កំពង់ឆ្នាំង៖ មន្ត្រីអង្គភាពចំនួន២ គឺមន្ត្រីសាលាខេត្តកំពង់ឆ្នាំង និងមន្ត្រីមន្ទីរហិរញ្ញវត្ថុខេត្ត ប្រមាណ ២០០នាក់ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ត្រូវបានធ្វើតេស្តស្វែងរកសារធាតុញៀន ដែលអនុវត្តដោយមន្ត្រីការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត។
លោក ហ៊ុល វាសនា ស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា ឆ្លងកាត់ការពិនិត្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃខេត្តកំពង់ឆ្នាំង ទាំង២០០នាក់ ជាលទ្ធផល គឺពុំរកឃើញមានសារធាតុញៀននោះទេ។
លោកបញ្ជាក់ថា ការអនុវត្តបែបនេះគឺតាមបទបញ្ជារបស់ស្នងការនគរបាលខេត្ត ដែលទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល ក្នុងការពិនិត្យដល់កម្លាំងក៏ដូចជាមន្ត្រីរាជការ ដើម្បីឲ្យប្រាកដថាគ្មានគ្រឿងញៀនក្នុងជួរមន្ត្រីរាជការ។ ផ្ទុយទៅវិញប្រសិនបើរកឃើញមន្ត្រីណាពាក់ព័ន្ធនឹងគ្រឿងញៀន គឺអនុវត្តតាមវិធានការរដ្ឋបាល ត្រូវបណ្ដេញចេញពីក្របខណ្ឌតែម្ដង។
សូមរំលឹកដែរថា បទល្មើសគ្រឿងញៀន នៅតែកើតមានឡើងនៅក្នុងខេត្តកំពង់ឆ្នាំង ព្រោះមន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀនតែងតែចាប់បានគ្រឿងញៀនជាញឹកញាប់គ្រាន់តែទ្រង់ទ្រាយតូចៗ តែប៉ុណ្ណោះ៕
