Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា ជាសក្ខីភាពមួយបង្ហាញពីស្នាមញញឹមនៃពលរដ្ឋកម្ពុជាយើង ទៅកាន់ពិភពលោក

សៀមរាប៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបង្ហាញថា ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា ជាសក្ខីភាពមួយដែលបង្ហាញពីស្នាមញញឹម នៃប្រជាពលរដ្ឋខ្មែរទៅកាន់ពិភពលោក ក៏ដូចជាសម្រស់ដ៏ស្រស់ត្រកាលនៃប្រាង្គប្រាសាទខ្មែរ ជាតំណាងនៃអារ្យធម៌ដ៏រុងរឿង របស់បុព្វបុរសខ្មែរដ៏សម្បូរបែប រួមទាំងទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយសីលធម៌សង្គម ដែលជានិមិត្តរូបនៃស្មារតីឯកភាពជាតិយូរអង្វែងបន្តពីដូនតាយើង។

សម្ដេច ម៉ែន សំអន ថាព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃគោលនយោបាយ និងទិសដៅនៃការទស្សនាខេត្តសៀមរាបឆ្នាំ២០២៤ ដែលបានដាក់ចេញដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីដើមឆ្នាំ២០២៤ ដើម្បីជម្រុញវិស័យទេសចរណ៍នៅខេត្តសៀមរាប ឲ្យងើបឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារជជំងឺកូវីដ-១៩។

សម្ដេចបានអំពាវនាវ សូមប្រើប្រាស់នូវកេរដំណែលអរិយធម៌ប្រកបដោយស្មារតី គោរពដឹងគុណ និងសីលធម៌ខ្ពស់ ជាទុនវិនិយោគប្រចាំថ្ងៃរបស់បងប្អូន ដើម្បីចងមិត្ត ចងចិត្តអតិថិជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាមួយភាពច្នៃប្រឌិត និងគុណភាពជាមួយតម្លៃសមរម្យ សម្រាប់មុខរបរទទួលទានរបស់បងប្អូន ដែលទាំងនេះជាគន្លឹះនៃនិរន្តរភាព ក៏ដូចជាការទាក់ទាញចិត្ត ភ្ញៀវទេសចរឱ្យបន្តចូលមកកម្សាន្ត នៅក្នុងប្រទេសយើងបន្តទៀត ដោយត្រូវគិតទាំងបរិមាណ និងគុណភាព។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” រៀបចំឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែសីហា ឆ្នាំ២០២៤នេះ ដែលជាព្រឹត្តិការណ៍ដ៏ធំថ្មីមួយសម្រាប់ខេត្តសៀមរាបទាំងមូល ដែលជាកត្តាជំរុញឱ្យមានកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមានបំណងចង់ចូលទស្សនា ក៏ដូចជាបានសិក្សាឈ្វេងយល់អំពីវប្បធម៌ ប្រពៃណីខ្មែរ អមជាមួយនឹងការផ្ដល់ឱកាសឱ្យភ្ញៀវទេសចរភ្លក់នូវរសជាតិម្ហូបខ្មែរដ៏ឈ្ងុយឆ្ងាញ់ និងស្នាមញញឹមរបស់ប្រជាពលរដ្ឋកម្ពុជា ពិសេសប្រជាជនក្នុងខេត្តសៀមរាបផងដែរ៕