កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការបែងចែកតំបន់គ្រប់គ្រង តំបន់ការពារទេសភាពទំនាបទន្លេសាបខាងជើង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប
ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្ត ស្តីពីការបែងចែកតំបន់គ្រប់គ្រង តំបន់ការពារទេសភាពទំនាបទន្លេសាបខាងជើង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលបានរៀបចំឡើងនៅមន្ទីរបរិស្ថាន ខេត្តកំពង់ធំ ក្រោមការដឹកនាំ ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន និងមានការចូលរួមពីលោក ជា វ៉ាន់ចាន់ អភិបាលរង ខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរបរិស្ថាន មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរទន្លេសាប រដ្ឋបាលស្រុក និងឃុំ នៃខេត្តកំពង់ធំ សៀមរាប។

ដំណើរការកិច្ចប្រជុំបានពិនិត្យលើនីតិវិធីនៃការរៀបចំ និងកំណត់តំបន់ការពារទេសភាពទំនាបទន្លេសាបខាងជើង ក្នុងនោះសម្រាប់ខេត្តសៀមរាប មានស្រុកជីក្រែង ដែលមានតំបន់ការពារទេសភាពទំហំ ៤,៦៤៨ហិកតា ក្នុងភូមិសាស្ត្រឃុំល្វែងឬស្សី និងឃុំស្ពានត្នោត។
ជាលទ្ធផលនៃកិច្ចប្រជុំ អង្គប្រជុំបានធ្វើការបូកសរុបដូចខាងក្រោម៖
១- ការកំណត់តំបន់ការពារទេសភាពពុំមានផលប៉ះពាល់ ដល់លំនៅដ្ឋាននិងការអាស្រ័យផល របស់ប្រជាពលរដ្ឋ ដោយមានការចូលរួមវាស់វែងនិងកំណត់ព្រំប្រទល់ ពីអាជ្ញាធរភូមិ ឃុំ ស្រុក និងតំណាងប្រជាពលរដ្ឋមូលដ្ឋានផ្ទាល់។
២- កំណត់រយៈពេលមួយខែបន្ថែមទៀតសម្រាប់ធ្វើការទទួលនូវព័ត៌មាន និងធាតុចូលផ្សេងៗ ក្នុងការបូកសរុបចុងក្រោយ។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិនេះ គឺសម្រាប់រកធាតុចូលដើម្បីលើកជារបាយការណ៍ជូនថ្នាក់ដឹកនាំអន្តរកស្រួង និងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។
