សៀមរាប៖ មន្ត្រីពាក់ព័ន្ធប្រមាណ ១០០នាក់ ដែលជាមន្ត្រីសាលាស្រុក សាលាឃុំទាំង៦ រួមនឹងកម្លាំងនគរបាល យុវជនស្ម័គ្រចិត្តមួយចំនួនទៀតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានទទួលការបណ្តុះបណ្តាលស្តីពី“ការត្រៀមខ្លួន ដើម្បីជួយសង្គ្រោះប្រជាជនក្នុងពេលមានគ្រោះទឹកជំនន់” ពីអ្នកជំនាញមកពីនាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្ននៃតំបន់ស្វយ័តក្វាងស៊ីជនជាតិជ័ង ប្រទេសចិន និងកងកម្លាំងមកពីកងពលធំអន្តរាគមន៍លេខ២ កម្ពុជា រួមជាមួយមូលនិធិចិន PEACELAND ។
លោកបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិនៃសមាគមមិត្តភាពកម្ពុជា-ចិន បានឲ្យដឹងថា ការរៀបចំការបណ្តុះបណ្តាលនេះឡើង មានគោលបំណងសំខាន់ចំនួន២ គឺទី១.បង្កើនកិច្ចសហប្រតិបត្តិការក្នុងការចែករំលែករវាងអ្នកជំនាញកម្ពុជា និងចិន នៃខេត្ត-ក្រុងសម្ព័ន្ធភាព លើការគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់។ ទី២.គឺជាការរួមចំណែកអបអរសាទរ ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជនកម្ពុជា និងប្រជាជនចិន ដើម្បីទាក់ទាញទេសចរចិនឱ្យកាន់តែច្រើនមកទស្សនាខេត្តសៀមរាប ស្របទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញសម្រាប់ឆ្នាំ២០២៤នេះ ជាឆ្នាំទស្សនាសៀមរាប។
លោកស្រី ស៊ុន យានណា (Sun Yanna) អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃមជ្ឈមណ្ឌលជាតិកាត់បន្ថយគ្រោះមហន្តរាយ បានបញ្ជាក់ថា ការបណ្តុះបណ្តាលនេះមានរយៈពេល២ថ្ងៃ ទាំងទ្រឹស្តី និងការអនុវត្ត ដោយទទួលបានការគាំទ្រពីរដ្ឋបាលខេត្តសៀមរាប ស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប សមាគមមិត្តភាពកម្ពុជា-ចិន មូលនិធិចិន PEACELAND និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។ កិច្ចការនេះដែរយើងនឹងបន្តសហការយ៉ាងរឹងមាំជាមួយក្រុមការងារនៅមូលដ្ឋានស្រុកបន្ទាយស្រី ដែលរួមមានកងកម្លាំងមកពីកងពលធំអន្តរាគមន៍លេខ២ ដែលជាកម្លាំងពោរពេញដោយជំនាញ និងបទពិសោធន៍ខ្ពស់លើការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីបង្កើននូវពុទ្ធិ និងចែករំលែកនូវបទពិសោន៍កាន់តែស៊ីជម្រៅបន្ថែមទៀតដល់អ្នកពាក់ព័ន្ធផងដែរ។
អគ្គកុងស៊ុលស្ថានទូតចិនប្រចាំខេត្តសៀមរាប លោក លូ ឈីជឺ (Lu Qizhi) បានវាយតម្លៃខ្ពស់ ចំពោះការបណ្តុះបណ្ដាលដែលរួមគ្នារៀបចំរវាងភាគីកម្ពុជា និងភាគីចិន ដើម្បីរួមចំណែកដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ឈានឆ្ពោះទៅសម្រេចបាននូវភាពជាដៃគូសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនៃសហគមន៍ជោគវាសនារួមចិន និងកម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី។ តាមរយៈសកម្មភាពនាថ្ងៃនេះ គឺជាដំណើរចាប់ផ្តើមកាន់តែប្រសើរ នៃកិច្ចសហការរវាងរដ្ឋបាលស្រុកបន្ទាយស្រី ជាមួយបណ្តាសង្គមស៊ីវិលនានារបស់ប្រទេសចិន ដើម្បីលើកតម្កើងពុទ្ធិ និងបទពិសោធន៍ការងារ គ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីមានលទ្ធភាពឆ្លើយតបទាន់ពេលវេលាជាមួយបញ្ហាចំពោះមុខ ហើយក៏ងាយស្រួលនៅក្នុងកិច្ចសហការជាមួយក្រុមការងារជំនាញគ្រប់គ្រងគ្រោះមហន្តរាយថែមទៀត។
ថ្លែងក្នុងនាមអាជ្ញាធរខេត្ត លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានមានប្រសាសន៍ថា សកម្មភាពនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់មន្ត្រី និងអ្នកពាក់ព័ន្ធនានាតាមមូលដ្ឋាន ដែលជាការអភិវឌ្ឍ និងលើកកម្ពស់បន្ថែមនូវមូលធនមនុស្សក្នុងមូលដ្ឋាន លើជំនាញគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់ ខណៈដែលស្រុកបន្ទាយស្រី តែងតែមានករណីគ្រោះទឹកជំនន់ស្ទើតែរៀងរាល់ឆ្នាំ។ ការបណ្តុះបណ្ដាលនេះដែរ ក៏បានចូលរួមចំណែកក្នុងការអនុវត្តតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងចូលរួមបង្កើនកិច្ចសហប្រតិបត្តិការឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជនកម្ពុជា និងប្រជាជនចិនថែមទៀតផង។ លោកសូមថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងបានចូលរួមជួយអភិវឌ្ឍប្រទេសកម្ពុជានិយាយរួម និងនិយាយដោយឡែកស្រុកបន្ទាយស្រី និងនៅទូទាំងខេត្តសៀមរាប។ ហើយតាមរយៈនេះ លោកក៏បានបង្ហាញការស្វាគមន៍ដល់សង្គមស៊ីវិលនានារបស់ប្រទេសចិន ក្នុងការចូលរួមដល់កិច្ចការមនុស្សធម៌ និងសប្បុរសធម៌នានានៅក្នុងស្រុកទាំងមូលផងដែរ៕
