរលេងមានបក្ខមានពួក កាន់កាំបិតដាវ ពេលសមត្ថកិច្ចចាប់សួរ ឆ្លើយថាដាក់ការពារខ្លួន ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា៖ ជនសង្ស័យជាក្មេងទំនើងទាំងពីរនាក់នេះ ១.ឈ្មោះ អាត អយ(ហេង) ភេទប្រុស អាយុ១៩ឆ្នាំ ២.ឈ្មោះ ហ្វា ម៉ូស្លីម ភេទប្រុស អាយុ១៩ឆ្នាំ ទាំងពីរនាក់រស់នៅក្នុង ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី សុខ ឡេង បញ្ជាក់ថា៖ មុនឈានដល់ការបង្ក្រាបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចុះល្បាតក្នុងភូមិសាស្ត្រក្រុង ដល់ចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ប្រទះឃើញក្មេងទំនើងមួយក្រុម ដោយមានការសង្ស័យ កម្លាំងបានធ្វើការឆែកឆេរ រកឃើញមានកាំបិតកែច្នៃ ដងរុំស្កុតពណ៌ខ្មៅ ប្រវែងចំនួន៧២សង់ទីម៉ែត្រ ចំនួន០១ដើម។ ភ្លាមនោះកម្លាំងបានឃាត់ខ្លួនបានចំនួន០២នាក់ ព្រមទាំងចាប់យកវត្ថុតាងហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។

ក្រោយឃាត់ខ្លួន និងសួរចម្លើយ ក្មេងទំនើងទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទុកកាំបិតដើម្បីការពារខ្លួនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ជំនាញបានបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕