កំពង់ឆ្នាំង៖ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការចែករំលែកបទពិសោធន៍មូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មានបែបសន្តិភាព នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ពេញ យ៉ាត បានជំរុញដល់អ្នកសារព័ត៌មានផ្សព្វផ្សាយឲ្យបានទូលំទូលាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងក្មេងទំនើង ខណៈសមិទ្ធផលនានាដែលបានកើតឡើងថ្មីៗក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលរយៈពេល ៩ខែជាងកន្លងទៅនេះ បានទទួលជោគជ័យដ៏ត្រចះត្រចង់ទាំងក្នុង និងក្រៅប្រទេស។
លោក ហ៊ឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានណែនាំដល់អ្នកសារព័ត៌មានសូមចូលរួមអនុវត្តវិជ្ជាជីវៈ និងក្រមសីលធម៌ឲ្យបានល្អប្រសើរ កាត់បន្ថយការចុះផ្សាយព័ត៌មានបែប ហិង្សា ញុះញ៉ង់ បញ្ឆេះកំហឹង ពិសេសបន្តចូលរួមអនុវត្តការផ្តល់ព័ត៌មាន ទាំងខ្លឹមសារអត្ថបទ និងរូបភាព បែបសន្តិភាព អហិង្សា ក្នុងស្មារតីធ្វើ អោយសង្គមជាតិកាន់តែទទួលបាន សុខសន្តិភាព និងការអភិវឌ្ឍន៍។
លោកស្រី ស្រី សុធាវី នាយិកាអង្គការ ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ក.ជ.ទ) បញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ មិនត្រឹមតែអាចពង្រឹងការអនុវត្តការងារ ប្រព័ន្ធផ្សព្វផ្សាយវិស័យព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសដល់មន្ត្រីផ្សព្វផ្សាយនៃមន្ទីរព័ត៌មាន អ្នកសារព័ត៌មាន បានយល់ដឹងបន្ថែមទៀតពី វិជ្ជាជីវៈ ក្រមសីលធម៌ និងសេរីភាពសារព័ត៌មាន ព្រមទាំងទទួលបានបទពិសោធន៍ និងបានពិភាក្សាគ្នាពីបញ្ហាប្រឈមនានាក្នុងពេលបំពេញការងារ របស់អ្នកសារព័ត៌មាន ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ។
សូមជម្រាបថា កិច្ចពិភាក្សាដ៏មានសារសំខាន់នេះ នឹងឆ្លើយតបយ៉ាងមានប្រសិទ្ធភាពខ្ពស់ នូវកំណែទម្រង់ស៊ីជម្រៅ ដែលរដ្ឋាភិបាល បានដាក់ចេញនៅក្នុងកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលតំរូវ អោយ ភាគីពាក់ព័ន្ធ ទាំងវិស័យឯកជន និងរដ្ឋ ពីកំរិតថ្នាក់ជាតិដល់មូលដ្ឋាន ពិសេសវិស័យព័ត៌មាន បន្តពង្រឹងគុណភាព សមត្ថភាព មន្ត្រីព័ត៌មាន អ្នកសារព័ត៌មានជាប្រចាំ។ អ្នកសារព័ត៌មានក៏ត្រូវចូលរួមយ៉ាងសកម្មក្នុងការផ្សាយព័ត៌មានពិត ដើម្បីប្រឆាំង និងព័ត៌មានក្លែងក្លាយដែលបច្ចុប្បន្នកំពុងតែកើតមានឡើងជាច្រើនលើបណ្ដាញសង្គម៕
